ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

លោក​ហ៊ុន សែន៖ ​ការ​បើក​ឱ្យ​មាន​ការ​ហោះហើរ​ត្រង់​មក​ខេត្ត​សៀមរាប​នាំ​មក​នូវ​ការ​វិនិយោគ​សណ្ឋាគារ​រាប់​រយ​បម្រើ​ដល់​វិស័យ​ទេសចរណ៍


រូបឯកសារ៖ អាកាសយានដ្ឋាន​អន្តរជាតិ​​សៀមរាប​ នៅ​ល្ងាច​ថ្ងៃ​សុក្រ​ ទី​២០​ ខែ​មីនា​ ឆ្នាំ​២០១៥។ (នូវ​ ពៅលក្ខិណា​/VOA)
រូបឯកសារ៖ អាកាសយានដ្ឋាន​អន្តរជាតិ​​សៀមរាប​ នៅ​ល្ងាច​ថ្ងៃ​សុក្រ​ ទី​២០​ ខែ​មីនា​ ឆ្នាំ​២០១៥។ (នូវ​ ពៅលក្ខិណា​/VOA)

នៅ​ក្នុង​ពិធី​បើក​ព្រឹត្តិការណ៍​អង្គរ​សង្ក្រាន្ត​ឆ្នាំ​ ២០២៣​ នៅ​ខេត្ត​សៀមរាប​ លោក​នាយក​រដ្ឋ​មន្ត្រី​ ហ៊ុន សែន​ បាន​រំឭក​ឡើងវិញ​អនុសាសន៍​របស់​អតីត​នាយករដ្ឋ​មន្ត្រី​សិង្ហបុរី​មួយ​រូប ​ពាក់​ព័ន្ធ​នឹង​គោលនយោបាយ​របស់​រដ្ឋាភិបាល​កម្ពុជា​ ក្នុង​ការបើក​ឱ្យ​មាន​ជើង​យន្តហោះត្រង់​មក​កាន់​ខេត្ត​សៀមរាប ដែល​ជា​គោលដៅ​ទេសចរណ៍​វប្បធម៌​សំខាន់​មួយ​របស់​ប្រទេស​កម្ពុជា។​

លោក​ ហ៊ុន សែន​ ដែល​បាន​ចាត់ទុក​ខេត្ត​សៀមរាប​ថា​ជាប៉ូល​សេដ្ឋកិច្ច​ទី ៣ ​របស់​ប្រទេស​ និង​ដែល​អាច​នឹង​ក្លាយ​ជា​គោលដៅ​វិនិយោគ​ឧស្សាហកម្ម​បន្ថែម​លើ​វិស័យ​ទេសចរណ៍​ផងនោះ លើក​ឡើង​ថា ​ការផ្តល់​យោបល់​របស់​អតីត​នាយករដ្ឋ​មន្ត្រី​សិង្ហបុរី​លោក​ ហ្គោ ចុកតុង​ (Goh Chok Tong) ​ក្នុង​ការ​បើក​ឱ្យ​មាន​ជើង​យន្តហោះ​ត្រង់​មក​កាន់​ខេត្ត​សៀមរាបនោះ​ ជា​រឿង​ត្រឹម​ត្រូវ ​ដោយសារ​វា​បាន​នាំ​មក​នូវ​ការ​វិនិយោគ​ច្រើន​សន្ធឹក​សន្ធាប់​ក្នុង​វិស័យ​ទេសចរណ៍។​

ថ្លែង​នៅ​ឯ​បរិវេណ​ប្រាសាទ​បាយ័ន​ ក្នុង​ខេត្ត​សៀមរាប​ នាព្រឹក​ថ្ងៃ​សុក្រ​នេះ​ លោក​នាយក​រដ្ឋមន្ត្រី​ ហ៊ុន សែន​ បានប្រាប់​ក្រុម​មន្ត្រី​ និង​ពលរដ្ឋ​ថា ​លោក​បាន​ទទួល​អនុសាសន៍​របស់​លោក ​Goh Chok Tong​ កាល​ពី​ឆ្នាំ​ ១៩៩៤ ​ហើយ​នៅ​ឆ្នាំ​ ១៩៩៧​ លោក​បាន​សម្រេច​ចិត្ត​បើក​ឱ្យ​មាន​ជើង​យន្តហោះ​ត្រង់​ចូល​មក​ខេត្ត​សៀមរាប​ តាម​រយៈ​ក្រុម​ហ៊ុន​ Bangkok Airways​ បើទោះ​បី​ជា​មាន​សំឡេង​ប្រឆាំង​ខ្លះ​ក្តី។

