ពលរដ្ឋអាមេរិក​ជាង​៣៣​លាន​នាក់​ធ្វើ​ការ​បោះ​ឆ្នោត​មុន​​កាល​កំណត់​

នៅ​សល់​ជាង​១០០​ម៉ោង​ទៀត​ប៉ុណ្ណោះ​មុន​នឹង​ដល់​ថ្ងៃ​បោះ​ឆ្នោត ការ​ស្ទង់​មតិ​បោះ​ឆ្នោត​បាន​បង្ហាញ​ពីគម្លាត​តិច​តួច​រវាង​បេក្ខជន​គណបក្ស​ប្រជាធិបតេយ្យ​ Hillary Clinton និង​លោក Donald Trump គណ​បក្ស​សាធារណរដ្ឋ។

តួលេខ​អ្នកបោះឆ្នោត​ដែល​បាន​ត្រូវ​បាន​ផ្សព្វផ្សាយ​កាល​ពី​ពេល​ថ្មីៗនេះ​បង្ហាញ​ថា​ពល​រដ្ឋ​អាមេរិកាំង​៣៣លាន​នាក់​បានបោះឆ្នោត​រួច​ហើយ​សម្រាប់​បេក្ខភាព​ប្រធានាធិបតី​នៅ​ពេល​ខាងមុខនេះ។ ការណ៍​នេះ​បាន​ធ្វើជា​អ្នក​វិភាគថានរណា​ដែលមាន​ប្រៀប​ជាង​នៅ​ក្នុងការប្រកួត​ប្រជែង​គ្នា​យ៉ាង​ប្រកិតៗនេះ។

នេះមាន​ន័យ​ថា​សន្លឹក​ឆ្នោត​មួយ​ភាគ​បួន​នៃសន្លឹក​ឆ្នោត​ទាំង​អស់​បានត្រូវបោះ​រួច​ហើយ ទោះណាជា​បេក្ខជន​ប្រធានាធិបតី​ស.រ.អា.ទាំង​ពីរ​រូប​និង​អ្នកគាំទ្រដែល​ល្បីឈ្មោះ​ទាំង​ប៉ុន្មាន​បាន​ធ្វើដំណើរពេញ​ប្រទេស​ដើម្បីថ្លែង​សុន្ទរកថា​នៅនាទី​ចុង​ក្រោយ​បង្អស់​នៅ​មុន​ថ្ងៃបោះឆ្នោតជា​ផ្លូវការនៅថ្ងៃអង្គារ​ខាង​មុខ​នេះ​ក៏ដោយ។

ក្រុម​អ្នក​វិភាគ​នយោបាយ​និយាយ​ថា​កំណើន​នៃ​អ្នកបោះឆ្នោត​មុន​ពេល​កំណត់​នៅ​ក្នុង​រដ្ឋ​ Colorado ​រដ្ឋNevada និង​រដ្ឋ Virginia គាំទ្រ​ច្រើនដល់លោកស្រី Hillary Clinton បេក្ខជន​ប្រធានាធិបតី​អាមេរិកាំង​ខាង​គណបក្ស​ប្រជាធិបតេយ្យ​ដែល​លោកស្រី​បាន​ដាក់ក្រុម​អ្នក​ធ្វើការ​ឃោសនា​បោះឆ្នោត​ច្រើនថែម​ទៀតនៅ​នឹង​កន្លែងដើម្បីបញ្ចុះ​បញ្ចូល​ពលរដ្ឋ​ឱ្យ​ទៅបោះឆ្នោត។ ក៏​ប៉ុន្តែ​ទោះ​ជាយ៉ាង​ណា​ក៏​ដោយ​ ​លោកស្រី​មាន​បញ្ហា​នៅ​កន្លែង​ឯទៀតៗ​ក្នុង​ផ្នែក​កណ្តាល​ប្រទេស ដោយ​មាន​រួម​បញ្ចូល​រដ្ឋ​ Ohio ដែលនៅ​ទី​នោះ​មាន​ពលរដ្ឋ​ទៅបោះឆ្នោតមុន​កាល​កំណត់តិច​ជាង​កាលពីការ​បោះឆ្នោត​ប្រធានាធិបតី​លើកមុន។

រដ្ឋ​នីមួយ​ៗ​ក្នុង​បណ្តា​រដ្ឋទាំង៥០នៃប្រទេស​អាមេរិក​កំណត់​បទ​បញ្ញត​ផ្ទាល់​របស់​ពួក​គេ​សម្រាប់ការ​បោះឆ្នោត​មុន​ពេល​កំណត់​និងពេល​ដែល​អាច​ចាប់​ផ្តើម​បាន​។

ដោយនៅ​សល់​តែបី​ថ្ងៃ​ទៀត​នៃការ​ឃោសនា​បោះឆ្នោត​នៅ​មុនពេលពល​រដ្ឋអាមេរិកាំង​ភាគច្រើន​ទៅបោះឆ្នោត​ ការ​ស្ទង់មតិ​បង្ហាញ​ថា​មានការ​ប្រកួត​ប្រជែង​គ្នា​ដ៏​ប្រកិតៗ​រវាងលោកស្រី​ Clintonនិងលោក​ Donald Trump នៃ​គណបក្ស​សាធារណរដ្ឋ។ការ​ស្ទង់មតិ​របស់អង្គការ​ Real Clear Politics បង្ហាញថា​លោក​ស្រី​ Clinton នាំ​មុខ​បន្តិច​ដោយ​លោកស្រី​មានការគាំទ្រ​ ៤៦.៦ភាគរយ ​ធៀប​ទៅ​នឹង​លោក Trump ដែល​មាន​តែ៤៤.៨ភាគរយ។ ​ការ​នាំ​មុខ​របស់​លោក​ស្រី​នៅ​ក្នុង​រដ្ឋមួយ​ចំនួនដែលមានការ​ប្រកួតខ្លាំង​ក្លាក៏​បានចុះ​ថយដែរ៕