រដ្ឋមន្ត្រីក្រសួង​សាធារណការ៖ ផ្លូវ​ល្បឿន​លឿន​ភ្នំពេញ​-​បាវិត នឹង​បើក​ការ​ដ្ឋាន​​​​សាង​សង់ នាដើម​ខែ​មិថុនា

រូបភាព​ពី​ក្រសួង​សាធារណការ​និង​ដឹក​ជញ្ជូន​បង្ហាញ​ការសាងសង់​ផ្លូវល្បឿនលឿន​ភ្នំពេញ​បាវិត។

រដ្ឋ​មន្ត្រី​ក្រសួង​សាធារណការ​និង​ដឹកជញ្ជូន លោក ស៊ុន ចាន់​ថុល បាន​ឱ្យដឹង​ថា​ ​ផ្លូវ​ល្បឿន​លឿន​ភ្នំពេញ​-​បាវិត នឹង​បើក​ការ​ដ្ឋានសាង​សង់​នា​ដើម​ខែ​មិថុនា​ខាង​មុខ ដោយ​ក្រុម​ហ៊ុន​សាជីវ​កម្ម​ស្ពាននិង​ថ្នល់​ចិន CRBC ដែល​ជា​ក្រុម​ហ៊ុន​ស្ថាបនា​ផ្លូវ​ល្បឿន​លឿន​ពី​ភ្នំពេញ​ទៅ​ខេត្ត​ព្រះសីហនុ។

​ផ្លូវ​ល្បឿន​លឿន​ទីពីរ​ក្នុង​ប្រទេស​កម្ពុជា ដែល​មាន​ប្រវែង​ប្រមាណ​ ១៣៥​គីឡូ​ម៉ែត្រ ពី​ភ្នំពេញ​ទៅ​កាន់​ព្រំដែន​ប្រទេស​វៀត​ណាម​នេះ គ្រោង​ចំណាយ​ទឹក​ប្រាក់​ ១.៤០០​លាន​ដុល្លារ​អាមេរិក​។ នៅ​ក្នុងពិធីសម្ពោធ​បើក​ឱ្យ​ប្រើ​ប្រាស់ជា​ផ្លូវការ​មណ្ឌល​ត្រួត​ពិនិត្យ​លក្ខណៈ​បច្ចេក​ទេស​(ឆៀក) ​យានយន្ត​សាខា​សំរោង​អណ្តែត ​នៅថ្ងៃទី​២១ ខែមេសា ២០២៣​ លោក ​ស៊ុន ចាន់ថុល ​ទេស​រដ្ឋ​មន្ត្រី ​រដ្ឋ​មន្ត្រី​ក្រសួង​សារ​ធារណការ​និង​ដឹកជញ្ជូ​ន ​បាន​ឱ្យដឹងថា ផ្លូវ​ល្បឿន​លឿន​ភ្នំពេញ-បាវិត ​នឹង​បើក​ការ​ដ្ឋាននៅ​ថ្ងៃ​ទី​៧ ​ខែមិ​ថុនា ​ដែល​គ្រោង​ចំណាយ​ទឹក​ប្រាក់​ ១.៤​០០​លាន​ដុល្លារ​អាមេរិក ​ដោយ​ក្រុម​ហ៊ុនសាជីវ​កម្ម​ស្ពាន​និង​ថ្នល់​ចិនCRBC។ ​

