ពួក​សកម្ម​ប្រយុទ្ធ​បាន​សម្រុក​ចូល​អគារ​រដ្ឋាភិបាល​នៅ​ក្រុង​កាប៊ុល

មន្ត្រី​សន្តិសុខ​ម្នាក់​មក​ដល់​កន្លែង​កើត​ហេតុ​នៃ​ការ​បំផ្ទុះ​គ្រាប់​បែក​អត្តឃាត និង​ការ​វាយប្រហារ​របស់​ខ្មាន់កាំភ្លើង នៅ​ក្នុង​ក្រុង​កាប៊ុល ប្រទេស​អាហ្វហ្គានីស្ថាន កាលពី​ថ្ងៃទី២៤ ខែធ្នូ ឆ្នាំ២០១៨។

ក្រុមមន្ត្រី​អាហ្វហ្គានីស្ថាន​បាន​និយាយ​ថា ខ្មាន់កាំភ្លើង​ដែល​មិន​ស្គាល់​អត្តសញ្ញាណ​រួម​ទាំង​អ្នក​បំផ្ទុះ​គ្រាប់​បែក​អត្តឃាត​បាន​វាយ​លុក​អគារ​រដ្ឋាភិបាល​មួយ​នៅ​ក្រុង​កាប៊ុល កាល​ពីថ្ងៃចន្ទ​ដោយ​បាន​សម្លាប់​មនុស្ស​យ៉ាង​ហោច​ណាស់​២៥នាក់ និង​រងរបួស​ជាង​២០នាក់​ទៀត។

ការ​វាយឆ្មក់​នេះ​បាន​ចាប់ផ្ដើម​នៅ​ពេល​រសៀល ​ដោយ​អ្នក​បំផ្ទុះ​គ្រាប់បែក​អត្តឃាត​បាន​បំផ្ទុះ​រថយន្ត​ដែល​ផ្ទុក​គ្រឿង​ផ្ទុះ​នៅ​ខាង​ក្រៅ​អគារ។ ការ​ផ្ទុះ​អាវុធ​នេះ​បាន​ជួយ​ឱ្យ​បក្ខពួក​របស់​ជន​នេះ​អាចចូល​ក្នុង​អគារ​ដែល​មាន​ផ្ទះ​ជាច្រើន​របស់​ក្រុម​ជនពិការ​និង​ក្រុម​គ្រួសារ​របស់​អ្នក​ស្លាប់។ ​

លោក​ Najib Danish ​អ្នកនាំពាក្យ​ក្រសួង​មហាផ្ទៃ បាន​ប្រាប់​ក្រុម​អ្នក​យក​ព័ត៌មាន​នៅ​ក្នុង​ទីក្រុង​កាប៊ុល​ថា ​អគារ​នេះ​ត្រូវ​បាន​គេ​បោស​សម្អាត​ បន្ទាប់ពី​ការ​វាយប្រហារ​ដែល​មាន​រយៈ​ពេល​៧ម៉ោង។ ​ក្រុម​មន្ត្រី​បាន​និយាយ​ថា និយោជិក​ជាង២០០​នាក់​របស់​នាយកដ្ឋាន​ត្រូវ​បាន​ជម្លៀស​ចេញ​ដោយ​សុវត្ថិភាព ​បន្ទាប់ពី​ការ​វាយប្រហារ​បាន​ចាប់ផ្តើម។ អគារ និង​នាយក​ដ្ឋាន​សំខាន់ៗ​ផ្សេង​ទៀត​ក៏​ស្ថិត​នៅ​ភាគ​ខាង​កើត​ទីក្រុង​កាប៊ុល​ដែរ​គឺ​ទី​ដែលអំពើហិង្សា​នេះ​បាន​ផ្ទុះ​ឡើង។

មិន​មាន​ការ​អះអាង​ទទួល​ខុស​ត្រូវ​ជា​បន្ទាន់​ចំពោះ​ការ​វាយប្រហារ​កាលពី​ថ្ងៃចន្ទ​នេះ​ទេ។ ក្រុម​បះបោរ​តាលីបង់ និង​ក្រុម​សកម្មប្រយុទ្ធ​រដ្ឋ​ឥស្លាម​តែងតែ​ប្រកាស​ទទួល​ខុសត្រូវ​ចំពោះ​ការ​វាយប្រហារ​មុនៗ​នៅ​ក្រុង​កាប៊ុល៕