ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

អេហ្ស៊ីប លីប៊ី វាយ​ប្រហារ​តាម​អាកាស​លើ​ក្រុម​រដ្ឋ​អ៊ីស្លាម​


ក្រុម​ស្រ្តី​កំពុង​កាន់​ទុក្ខ​ជន​ជាតិ​អេហ្ស៊ីប​ដែល​ត្រូវ​បាន​ចាប់​ខ្លួន​នៅ​ក្នុង​ប្រទេស​លីប៊ី​ដោយ​សកម្មជន​ដែល​មាន​សម្ព័ន្ធ​ភាព​ជាមួយ​ក្រុម​រដ្ឋ​អ៊ីស្លាម នៅ​ក្នុង​ព្រះ​វិហារ​ Virgin Mary Church នៅ​ក្បែរ​ទីក្រុង​ Minya ចម្ងាយ​២២០​គីឡូម៉ែត្រ​ ភាគ​ខាង​ត្បូង​ពី​ទីក្រុង Cairo ប្រទេស​អេហ្ស៊ីប​ កាល​ពី​ថ្ងៃ​ទី​១៦ ខែ​កុម្ភៈ ឆ្នាំ​២០១៥។​

កងទ័ព​បាន​ប្រាប់​ឲ្យ​ដឹង​ថា​ យន្តហោះ​ចម្បាំង​នៃ​ប្រទេស​អេហ្ស៊ីប​និង​លីប៊ី​បាន​ធ្វើ​ការ​វាយ​ប្រហារ​តាម​អាកាស​នៅ​ថ្ងៃ​ច័ន្ទ​នេះ​ប្រឆាំងនឹង​ក្រុម​រដ្ឋ​អ៊ីស្លាម​ ក្នុង​តំបន់​ភាគ​ខាង​កើត​នៃ​ប្រទេស​លីប៊ី​ ក្នុង​ការ​សងសឹក​ដល់​សកម្មជន​ប្រយុទ្ធ​កាន់គ្រិស្ត​សាសនា ​និកាយ Copticដែល​ត្រូវ​បាន​កាត់​ក្បាលចំនួន​២១នាក់​ ក្រោយ​ពី​ត្រូវ​បាន​ចាប់​ជំរិត​នៅ​ក្នុង​ប្រទេស​លីប៊ី។

ការ​ទម្លាក់​គ្រាប់​បែក​បាន​សំដៅ​លើ​ជំរំសកម្មជន​ប្រយុទ្ធ​និង​ទី​កន្លែង​ផ្ទុក​អាវុធ​នៅ​ក្នុង​ទីក្រុង Darna ​បាន​កើត​មាន​ឡើង​ប៉ុន្មាន​ម៉ោង ​បន្ទាប់​ពី​ក្រុម​រដ្ឋ​អ៊ីស្លាម​បាន​បញ្ចេញ​វីដេអូ​ដែល​បាន​បង្ហាញ​ពី​ការ​សម្លាប់​នេះ។

​ប្រធានាធិបតី​នៃ​ប្រទេស​អេហ្ស៊ីប​ លោក​ Fattah el-Sissi​ បាន​សន្យា​នៅ​ក្នុង​សុន្ទរកថា​ផ្សាយ​តាម​ទូរទស្សន៍​ជាតិ ​ដើម្បី​ឆ្លើយ​តប​នឹង​ការកាត់​ក្បាល​នេះ ​ដោយ​ហៅ​សកម្មភាព​នេះ​ថា​ជា​ «សកម្មភាព​ភេរវកម្ម​ដ៏​គួរ​ឲ្យ​ស្អប់​ខ្ពើម»។

លោក​ប្រធានាធិបតី​និយាយ​ថា «អេហ្ស៊ីប​មាន​សិទ្ធិធ្វើ​ការ​សងសឹក ហើយ​ជាមួយ​នឹង​វិធីសាស្រ្តនិង​ការកំណត់​ពេល​វេលា​នេះ​ ធ្វើ​ឡើង​សាកសម​សម្រាប់​ការដាក់​ទោស​ឃាតក​និង​ឧក្រិដ្ឋ​ជន​ដែល​គ្មាន​មនុស្ស​ធម៌​ទាល់​តែ​សោះ​នោះ»។

​លោក Sissi ​ក៏​បាន​និយាយ​តាម​ទូរស័ព្ទ​នៅ​ថ្ងៃ​ច័ន្ទ​នេះ​ជាមួយ​លោក​ប្រធានាធិបតី​បារាំង​ Francois Hollande ​ដែល​ការិយាល័យ​របស់​លោក​បាន​ឲ្យ​ដឹង​ថា អ្នក​ទាំង​២​បាន​ពិភាក្សា​ពី​សារៈ​សំខាន់​នៃ​ក្រុម​ប្រឹក្សា​សន្តិសុខ​របស់​អង្គការ​សហប្រជាជាតិ​ក្នុង​ការចាត់​វិធានការ​ថ្មី​ដើម្បី​ប្រឈម​មុខ​នឹង​ភាព​គ្រោះ​ថ្នាក់​ដែល​បណ្តាល​មក​ពី​ក្រុម​រដ្ឋ​អ៊ីស្លាម​នេះ។

​នៅ​ក្នុង​សេចក្តី​ថ្លែងការណ៍​មួយ​កាល​ពី​យប់​ថ្ងៃ​អាទិត្យ​ លោក Josh Earnest​ អ្នក​នាំ​ពាក្យ​សេតវិមាន​បាន​ថ្កោល​ទោស​នូវអ្វី​ដែល​លោក​បាន​ហៅ​ថា «​ឃាតក​ដ៏​គួរ​ឲ្យ​ស្អប់​និងកំសាក» ​ ហើយ​បាន​និយាយ​ទៀត​ថា «ភាព​ព្រៃផ្សៃ​របស់​ក្រុម​រដ្ឋ​អ៊ីស្លាម​គ្មានព្រំ​ដែន​ទេ»៕

XS
SM
MD
LG