មន្ត្រីប៉ូលីសដែលត្រូវបានគេឃើញក្នុងវីដេអូថាបានដាក់ជង្គង់សង្កត់លើកញ្ចឹងកបុរសស្បែកខ្មៅជាប់ខ្នោះគឺលោក George Floyd ត្រូវបានចាប់ខ្លួនកាលពីថ្ងៃសុក្រ និងត្រូវបានចោទប្រកាន់ពីបទឃាតកម្ម ក្នុងករណីដែលបង្កឱ្យមានការតវ៉ានៅទូទាំងសហរដ្ឋអាមេរិកនិងមានអំពើហឹង្សានៅទីក្រុង Minneapolis។ លោក George Floyd បានស្លាប់នៅពេលការឃុំឃាំងបន្ទាប់ពីបានស្រែកអង្វរថាលោកមិនអាចដកដង្ហើមបាន។
លោក Mike Freeman មេធាវីប្រចាំតំបន់ Hennepin បាននិយាយថាលោកប៉ូលីស Derek Chauvin ត្រូវបានចោទប្រកាន់ពីបទឃាតកម្មកម្រិត ៣ ។ លោក Freeman មិនបានផ្តល់ព័ត៌មានលម្អិតភ្លាមៗទេ ប៉ុន្តែបាននិយាយថាបណ្តឹងព្រហ្មទណ្ឌនឹងត្រូវធ្វើឡើងនៅថ្ងៃសុក្រ ហើយថាការចោទប្រកាន់អាចធ្វើទៅបាន។
នៅក្នុងវីដេអូលោកប៉ូលីស Derek Chauvin ត្រូវបានគេមើលឃើញថា បានដាក់ជង្គង់សង្កត់លើកញ្ចឹងករបស់ លោក Floyd នៅពេលលោកFloyd កំពុងនៅក្រាបលើដី។ លោកចាប់ផ្តើមឈប់កម្រើកបន្តិចម្តងៗ នៅពេលដែល លោកប៉ូលីស Derek Chauvinនិងមន្ត្រីប៉ូលីសបីនាក់ផ្សេងទៀតមិនអើពើនឹងការស្រែករបស់អ្នកឈរមើលជិតខាងឲ្យឈប់សង្កាត់លោក Floyd។ លោកមេធាវី Freeman បាននិយាយថា ការស៊ើប
អង្កេតនៅតែបន្តទៅលើមន្ត្រី៣នាក់ផ្សេងទៀតនេះ ប៉ុន្តែអាជ្ញាធរ «យល់ថាវាសមហេតុផលដែលផ្តោតលើជនល្មើសដែលមានគ្រោះថ្នាក់បំផុតសិន»។
បាតុកម្មតវ៉ានៅទីក្រុង Minneapolis បានរីករាលដាលរហូតដល់មានអំពើហឹង្សាកាលពីថ្ងៃព្រហស្បតិ៍នៅពេលក្រុមបាតុករបានដុតប៉ុស្ត៍ប៉ូលីសដែលមន្ត្រីប៉ូលីសបានរត់ចោល។
លោក Freeman បានថ្លែងថា៖ «ខ្ញុំមិនមែនមិនដឹងថាមានរឿងអ្វីបានកើតឡើងនៅតាមដងផ្លូវទេ។ មានអ្នកមកធ្វើបាតុកម្មនៅមុខផ្ទះរបស់ខ្ញុំយ៉ាងទៀងទាត់។
មន្ត្រីប៉ូលីសទាំងបួននាក់ដែលនៅកន្លែងនៃការស្លាប់របស់ Floyd ត្រូវបានបណ្តេញ
ចេញពីដំណែងនៅថ្ងៃបន្ទាប់ពីការស្លាប់របស់លោក Floyd។ បន្ទាប់ពីការចោទប្រកាន់ត្រូវបានប្រកាស ក្រុមអ្នកតវ៉ានៅខាងក្រៅមជ្ឈមណ្ឌលរដ្ឋាភិបាលបានស្រែកថា៖ « អ្នកទាំងបួនត្រូវតែទៅឲ្យបាត់»។
ព័ត៌មានអំពីការចាប់ខ្លួននេះបានកើតឡើងភ្លាមៗ បន្ទាប់ពីអភិបាលរដ្ឋ Minnesota លោក Tim Walzបានទទួលស្គាល់ «ការបរាជ័យដ៏គួរឱ្យស្អប់ខ្ពើម» នៃការឆ្លើយតបចំពោះការតវ៉ានិងបានអំពាវនាវរកយុត្តិធម៌ជាបន្ទាន់អោយមន្ត្រីពាក់ព័ន្ធ។ លោកអភិបាល Tim Walz បាននិយាយថា រដ្ឋនឹងទទួលខុសត្រូវនិងធ្វើការឆ្លើយតបចំពោះអំពើហឹង្សា ហើយថាវាដល់ពេលដែលត្រូវផ្តល់ការគោរពនិងសេចក្តីថ្លៃថ្នូរដល់អ្នកដែលកំពុងរងគ្រោះ។
«ទីក្រុងMinneapolis និងទីក្រុង St. Paul កំពុងឆេះ។ ភ្លើងនៅតែឆេះនៅតាមដងផ្លូវរបស់យើង ហើយផេះទាំងនេះគឺជានិមិត្តរូបនៃការឈឺចាប់រាប់ទសវត្សនិងរាប់ជំនាន់នៃការឈឺចាប់ដែលមិនធ្លាប់បានទទួលដឹងឮ” ។ ឥឡូវនេះ ការឈឺចាប់ជាច្រើន ជំនាន់នេះ កំពុងបង្ហាញខ្លួននៅចំពោះមុខពិភពលោក ហើយពិភពលោកក៏កំពុងតាមដានមើលដែរ។
ការអត្ថាធិប្បាយរបស់លោកអភិបាល Tim Walz បានកើតឡើងនៅព្រឹកបន្ទាប់ពីក្រុមអ្នកតវ៉ាបានដុត ប៉ុស្ត៍ប៉ូលីសដែលមន្ត្រីនានាបានបោះបង់ចោលក្នុងអំឡុងពេលយប់ទីបីនៃអំពើហឹង្សា។ ខ្សែវីដេអូផ្សាយផ្ទាល់បានបង្ហាញពីក្រុមអ្នកតវ៉ាចូលទៅក្នុងអគារហើយភ្លើងដែលត្រូវបានចញ្ចេះឡើងបានបើកដំណើរការឧបករណ៍ប្រកាសអាសន្ននិងឧបករណ៍បាញ់ទឹក។
លោកប្រធានាធិបតី ដូណាល់ ត្រាំ បានគំរាមចាត់វិធានការតាមសារធ្វីតថឺថា៖ « បើមានការលួចប្លន់ចាប់ផ្តើម ការបាញ់ប្រហារនឹងចាប់ផ្តើម»។ ហើយសារនេះបានធ្វើឲ្យវិបសាយធ្វីតថឺដាក់ការព្រមានថាជាសារដែល «បង្កអំពើហិង្សា»។