លោក​ថ្លែង​ថា៖ ​«គាត់​បាន​ផ្តល់​យោបល់​ឱ្យ​ខ្ញុំ​នៅ​ឆ្នាំ​ ១៩៩៤​ ថា​ ប្រសិន​បើ​ខ្ញុំ​ជា​ឯកឧត្តម​ ហ៊ុន សែន​ ខ្ញុំ​នឹង​បើក​ឱ្យ​សៀមរាប​ធ្វើ​ការ​ហោះ​ហើរ​ត្រង់​ ដឹក​ទេសចរ​មក​កាន់​ទីនេះ។ ​វា​ពិត​ជា​អនុសាសន៍​ដ៏​ត្រឹមត្រូវ។​ ឆ្នាំ​ ១៩៩៧​ នៅ​ពេល​ដែល​មាន​ព្រឹត្តិការណ៍​ដ៏​អាក្រក់​ នៅ​ទីក្រុង​ភ្នំពេញ​ ក្រុម​ហ៊ុន​យន្តហោះ​ទាំង​អស់​ ក្រុម​ហ៊ុន​យន្តហោះ​ស្ទើរ​តែ​ទាំង​អស់​ បាន​រត់​ចេញ​ពី​កម្ពុជា​ គ្មាន​ការ​ហោះហើរ។​ ខ្ញុំ​ក៏ចាប់​ផ្តើម​បើក​នៅ​ខេត្ត​សៀមរាប​ដោយ​ Bangkok Airways ​ធ្វើ​ការ​ហោះហើរ​នៅ​ពេល​នោះ»។​

លោក​បាន​បន្ថែម​ថា៖ ​«យើង​អាច​នឹង​ពិនិត្យ​មើល​ថា​ ការ​សម្រេច​ចិត្ត​បើកជើង​មេឃ​សម្រាប់​ការ​ហោះ​ហើរ​ត្រង់​នៅ​ខេត្ត​សៀមរាប​ខុស​ ឬត្រូវ​ គឺ​ស្ថិត​នៅ​លើ​ការ​សង្កេត​របស់​យើង​នៅ​ត្រង់​ថា​ ប្រសិន​បើ​យើង​មិន​អាច​ មិន​មាន មិន​បើក​ឱ្យ​មាន​ការ​ហោះ​ហើរ​ត្រង់​មក​កាន់​សៀមរាប​ទេ​ គ្មាន​នរណា​មក​វិនិយោគ​សណ្ឋាគារ​រាប់​ពាន់​លាន​ដុល្លារ​ដូច​សព្វ​ថ្ងៃ​នេះ​ទេ»។

លោក​រៀប​រាប់​បន្ត​ទៀតថា​ ចាប់​តាំងពី​ការ​បើក​ចំហ​ជើង​មេឃ​ដែល​អនុញ្ញាត​ឱ្យ​មាន​ជើង​យន្តហោះ​ត្រង់​សំដៅ​មក​ខេត្ត​សៀមរាបមក​នោះ ខេត្ត​ដែល​សម្បូរ​ដោយ​ប្រាសាទ​បុរាណ​មួយ​នេះ​មានកំណើន​សណ្ឋាគារ​ ដែល​ដើម​ឡើយ​លោក​ថា ​មាន​តែ​សណ្ឋាគារ​ចាស់ៗ​ពីរ​តែ​ប៉ុណ្ណោះ។

លោក​ថ្លែង​ថា៖ ​«ពេល​នោះ ​យើង​ចាប់​ផ្តើម​ពី​សណ្ឋាគារ​ចាស់ៗ​តែ​ពីរ​ប៉ុណ្ណោះ​ ប៉ុន្តែ​នៅ​ពេល​ដែល​យើង​បើក​ ឥឡូវ​យើង​មាន​សណ្ឋាគារ​រាប់​រយ​សណ្ឋាគារ។ ​នេះ​ជា​ចំណុច​នៃ​ក្រប​ខណ្ឌ​គោល​នយោបាយ​បើក​ចំហ​ជើង​មេឃ​សម្រាប់​ការ​ហោះហើរ​ត្រង់»។​

