​ជន​ចំណាក​ស្រុក​បន្ត​ធ្វើ​ដំណើរ​តាម​ថ្មើរ​ជើង​ឆ្ពោះ​ទៅ​ព្រំ​ដែន​សហរដ្ឋ​អាមេរិក ​ទោះប្រធានា​ធិបតី​ត្រាំ​ផ្អាក​សិទ្ធិ​សុំការ​ជ្រក​កោន​

ក្រុមជន​ចំណាក​ស្រុក​នៅ​ទីក្រុង​ Mexico City​ ប្រទេស​ម៉ិកស៊ិក ក្នុង​ដំណើរ​ទៅ​កាន់​សហរដ្ឋ​អាមេរិក​ កាល​ពី​ថ្ងៃ​ទី​៦ វិច្ឆិកា ២០១៨។

ការ​ផ្អាក​សិទ្ធិ​សុំ​ជ្រក​កោន​របស់​ប្រធានា​ធិបតី​សហរដ្ឋ​អាមេរិក ​លោក ​ដូណាល់ ​ត្រាំ​សម្រាប់​ជន​អន្តោប្រវេសន៍​ខុស​ច្បាប់​ដែល​កំពុង​ព្យាយាម​ចូល​ក្នុង​សហរដ្ឋ​អាមេរិកបាន​ចូល​ជាធរមាន​កាល​ពី​ថ្ងៃ​សៅរ៍ ក៏ប៉ុន្តែ ​ជន​ចំណាក​ស្រុក​មក​ពី​តំបន់​អាមេរិក​កណ្តាល​ប្រហែល​៤​ពាន់​នាក់​នៅ​តែ​បន្ត​មានះ ដោយបន្ត​ដំណើរ​ថ្មើ​ជើង​របស់​ខ្លួន​ឆ្ពោះ​មក​កាន់​ព្រំ​ដែន​សហរដ្ឋ​អាមេរិក។

ប្រធានា​ធិបតី​ត្រាំ ​បាន​ចុះ​ហត្ថលេខា​លើ​សេចក្តី​ប្រកាសមួយ​កាល​ពី​ថ្ងៃ​សុក្រ​ដើម្បី​រឹត​បន្តឹង​ព្រំ​ដែន​សហរដ្ឋ​អាមេរិក​និង​ប្រទេស​ម៉ិចស៊ិច ដោយ​និយាយថា​ការចូល​ដោយ​ខុស​ច្បាប់​របស់​ជន​អន្តោប្រវេសន៍​នៅ​ព្រំដែន​ភាគ​ខាង​ត្បូង​ជា​ការ​គ្រោះ​ថ្នាក់​ដល់ផល​ប្រយោជន៍​ជាតិ​របស់​សហរដ្ឋ​អាមេរិក។

ទោះ​ជា​យ៉ាង​នោះ​ក៏ដោយ​ ជន​អន្តោ​ប្រវេសន៍​ជិត​៤ពាន់​នាក់​មក​ពី​តំបន់​អាមេរិក​កណ្តាល​ បាន​ចាក​ចេញ​ពី​ពហុកីឡាដ្ឋាន​មួយ​កន្លែង​នៅ​ភាគ​ខាង​ត្បូង​នៃ​ទីក្រុង​ Mexico City ​កាល​ពីព្រឹក​ថ្ងៃ​សៅរ៍ ​ដើម្បី​ធ្វើ​ដំណើរ​ប្រកប​ដោយគ្រោះ​ថ្នាក់​បំផុត​និង​យ៉ាង​ឆ្ងាយ​បំផុត។​ ហ្វូង​មនុស្ស​នោះ​ធ្វើ​ដំណើរ​តាម​ជន​ចំណាក​ស្រុក​ប្រហែល​៩០០​នាក់​ដែល​បាន​ចាក​ចេញ​ពី​ទីក្រុង​ Mexico City ​កាល​ពី​ថ្ងៃ​សុក្រ។

​គណៈ​កម្មការ​សិទ្ធិ​មនុស្ស​របស់​ប្រទេស​ម៉ិចស៊ិច ​បាន​ប្រាប់​ឲ្យ​ដឹងថា​ ជន​ចំណាក​ស្រុក​មាន​គម្រោង​ធ្វើ​ដំណើរ​ទៅ​កាន់​ទិស​ពាយព្យ ​កាត់​តាម​ទីក្រុង​នានា​របស់​ប្រ​ទេស​ម៉ិចស៊ិច ​រហូត​ទាល់​តែ​ពួកគេ​ទៅ​ដល់​ទីក្រុង​ Tijuana ​នៅ​ភាគ​ខាង​ត្បូង​នៃ​ព្រំដែន​រដ្ឋ​កាលីហ្វ័រញ៉ា​របស់​សហរដ្ឋ​អាមេរិក៕