សមាគម​មីក្រូ​ហិរញ្ញ​វត្ថុ៖​ អតិថិជន​ជាង​១១​ម៉ឺន​នាក់​ត្រូវ​អនុ​គ្រោះ​ការបង់​កម្ចី ​ដោយ​សារ​រងគ្រោះ​ពី​ជំងឺ​កូវីដ១៩

រូបភាព​បង្ហាញ​ពី​អគារ​​ធនាគារ​អេស៊ីលីដា ​​ដែល​ផ្ដល់​ប្រាក់​កម្ចី​ដល់​ប្រជាជន​ ថ្ងៃទី​​១៩ កុម្ភៈ ២០១៧។ (នៅ វណ្ណារិន/VOA)

បើ​តាម​ទិន្នន័យ​ដែល​ផ្តល់​ដោយ​សមាគម​មីក្រូ​ហិរញ្ញ​វត្ថុ​កម្ពុជា​(CMA) ​អតិថិជន​ជាង​១១​ម៉ឺន​នាក់​ត្រូវ​បាន​គ្រឹះស្ថាន​ហិរញ្ញ​វត្ថុ​ ដែល​ជា​សមាជិក​របស់​សមាគម​នេះ​ រួមមាន​គ្រឹះស្ថាន​មីក្រូ​ហិរញ្ញ​វត្ថុ​ភតិសន្យា​ហិរញ្ញ​វត្ថុ ​និង​ឥណទាន​ជនបទ ​អនុគ្រោះ​ការ​បង់​កម្ចី​របស់​ពួក​គេ។​

លោក ​កាំង តុងងី ​ ប្រធាន​នាយកដ្ឋាន​ទំនាក់ទំនង​និង​ជា​អ្នក​នាំ​ពាក្យ​សមាគម​មីក្រូ​ហិរញ្ញ​វត្ថុ​កម្ពុជា​ ថ្លែង​ប្រាប់​VOA​នៅ​ថ្ងៃ​អង្គារ​នេះ​ថា​ គិត​មក​ត្រឹម​ថ្ងៃ​ទី​១០​ ខែ​ឧសភា អ្នក​ខ្ចី​ជាង​១១​ម៉ឺន​នាក់​ ត្រូវ​បាន​អនុគ្រោះ​ដល់​ការ​បង់​សង​កម្ចី ​ក្រោយ​ពី​ការ​សិក្សា​ជាក់​ស្តែង​រក​ឃើញា​ថា​ ពួក​គេ​រងគ្រោះ​ពិត​ប្រាកដ​ ដោយ​សារ​ជំងឺ​កូវីដ១៩។​ លោក​បន្ត​ថា​ កម្ចី​ដែល​អនុ​គ្រោះ​នេះ​សរុប​ជាង​៤០០​លាន​ដុល្លារ​អាមេរិក។​

ទោះ​ជា​យ៉ាងណា​ លោក ​កាំង តុងងី ​មិន​អាច​បញ្ជាក់​បាន​នៅ​ពេល​នេះ​ទេ ថា​តើ​អ្នក​ខ្ចី​ប៉ុន្មាន​នាក់ ​ដែល​ត្រូវ​បាន​អនុគ្រោះ ​ដោយ​មិន​មាន​ការ​បង់​កម្ចី​ទាំង​ស្រុង ​រយៈ​ពេល​៣​ខែ ​៦​ខែ​ ឬ​លើស​ពី​នេះ​នោះ​ទេ។​ លោក​បញ្ជាក់​ថា ​ការ​អនុគ្រោះ​នោះ​អាច​ជា​ការ​លើក​ពេល​បង់​ការ​ប្រាក់ ​ បង់​ប្រាក់​ដើម ​ឬ​ពន្យារ​ពេលបង់​ទាំង​ស្រុង​ក្នុង​រយៈ​ពេល​ណា​មួយ។​

