មន្ត្រីយោធានៅប្រទេសបួគីណាហ្វាសូ (Burkina Faso) នៅទ្វីបអាហ្វ្រិកនិយាយថា លោក Michel Kafando ប្រធានាធិបតីបណ្តោះអាសន្ននៅប្រទេសនេះបានបញ្ឈប់តួនាទីខ្លួនឯង ហើយបានប្រកាសរំលាយរដ្ឋាភិបាល។ ការប្រកាសនេះធ្វើឡើងនៅថ្ងៃព្រហស្បតិ៍នេះដោយមន្ត្រីយោធាម្នាក់ដែលមិនបញ្ចេញឈ្មោះបានធ្វើការផ្សព្វផ្សាយតាមទូរទស្សន៍គ្រប់គ្រងដោយរដ្ឋ។
មន្ត្រីនោះនិយាយថា កងទ័ពបានបង្កើតក្រុមប្រឹក្សាប្រជាធិបតេយ្យជាតិដើម្បីរៀបចំការបោះឆ្នោតប្រជាធិបតេយ្យថ្មីចម្រុះ។ សេចក្តីប្រកាសនោះធ្វើឡើងក្នុងពេលតែមួយថ្ងៃប៉ុណ្ណោះ បន្ទាប់ពីសមាជិកក្រុមអង្គរក្សប្រធានាធិបតី ដែលគាំទ្រលោក Blaise Compaore ដែលចេញពីតំណែង បានវាយសម្រុកចូលក្នុងកិច្ចប្រជុំគណៈរដ្ឋមន្ត្រី ហើយបានចាប់ខ្លួនលោក Kafando ប្រធានាធិបតីបណ្តោះអាសន្ន និងចាប់ខ្លួននាយករដ្ឋមន្ត្រី Yacouba Isaac Zida និងមន្ត្រីរដ្ឋាភិបាលផ្សេងទៀត។
កាលពីថ្ងៃពុធ ក្រុមប្រឹក្សាសន្តិសុខអ.ស.បបានទាមទារជាឯកច្ឆន្ទឲ្យដោះលែងមន្ត្រីរដ្ឋាភិបាលទាំងនេះជាបន្ទាន់។ លោក Ban Ki-moon អគ្គលេខាធិការអ.ស.បបាននិយាយថា លោកមានកំហឹង ហើយហៅការចាប់មន្ត្រីរដ្ឋាភិបាលថា ជាការរំលោភយ៉ាងគឃើ្លនលើរដ្ឋធម្មនុញ្ញប្រទេសបួគីណាហ្វាសូ៕