លោក​ថ្លែងថា​៖ ​«​អានេះច្បាស់​ហើយ ព្រោះ​លោក[​នាយករដ្ឋមន្ត្រី​ ហ៊ុន សែន​ ចារថ្ងៃ៧ ខែ​៦​នឹ​ង​បើក​ការ​ដ្ឋាន​សាង​សងផ្លូវ​ល្បឿន​លឿន​ភ្នំពេញ​ទៅបាវិត​។ អា​នេះ​ផ្លូវ​ទី២ របស់​យើង​ហើយ​។ ជា​មោទនភាព​ជាតិ​យើង ដែល​មាន​ផ្លូវ​ល្បឿន​លឿន​ទី១​ហើយ ​ឥឡូវ​ដោយ​សារ​អ្នក​វិនិ​យោគ គេ​ទុក​ចិត្ត​លើ​រាជ​រដ្ឋាភិបា​ល​ ក្រោម​ការ​ដឹក​នាំ​ដ៏ឈ្លាស​វៃរបស់​សម្តេចអគ្គ​មហា​សេនា​បតី​តេ​ជោ​ ហ៊ុន សែន ​គេ​យ​ក​លុយ​គេ​ ១​ពាន់​៤​រយ​លាន​ [១៤០០​លាន​ដុល្លារ​អាមេ​រិក​] ​មក​ដាក់​ទុន​នៅ​កម្ពុជា​ទៀត។ យក​លុយ​ដុំ​ដាក់​វិនិយោគ យកលុយ​រាយ​វិញ​»។

​កាល​ពី​ថ្ងៃទី១០ ខែវិច្ឆិកា ឆ្នាំ២០២២ លោក ស៊ុន ចាន់ថុល ​បាន​ចុះ​កិច្ចព្រម​ព្រៀង​ក្រប​ខ័ណ្ឌ​ ជាមួយ​ ក្រុមហ៊ុន​សាជីវ​កម្មស្ពាននិង​ថ្នល់​ចិន​ CRBC ដើម្បី​ឈាន​ទៅ​ចរចា​បញ្ចប់​កិច្ច​ព្រម​ព្រៀង​សម្ប​ទាន​វិនិ​យោគ ​ផ្លូវ​ល្បឿន​លឿន​តភ្ជាប់​ពី​ភ្នំពេញ-​បាវិត​។ ផ្លូវ​នេះ​គ្រោង​បញ្ចប់​ការ​សាង​សង់​នៅ​ចុង​ឆ្នាំ​២០២៦ ឬ​ដើមឆ្នាំ​២០​២៧។

​ផ្លូវ​ល្បឿន​លឿន​ភ្នំពេញ​-បាវិត (Phnom Penh-Bavet Expressway) គឺជា​គម្រោង​ផ្លូវ​ល្បឿន​លឿន​ទីពីរ​ហើយ​ក្នុង​ប្រទេស​កម្ពុជា បន្ទាប់​ផ្លូវ​ល្បឿន​លឿន​ភ្នំពេញ​ក្រុង​ព្រះសីហនុ ខណៈ​ផ្លូវ​នេះ គឺ​ជា​ផ្លូវ​ថ្មី​ទាំង​ស្រុង ដែលត្រូវសាង​សង់​ជា ​៤​គន្លង និង​តួ​ផ្លូវ​មាន​ទទឹង​ ២៥,៥​ម៉ែត្រ។ ​ផ្លូវ​មួយ​ខ្សែនេះ​ នឹង​ចាប់​ផ្ដើម​ចេញ​ពី​ភ្នំពេញ​នៅ​ចំណុច​ផ្លូវ​ក្រវាត់​ក្រុង​ទី៣ កាត់​តាម​ខេត្ត​កណ្តាល ខេត្ត​ព្រៃវែង និងខេត្ត​ស្វាយ​រៀង ឆ្ពោះ​ទៅ​ក្រុង​បាវិត ​ព្រំដែន​កម្ពុជា-វៀត​ណាម។ ​

បើ​តាម​ការ​ចុះផ្សាយ​របស់​ក្រសួង​ព័ត៌​មាន​ ​លោក ស៊ុន ចាន់ថុល ​ធ្លាប់​បាន​លើក​ឡើង​ថា ​ផ្លូវ​ល្បឿន​លឿន​ត​ភ្ជាប់​ពី​ភ្នំពេញ-​បាវិត​នេះ មាន​សារៈ​សំខាន់​ណាស់ ក្នុង​ការ​ត​ភ្ជាប់​ពីប្រទេស​ចិន មក​ភូមា មក​ប្រទេស​ថៃ មក​កម្ពុជា និង​ទៅ​វៀត​ណាម ដើម្បី​ផ្តល់​ភាព​ងាយ​សម្រួល​ក្នុង​ការ​ដឹកជញ្ជូន​ទំនិញ និង​ការ​ធ្វើ​ដំណើរ។