លោក​បញ្ជាក់​ថា​ អតិថិ​ជន​ជាង​១០​ភាគ​រយ​ប៉ុណ្ណោះ​ត្រូវ​បាន​បដិសេធ​មិន​ព្រម​តាម​ការ​ស្នើ​សុំ ​ក្រោម​ហេតុ​ផល​ថា​ ការ​ស្នើ​សុំ​របស់​ពួក​គេ​មិន​គ្រប់​លក្ខខណ្ឌ។​

លោក​បាន​ថ្លែង​ថា៖ ​«ដោយ​សារ​តែ​លក្ខខណ្ឌ​គាត់​អត់​គ្រប់​គ្រាន់ ​អ៊ីចឹង​ទៅ ​មួយ​ចំនួន​យើង​ពិនិត្យ​ជាក់​ស្តែង​ទៅ ​គាត់​អត់​សូវ​រង​ផល​ប៉ះពាល់​ទេ។ ដល់​អ៊ីចឹង​វា​ធ្វើ​ឲ្យ​លក្ខខណ្ឌ​គាត់​ហ្នឹង​អត់​គ្រប់​គ្រាន់។​ ប្រហែល​ជា​១០​ភាគ​រយ​ហ្នឹង ​យើង​Reject​(បដិសេធ)​ចេញ»។​

លោក​មាន​ប្រសាសន៍​ថា​ ចំនួន​អ្នក​ស្នើ​សុំ​អនុគ្រោះ​នឹង​បន្ត​កើន​ឡើង ​នៅ​ពេល​ខាង​មុខ​ ដោយសារ​ពេល​នេះ​សមាគម​កំពុង​ប្រមូល​ទិន្នន័យ​បន្ត​ទៀត​ ដែល​ធ្វើ​ឡើង​ជា​រៀង​រាល់​សប្តាហ៍។ ​សមាគម​បាន​ទិន្នន័យ​នេះ​មក​ពី​សមាជិក​១០៣​ស្ថាប័ន ​ដែល​ភាគ​ច្រើន​ជា​គ្រឹះស្ថាន​មីក្រូហិរញ្ញ​វត្ថុ​ទាំងអស់​នៅ​កម្ពុជា។

កាល​ពី​ថ្ងៃ​ទី​២០​ ខែ​មេសា ​ធនាគារ​ជាតិ​នៃ​កម្ពុជា​បាន​ស្នើ​គ្រឹះស្ថាន​ធនាគារ​និង​ហិរញ្ញ​វត្ថុ​ទាំង​អស់​លើក​លែង​ការ​សង​បំណុល​ ដែល​ប្រជា​ពលរដ្ឋ​ជំពាក់​រហូត​ដល់​ចុង​ឆ្នាំ​២០២០​ ប្រសិន​បើ​ពួក​គេ​ពុំ​មាន​លទ្ធភាព​បង់។ អ្នក​រង​គ្រោះ​ដែល​ត្រូវ​សម្រួល​ការ​បង់​ប្រាក់​ រួមមាន​អ្នក​ធ្វើ​ការ​ក្នុង​វិស័យ​ទេសចរណ៍ ​សេវា​កម្ម ​កាត់​ដេរ​ សំណង់ ​និង​ដឹក​ជញ្ជូន។​

យោង​តាម​របាយ​ការណ៍​របស់​ធនាគារ​ជាតិ​នៃ​កម្ពុជា​ចេញ​ផ្សាយ​កាល​ពី​ខែ​មេសា​ ឆ្នាំ​២០២០​ គ្រឹះស្ថាន​មីក្រូ​ហិរញ្ញ​វត្ថុ​នៅ​កម្ពុជា​មាន​ចំនួន​៨៣​ និង​គ្រឹះស្ថាន​ឥណទាន​ជន​បទ​មាន​ចំនួន​២៤៥។​

