ក្រសួងធម្មការ និងសាសនា បានចេញសារាចរជាលើកដំបូងមួយស្តីពីការរៀបចំអាសនៈថ្វាយប្រគេនព្រះសង្ឃក្នុងពិធីសាសនា និងពិធីផ្លូវការរបស់រដ្ឋ ដើម្បីឲ្យមានការប្រណិប័ត៍ស្របតាមរដ្ឋធម្មនុញ្ញដែលបានចែងថា«ព្រះពុទ្ធសាសនាជាសាសនារបស់រដ្ឋ»។ នេះបើតាមការលើកឡើងរបស់មន្រ្តីជាន់ខ្ពស់ក្រសងធម្មការ និងសាសនា។
លោក សេង សុមុនី អ្នកនាំពាក្យក្រសួងធម្មការ និងសាសនា ប្រាប់ VOA នារសៀលថ្ងៃសុក្រនេះថា សារាចរនេះត្រូវបានបង្កើតឡើង បន្ទាប់ពីការប្រណិប័តន៍គោរពព្រះសង្ឃរបស់ប្រជាពលរដ្ឋក្នុងពេលកន្លងមក តែងមានភាពមិនស្របគ្នា ជាហេតុធ្វើឲ្យការរៀបចំកន្លែងខ្លះមានការខ្វះចន្លោះ និងពិបាកក្នុងការអនុវត្ត។ លោកបន្ថែមថា សារាចរនេះមានគោលបំណងលើកកម្ពស់សេចក្តីថ្លៃថ្នូរកិត្យានុភាពនៃព្រះពុទ្ធសាសនាស្របតាមរដ្ឋធម្មនុញ្ញរបស់កម្ពុជា ដែលចែងថា «ព្រះពុទ្ធសាសនា ជាសាសនារបស់រដ្ឋ» និងដើម្បីលើកតម្កើងការគោរពប្រណិប័តន៍ចំពោះព្រះសង្ឃក្នុងព្រះពុទ្ធសាសនា។ លោកបន្ថែមថា សារាចរនេះសម្រាប់តែផ្សព្វផ្សាយដើម្បីជាបទដ្ឋានក្នុងការប្រណិប័តន៍ព្រះសង្ឃក្នុងព្រះពុទ្ធសាសនាប៉ុណ្ណោះ មិនមានការចាប់បង្ខំឲ្យអនុវត្តនោះទេ។
លោកមានប្រសាសន៍ថា៖
«តាមរបៀបព្រះពុទ្ធសាសនា គឺយើងមិនដាក់ទោសទណ្ឌក្នុងជីវិតជនយ៉ាងនេះយ៉ាងនោះ យ៉ាងនោះទេគឺថា សូមឲ្យមានការអប់រំស្មារតី។ ពេលណាគាត់ទទួលយកការអប់រំ គាត់នឹងផ្សព្វផ្សាយបន្ត ហើយជំរុញការផ្សព្វផ្សាយរហូតដល់មានការអនុវត្តទូទាំងប្រទេសទាំងអស់គ្នា»។
សារាចរណែនាំដែលចេញដោយក្រសួងធម្មការ និងសាសនា កាលពីថ្ងៃទី១៤ ខែកុម្ភៈកន្លងទៅ ធ្វើឡើងដោយយោងលើអនុសាសន៍របស់លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន ដែលបានថ្លែងក្នុងកិច្ចប្រជុំគណៈរដ្ឋមន្រ្តី កាលពីថ្ងៃទី២ ខែកុម្ភៈ ស្តីពីការរៀបចំអាសនៈប្រគេនព្រះសង្ឃគង់នៅឲ្យបានខ្ពស់ជាងឧបាសក ឧបាសិកា ឬគ្រហស្ថធម្មតានៅគ្រប់កម្មវិធីទាំងអស់ដែលមានព្រះសង្ឃនិមន្តចូលរួម។
ក្នុងសារាចរដដែលក្រសួងធម្មការ និងសាសនាក៏បានណែនាំឱ្យមានការរៀបចំអាសនៈថ្វាយ ប្រគេនព្រះសង្ឃ។ ក្រសួងបានណែនាំក្នុងសារាចរនោះឲ្យរៀបចំអាសនៈព្រះសង្ឃឲ្យបានសមរម្យ ដោយត្រូវធ្វើឲ្យខ្ពស់ជាងគ្រហស្ថជានិច្ច បើទោះបីអាសនៈនោះក្រាលដោយកន្ទេល ភួយ ព្រំចៀម និងក្រមាក៏ដោយ។ សម្រាប់ពិធីផ្លូវការរបស់រដ្ឋ ឬក្នុងពិធីសាសនាមានបុណ្យទានធំៗ អាសនៈគង់របស់ព្រះសង្ឃត្រូវរៀបចំឲ្យបានខ្ពស់ជាងកន្លែងអង្គុយរបស់គ្រហស្ថ និងភ្ញៀវទាំងអស់ យ៉ាងតិច២តឹក។ ក្នុងករណីពិធីនោះត្រូវរៀបចំនៅទីកន្លែងដែលមានអាសនៈចាប់ភ្ជាប់រួចជាស្រេច ហើយដែលមិនអាចលើក ឬរុះរើបាន អាសនៈសម្រាប់ព្រះសង្ឃគង់ត្រូវបែងចែកឲ្យដាច់ដោយឡែកពីគ្រហស្ថ។