លោក ស៊ុន ចាន់ថុល រដ្ឋមន្ត្រី​ក្រសួង​សាធារណការ​និងដឹកជញ្ជូន។


​លោក ស៊ុន ចាន់ថុល ក៏​បាន​ថ្លែង​នៅ​ថ្ងៃ​សុក្រ​នេះ​ថា ការ​ស្ថាបនា​ផ្លូវ​ល្បឿន​លឿន​នេះ​ អាច​នឹងប៉ះ​ផ្ទះ​របស់​ប្រជា​ពល​រដ្ឋ​មួយ​ចំនួន​ ​ប៉ុន្តែក្រសួង​នឹងខិត​ខំបញ្ចៀស​ និ​ង​ដោះ​ស្រាយ​សំណងទៅ​តាមនីតិ​វិធី​របស់​ក្រសួង​សេដ្ឋ​កិច្ច និង​ហិរញ្ញ​វត្ថុ​។

លោក​បញ្ជាក់​ថា៖ ​«តា​យើង​ធ្វើផ្លូវ​ហើយ​ តែង​តែ​ប៉ះ​ផ្ទះ​ប្រជា​ពល​រដ្ឋ​ ប៉ុន្តែ​ក្នុង​ពេល​សិក្សា​នេះ​ យើងតែង​តែ​ប្រឹង​ប្រែង​បញ្ចៀស​ឱ្យ​ផុត​ឱ្យ​បាន​ច្រើន​ក្នុង​ការ​ប៉ះ​ពាល់​ទៅ​ដល់​លំនៅ​ដ្ឋាន​ បង​ប្អូន​ប្រជា​ពល​រដ្ឋ​យើង។ ក្នុង​ករណី​ចៀស​មិន​បាន​ [បើ​]ត្រូវ​មាន​ការ​ប៉ះពាល់ ត្រូវតែ​រើ​ចេញ គឺ​គណៈ​កម្មាការ​ដោះ​ស្រាយ​គោល​នយោ​បាយ​ ដឹក​នាំ​ដោយ​ក្រសួង​សេដ្ឋកិច្ច ហិរញ្ញវត្ថុ​ លោក​នឹង​រៀប​ចំ​នីតិវិធី បង់​ថ្លៃ​ជូន​ទៅ​តាម​នីតិ​វិធី​របស់​ក្រសួង​សេដ្ឋ​កិច្ច​ ហិរញ្ញវត្ថុ​ មិន​មែន​ចេះ​តែ​យក​ដី​របស់​បងប្អូន​ប្រជាពលរដ្ឋ ដោយ​មិន​បាន​បង់​ថ្លៃ​ជូន​គាត់​ទេ»។

​នាយក​ប្រតិបត្តិ​សម្ព័ន្ធ​គណនេយ្យ​ភាព​សង្គម​កម្ពុជា ​លោក​ សន ជ័យ ចង់​ឃើញការ​ផ្តល់​ព័ត៌មាន​ និង​ដោះ​ស្រាយ​ផល​ប៉ះ​ពាល់ប្រកប​ដោយតម្លា​ភាព ព្រោះ​លោក​ថា​ផ្លូវ​ល្បឿន​លឿ​ន​ភ្នំពេញ-ព្រះសីហនុ គឺ​ជា​មេរៀន​មួយ ដែល​បង្ហាញ​ឱ្យ​ឃើញថា ពលរដ្ឋ​ខ្លះ​សប្បាយ​ចិត្ត និងពលរដ្ឋ​ខ្លះ​មិន​សប្បាយ​ចិត្ត ​ដោយ​ហេតុ​ពួក​គេរង​ផល​ប៉ះ​ពាល់ ដោយ​សារ​ការមិន​ទទួល​បាន​ព័ត៌មាន​គ្រប់ជ្រុង​ជ្រោយ​អំពី​ការ​វិនិ​យោគ​នោះ។