វិស័យ​ទេសចរណ៍​ក្នុង​ខេត្ត​សៀមរាប​បាន​រង​សម្ពាធ​ខ្លាំង​ពី​ការ​រាតត្បាត​នៃ​ជំងឺឆ្លង​កូវីដ១៩ ដែល​បាន​ធ្វើ​ឱ្យ​សណ្ឋាគារ​ជាច្រើន​បិទទ្វារ​ និង​សេវាកម្ម​ទេសចរណ៍​ផ្សេង​ៗ​ទៀតផ្អាក​ដំណើរ​ការ។ ​ប៉ុន្តែ​ចាប់​តាំង​ពី​រដ្ឋាភិបាលកម្ពុជា​បើក​ប្រទេស​ឡើង​វិញ​កាលពី​ខែ​វិច្ឆិកា​ ឆ្នាំ​ ២០២១​ កំណើន​ទេសចរ​ផ្ទៃក្នុង​នៅ​ខេត្ត​សៀមរាបបាន​ចាប់​ផ្តើម​រើប​ឡើង​វិញ​សន្សឹមៗ​ ហើយ​មក​ដល់ពេល​នេះ​ មាន​លំហូ​នៃ​ភ្ញៀវ​ទេសចរ​បរទេស​ចូល​មក​កាន់​ខេត្ត​នេះ​ជា​បណ្តើរៗ​ហើយ​ដែរ។ ​ចំណែក​សណ្ឋាគារ​មួយ​ចំនួន​ក៏​ចាប់​ផ្តើម​ដំណើរ​ការ​ឡើង​វិញ​ ហើយខ្លះ​ក៏នៅ​បន្ត​បិទទ្វារ។ ​នេះ​បើ​តាម​អ្នក​ពាក់​ព័ន្ធ​ក្នុង​វិស័យ​ទេសចរណ៍។

នៅ​ក្នុង​ពិធី​បើក​ព្រឹត្តិការណ៍​អង្គរ​សង្ក្រាន្ត​ឆ្នាំ​ ២០២៣​ នៅ​ខេត្ត​សៀមរាប​ដដែល​នោះ​ លោក​នាយករដ្ឋ​មន្ត្រី​ ហ៊ុន សែន ​បាន​ប្រកាស​ឱ្យដឹង​ទៀត​ថា ​ព្រលាន​យន្តហោះ​ដ៏ធំ​ថ្មីមួយ​គឺ​អាកាស​យានដ្ឋាន​អន្តរជាតិ​សៀមរាប-អង្គរ​ ដែល​មាន​សមត្ថភាព​ទទួល​យកយន្តហោះ​ខ្នាត​ធំ​ អាច​នឹង​ចាប់​ផ្តើម​ដំណើរ​ការ​នៅ​ខែ​តុលា​ ឆ្នាំ​ ២០២៣ ​នេះ។​

លោក​ថ្លែង​ថា៖ ​«ទន្ទឹម​នឹង​នេះ​ ក៏​សូម​ជម្រាប​ជូន​ថា​ តាមរយៈ​នៃ​ការ​វិនិយោគ​ ព្រលាន​យន្តហោះ​ដ៏​ធំ​មួយ​នៅ​ខេត្ត​សៀមរាប​ ប្រហែល​ជា​មិន​យូរ​ជាង​ខែ​តុលា​ខាង​មុខ​នេះ​ទេ​ យើង​នឹង​បើក​ឱ្យ​ប្រើ​ប្រាស់​នូវ​ព្រលាន​យន្ត​ហោះ​ដ៏ធំ​ នៅ​ក្នុង​ខេត្ត​សៀមរាប​ ដែល​នេះ​គឺ​អាច​និយាយ​បាន​ថា​ វា​ជា​ដំណើរ​ការ​មួយ​ដែល​យើង​អាច​នឹង​ឈាន​ទៅ​ទទួល​យន្ត​ហោះ​ខ្នាត​ធំ​ ដែល​ហោះ​ត្រង់​ពី​ប្រទេស​នានា​មក​ចុះ​នៅ​ខេត្ត​សៀមរាប»។

លោក​បញ្ជាក់​ទៀត​ថា ​ព្រលាន​យន្តហោះ​ថ្មីនេះ​អាច​ទាក់​ទាញ​ភ្ញៀវ​ទេសចរ​បន្ថែម​ទៀត​ ហើយ​ជា​មួយ​នឹង​ការ​វិនិយោគយ៉ាង​គំហុក​ក្នុងខេត្ត​សៀមរាប​ តំបន់​ខ្លះ​នៅ​ក្នុង​ខេត្ត​ទេសចរណ៍​មួយនេះ​ នឹង​អាច​ប្រែក្លាយ​ទៅ​ជាតំបន់​ឧស្សាហកម្មផង​ដែរ៕

XS
SM
MD
LG