សារាចរនោះបន្ថែមថា នៅពេលដែលគ្រហស្ថសំពះ ព្រះសង្ឃមិនត្រូវលើកព្រះហស្ថសំពះតបវិញទេ ដោយគ្រាន់តែសម្តែងអាការៈបន្ទន់ព្រះកាយបន្តិចជាការសមគួរ ដើម្បីឲ្យស្របទៅនឹងប្រពៃណី ទំនៀមទម្លាប់ព្រះពុទ្ធសាសនាផង និងព្រះវិន័យបញ្ញត្តិផង។ ក្នុងពិធីរាប់បាត្រ ឬពិធីប្រគេនទេយ្យទានផ្សេងៗចំពោះព្រះសង្ឃ ឧបាសក ឧបាសិកា ឬគ្រហស្ថត្រូវដោះទ្រនាប់ជើងជាដរាប ដើម្បីសម្តែងការគោរពចំពោះព្រះសង្ឃដែលជាឧត្តមភេទ។
ព្រះអង្គសឹម សោន សាស្រ្តាចារ្យផ្នែកភាសាបាលីនៃសាលាពុទ្ធិកបឋមសិក្សាខណ្ឌពោធិសែនជ័យ មានសង្ឃដីកាថា សារាចរណែនាំនេះមានការខ្វះខាតច្រើនដែលចាំបាច់ត្រូវសិក្សាបន្ថែម និងចែងឲ្យបានច្បាស់ ដូចជាការឈររាប់បាត្រនៅកន្លែងក្តៅខ្លាំង គ្រហស្ថមិនអាចដោះទ្រនាប់ជើងបានជាដើម។ ព្រះអង្គបន្ថែមថា មានចំណុចជាច្រើនដែលការអនុវត្តរបស់គ្រហស្ថ និងការអនុវត្តរបស់ព្រះសង្ឃក្នុងពេលកន្លងមក មានភាពមិនត្រឹមត្រូវ ដែលចាំបាច់ត្រូវមានតាមដានដើម្បីឲ្យការអនុវត្តមានប្រសិទ្ធភាពពិតប្រាកដ។
ព្រះអង្គមានសង្ឃដីកាថា៖
«សារាចរហ្នឹងណែនាំមកភ្លាម ការអនុវត្តហ្នឹងមិនងាយទេ។ ហើយមួយទៀតចាំទុកថា ទម្លាប់នេះមិនមែនកើតឡើងឥឡូវនេះទេ គឺកើតឡើងយូរណាស់មកហើយ។ ទម្លាប់ដែលយើងខុស អាត្មាចង់និយាយថា ទម្លាប់ខុស មុននឹងឲ្យត្រឹមត្រូវល្អ ទាល់តែសារាចរណែនាំហ្នឹងហើយ ទាល់តែកែលម្អ ទាល់តែតាមដានទៀត ថាតើការរៀបចំហ្នឹងយ៉ាងម៉េចៗខ្លះ? ករណីដែលលើកមកទាំងប៉ុន្មាននេះ អាត្មាបញ្ជាក់ឡើងវិញ មានចំណុចខ្លះអាត្មាគាំទ្រ តែក៏មានចំណុចខ្លះក៏ត្រូវតែកែលម្អ ត្រូវតែធ្វើឡើងវិញទៀតដែរ»។
សាស្រ្តាចារ្យផ្នែកភាសាបាលីនេះមានសង្ឃដីកាបន្ថែមយ៉ាងដូច្នេះ៖
«អាត្មាអង្កេតមើលនៅក្នុងសង្គម ជាពិសេសឲ្យតែលោកអ្នកសិក្សារៀនសូត្រចេះដឹងច្បាប់ ចេះដឹងធម៌ ចេះដឹងវិន័យពិតប្រាកដ លោកអត់ទៅសំពះគ្រហស្ថទេ។ ប៉ុន្តែមានមួយចំនួន មួយចំនួនហ្នឹងមិនមែនថ្នាក់ទាបទេ មួយចំនួនហ្នឹងថ្នាក់ខ្ពស់ទៅទៀត ហ្នឹងហើយដែលខុស ចំណុចទាំងអស់ហ្នឹងគឺខុស។ តែបើច្បាប់ចែងមកថា បែបហ្នឹង សូមធ្វើឲ្យបាន កុំឲ្យចែងមកគ្រាន់តែឲ្យល្អមើល កុំឲ្យចែងមកគ្រាន់តែយកប្រជាប្រិយភាពមុនពេលបោះឆ្នោតតែប៉ុណ្ណឹង»។
កន្លងមកគេសង្កេតឃើញថា ព្រះសង្ឃមួយចំនួននៅកម្ពុជាបានលើកព្រះហស្តសំពះទៅគ្រហស្ថវិញ ដែលភាគច្រើននៃគ្រហស្ថទាំងនោះគឺជាអ្នកមានអំណាច និងតួនាទីធំៗក្នុងជួររដ្ឋាភិបាល។ ចំណែកការគោរពប្រណិប័តន៍ព្រះសង្ឃរបស់ពុទ្ធសាសនិកមួយចំនួននៅកម្ពុជា ក៏ហាក់មិនទាន់មានភាពត្រឹមត្រូវ ដោយក្នុងនោះគេមើលឃើញថា ការរៀបចំកន្លែងខ្លះ គ្រហស្ថអង្គុយលើកៅអីខ្ពស់ជាងអាសនៈព្រះសង្ឃគង់ក៏មាន៕