​លោក​ថ្លែង​ថា​៖ ​«​ទាំង​អាជ្ញាធរ​ ទាំង​ដៃគូ ពាក់ព័ន្ធ​ទាំងអស់​ ជាពិសេស​ក្រុមហ៊ុន ដែល​វិនិយោគ​ត្រូវ​មានការ​ផ្តល់នូវ​ព័ត៌​មាន​បែប​តម្លាភាព​ជាមួយ​ប្រជាពលរដ្ឋ​ ដើម្បីកុំ​ឱ្យ​ព័ត៌មាន​ទាំង​ឡាយ​មាន​ការ​ខ្វះចន្លោះ ព្រោះ​យើង​ដឹង​ហើយ​ថា រាល់​ការ​អភិវឌ្ឍ​តែង​តែ​មាន​ផល​ប៉ះ​ពាល់​ អ៊ីចឹង​ការ​ដោះស្រាយ​ត្រូវ​ធ្វើ​ឡើង​ដោយ​មាន​តម្លា​ភាព ហើយ​ឆ្លើយ​តប​ជាមួយ​នឹង​អ្វី​ដែល​ជា​ផល​ប៉ះពាល់​ពិត​ប្រាកដ មាន​ផល​ប៉ះ​ពាល់​តិច និងផល​ប៉ះ​ពាល់​ធ្ងន់​ធ្ងរ​ដល់​ផល​ប្រយោជន៍រ​បស់​ប្រជាពលរដ្ឋ»។

ក្រុម​ហ៊ុន​សាជីវ​កម្ម​ស្ពាន​ថ្នល់ចិន CRBC ជា​ក្រុមហ៊ុនសាង​សង់​ផ្លូវ​ល្បឿន​លឿន​ភ្នំពេញ-ក្រុង​ព្រះ​សីហនុ ក្រោម​រូប​ភាព​វិនិ​យោគ ​«សាង​សង់-​ប្រតិបត្តិការ-​ផ្ទេរ» (BOT: Build-Operate-Transfer) ​ជាមួយ​រយៈ​ពេល​វិនិ​យោគ​ចំនួន​ ៥០​ឆ្នាំ។

ក្រុម​ហ៊ុន​សាជីវ​កម្ម​ស្ពាន​ថ្នល់​ចិន ​CR​BC ​ក៏​បាន​សិក្សា​គម្រោងលើក​កម្រិត​ផ្លូវ​រថ​ភ្លើង​ភាគ​ខាង​ជើង ​ភ្នំពេញ-ប៉ោយប៉ែត ​ឱ្យ​ទៅ​ជា​ផ្លូវ​រថភ្លើង​ល្បឿន​លឿន​ដំបូង​គេ​បំផុត​នៅ​កម្ពុជា​។ នេះបើ​តាម​ព័ត៌មាន​ដែល​ក្រសួង​សាធារណការ និង​ដឹកជញ្ជូន​ បង្ហោះ​លើ​ទំព័រ​ហ្វេសប៊ុក​របស់​ខ្លួន កាល​ពី​ខែ​មករា ឆ្នាំ២០២៣។

ក្រុម​ហ៊ុន​សាជីវ​កម្ម​ស្ពាន​ថ្នល់​ចិន​ CR​BC ​ក៏​កំពុង​សិក្សា​ការ​ស្ថាបនា​ផ្លូវ​ល្បឿន​លឿន​ពី​ភ្នំពេញ​ទៅ​ខេត្ត​សៀម​រាប ដែល​គ្រោង​នឹង​បញ្ចប់​នាចុង​ខែ​ឧសភា ឆ្នាំ​២០២៣ ​ខាង​មុខ​។ ​នេះ​បើ​តាម​លោក ស៊ុន ចាន់​ថុល​៕