យោធា​រដ្ឋ​អ៊ីស្លាម​អះអាង​ទទួល​ខុស​ត្រូវ​លើ​ការ​បំផ្ទុះ​គ្រាប់​បែក​នៅ​លីប៊ី

គ្រាប់​បែក​អត្តឃាត​ក្នុង​ឡាន​បាន​ផ្ទុះ​នៅ​ក្រុង Qubba ជា​ក្រុង​នៅ​ប៉ែក​ខាង​កើត​នៃ​ប្រទេស​លីប៊ី​ កាលពី​ថ្ងៃទី២០ ខែកុម្ភៈ ឆ្នាំ២០១៥។

ក្រុម​ជន​សកម្ម​ប្រយុទ្ធ​រដ្ឋ​អ៊ីស្លាម​ក្នុង​ប្រទេស​លីប៊ី​បាន​អះអាង​ការ​ទទួល​ខុស​ត្រូវ​ដល់​ការ​បំផ្ទុះ​គ្រាប់បែក​ក្នុង​ទ្បាន​ដ៏​ប្រល័យ​កាលពី​ថ្ងៃ​សុក្រ​នៅ​ក្នុង​ប៉ែក​ខាង​កើត​ប្រទេស។

ក្រុម​មន្ត្រី​លីប៊ី​បាន​និយាយ​ថា​មាន​មនុស្ស​យ៉ាង​តិច​ណាស់​៤០នាក់​ត្រូវ​បាន សម្លាប់​និង​រាប់សិប​នាក់​ទៀត​រងរបួស​នៅ​ក្នុង​ការ​បំផ្ទុះ​គ្រាប់បែក​អត្តឃាត​យ៉ាង​តិច​ណាស់​បី​នៅ​ក្នុង​ក្រុង​ Qubba។​

ក្រុម​ស៊ើបការ​សម្ងាត់ SITE ដែល​ជា​អង្គការ​ឃ្លាំមើលភេរវកម្ម​មាន​មូលដ្ឋាន​ក្នុង​ស.រ.អា.​បាន​និយាយ​ថា​ក្រុម​រដ្ឋ​អ៊ីស្លាម​នៅ​ក្នុង​ខេត្ត​ Barqah បាន​អះអាង​ការ​ទទួល​ខុស​ត្រូវ​ដល់​ការ​វាយ​ប្រហារ​ទាំងនេះហើយ​បាន​ប្រាប់​ឱ្យ​ដឹង​ថា​អ្នក​បំផ្ទុះ​គ្រាប់បែក​ទាំង​នេះ​ជា​ជន​ជាតិ​លីប៊ី​និង​ប្រទេស​អារ៉ាប៊ីសាអូឌីត (Saudi Arabia)។

ក្រុង Qubba ឋិត​នៅ​ជិត​សំបុក​ក្រុម​រដ្ឋ​អ៊ីស្លាម​ក៏ប៉ុន្តែ​ទីក្រុង​នេះ​ត្រូវ​បាន​ត្រួតត្រា​ដោយ​រដ្ឋាភិបាល​នៃ​ប្រទេស​លីប៊ី​ដែល​ទទួល​ស្គាល់​ដោយ​អន្តរជាតិ។​

មាន​របាយការណ៍​មិន​ត្រូវ​គ្នា​អំពី​កន្លែង​ពិត​ប្រាកដ​នៃ​ការ​វាយ​ប្រហារ​ទាំង​នេះ។ ក្រុម​មន្ត្រី​បាន​និយាយ​ថា​គ្រាប់បែក​ក្នុង​ទ្បាន​មួយ​គ្រឿង​បាន​ផ្ទុះ​នៅ​ឯកន្លែង​ចាក់សាំង​មួយ​នៅ​ជិត​អគារ​សន្តិសុខ​មួយ​ក្នុង​ក្រុង​ Qubba។ ក្រុម​មន្ត្រី​ឯទៀត​បាន​ពណ៌នា​ការ​វាយ​ប្រហារ​មួយ​ដាច់​ដោយ​ទ្បែក​ទៅ​លើ​អាគារ​សន្តិសុខ​និង​ថា​មាន​ការ​វាយ​ប្រហារ​មួយ​ទៀត​ដែល​បាន​យក​ផ្ទះ​ប្រធានសភា​នៃ​ប្រទេស​លីប៊ីជា​ទីដៅ​នៃ​ការ​វាយ​ប្រហារ៕