ពលរដ្ឋ​អាមេរិក​២,៤​លាន​នាក់​​បន្ថែម​ទៀត​ដាក់​ពាក្យ​​ជំនួយ​អត់​ការងារ

ស្ត្រី​ម្នាក់​ពិនិត្យ​មើល​ព័ត៌មាន​ពាក្យសុំ​ការងារនៅ​ខាងមុខ​នាយកដ្ឋាន​ការងារ​Illinois កាលពី​ថ្ងៃទី​០៩ ខែមេសា ឆ្នាំ២០២០។

ខណៈ​ដែល​សកម្មភាព​ពាណិជ្ជកម្ម​នៅ​សហរដ្ឋ​អាមេរិក​បាន​ចាប់​ផ្តើមបើក​ខ្លះវិញ​ហើយ ក្រសួង​ការងារ​អាមេរិក​រាយការណ៍​កាល​ពី​ថ្ងៃ​ព្រហស្បតិ៍​ថា ​មាន​ពលរដ្ឋ​អាមេរិក​២,៤​លាន​នាក់​បន្ថែម​ទៀត​បាន​ដាក់​ពាក្យ​សុំ​ជំនួយ​រដ្ឋ​ពេល​អត់​ការងារ​ធ្វើ​កាល​ពី​សប្តាហ៍​មុន។

តួលេខ​ថ្មីនេះ​បាន​ធ្វើ​ឲ្យចំនួន​អ្នក​បាត់បង់​ការងារ​សរុប​តាំង​ពីវិបត្តិកូវីដ១៩​នៅ​សហរដ្ឋ​អាមេរិកមក ​បាន​កើន​ដល់​ជាង​៣៨,៦​លាន​នាក់ ឬ​ស្មើ​នឹង​១ភាគ​មួយ​នៃពលរដ្ឋ​អាមេរិក​ពេញ​វ័យធ្វើ​ការសរុប​១៦៤​លាន​នាក់។​

ប៉ុន្តែ​ចំនួន​អ្នក​អត់​ការងារ​ថ្មី​កាល​ពី​សប្តាហ៍មុន​នេះ​ជា​ចំនួនធ្លាក់ចុះ​វិញ បើ​ប្រៀប​ធៀប​នឹង​សប្តាហ៍​មុនៗ ដែលមាន​ចំនួន​ច្រើន​ជាង​ហើយ​កើត​ឡើង​ភ្លាមៗក្រោយ​ពី​អាជ្ញាធរ​រដ្ឋ​នានា​បាន​ចេញ​វិធានការបិទ​អាជីកម្ម​នានានិង​ឲ្យ​ពលរដ្ឋ​នៅ​ផ្ទះ​កាល​ពី​ពាក់​កណ្តាល​ខែ​មីនា។​

ឥឡូវ​នេះ​អាជ្ញាធរ​រដ្ឋ​ទាំង​៥០​របស់​អាមេរិក​បាន​ចាប់​ផ្តើម​បន្ធូរបន្ថយ​ការ​រឹតត្បិត​ដោយ​អនុញ្ញាត​ឲ្យ​អាជីវកម្ម​ខ្លះ​អាច​បើក​ឡើង​វិញ ដោយមាន​បញ្ជា​រក្សា​វិធានការ​ការពារ​ខុសៗ​តាម​រដ្ឋ​នីមួយៗ។​

ថ្នាក់​ដឹកនាំ​សេដកិច្ច​អាមេរិកក្នុង​សប្តាហ៍​នេះ​ព្រមាន​ថា​ចំនួនអ្នក​អត់​ការងារ​ធ្វើ​នឹង​កើន​បន្ត​ទៀត​ដល់​ខែ​មិថុនា តែ​សង្ឃឹម​ថា​កញ្ចប់​ថវិកា​ជំនួយ​របស់​រដ្ឋាភិបាល​សហព័ន្ធ​តម្លៃ​សរុប​ ២​លានលាន​ដុល្លារ​នឹងជួយ​ពលរដ្ឋ​និង​អាជីវកម្ម​អាមេរិក​បាន​ច្រើន៕