លោក ​អ៊ិន ចាន់នី ​ប្រធាន​នាយក​ប្រតិបត្តិ​ធនាគារ​អេស៊ីលីដា ​ដែល​មាន​អតិថិជន​ខ្ចី​ប្រមាណ​៤០​ម៉ឺន​នាក់ ​មាន​ប្រសាសន៍​ថា ​គិត​ត្រឹម​ចុង​ខែ​មេសា ​អតិថិជន​ប្រមាណ​៣០០​នាក់​ត្រូវ​បាន​អនុគ្រោះ​ការ​បង់​ប្រាក់ ​ដែល​ភាគ​ច្រើន​ជា​ករណី​សម្រួល​ការ​បង់​ការ​ប្រាក់ ​មិន​មែន​ជា​ករណី​ផ្អាក​ការ​បង់​ប្រាក់​ទាំង​ស្រុង​នោះ​ទេ។​ លោក​បន្ត​ថា​ ការ​ស្នើ​សុំ​របស់​អតិថិជន​តែ​៧​នាក់​ប៉ុណ្ណោះ ​ត្រូវ​បាន​ច្រាន​ចោល។ ​លោក​មាន​ប្រសាសន៍​ថា​ នេះ​ជា​ការ​អនុគ្រោះក្នុង​ចំនួន​ច្រើន ​ដែល​ធនាគារ​អេស៊ីលីដា​សម្រួល​ដល់​អតិថជន​ ដោយ​លោក​ថា​ អតិថិជន​របស់​លោក​មិន​សូវ​ជា​រង​ផល​ប៉ះពាល់​ច្រើន​នោះ​ទេ។​

លោក​មាន​ប្រសាសន៍​ថា៖​ «ឥណទាន​ដែល​យើង​ធ្វើ​បច្ចុប្បន្ន​ពាក់ព័ន្ធ​នឹង​កសិកម្ម​ច្រើន ​ហើយ​ពាក់ព័ន្ធ​នឹង​កសិកម្ម​មិន​សូវ​មាន​ផល​ប៉ះពាល់ ព្រោះ​គាត់​លក់​ដាំ​ដំណាំ ​ដាំ​អី​បាន​ថ្លៃ ​លក់​បាន​កំណើន​ជាង​មុន។ យើង​មិន​ធ្វើ​វិស័យ​ទេសចរណ៍​ច្រើន​ទេ ​ហើយ​យើង​មិន​ធ្វើ​វិស័យ​កាត់​ដេរ​ធំៗ​ហ្នឹង​ទេ។​ ហើយ​សំណង់​ក៏​យើង​មិន​សូវ​មាន​ដែរ»។​

បើ​តាម​លោក ​អ៊ិន ចាន់នី ​ក្នុង​ចំណោម​អតិថិជន​ដែល​ស្នើ​សម្រួល​កម្ចី​នោះ ​មាន​១៩២​នាក់​មក​ពី​វិស័យ​ទេសចរណ៍ ​១៥​នាក់​មក​ពី​វិស័យ​កាត់​ដេរ ​២​នាក់​មក​ពី​វិស័យ​សំណង់ ​៦៧​នាក់​មក​ពី​វិស័យ​ដឹក​ជញ្ជូន​ និង​សល់​ពី​នោះ​មក​ពី​វិស័យ​ផ្សេងៗ។ ​កម្ចី​ដែល​អនុ​គ្រោះ​នេះ ​សរុប​ប្រមាណ​៥១​លាន​ដុល្លារ​អាមេរិក។​

លោក​បញ្ជាក់​ថា​ ចំនួន​នេះ​អាច​បន្ត​កើន​ឡើង​ទៀត ​ដោយសារ​ធនាគារ​របស់​លោក​ទើប​តែ​មាន​របាយ​ការណ៍​ត្រឹម​ខែ​មេសា​តែ​ប៉ុណ្ណោះ។​

សមាគម​ធនាគារ​នៅ​កម្ពុជា​មិន​ឆ្លើយ​តប​នឹង​ការ​ស្នើ​សុំ​ទិន្នន័យ​ថា​ តើ​អតិថិជន​ប៉ុន្មាន​នាក់​ដែល​ជំពាក់​លុយ​ធនាគារ​ បាន​ស្នើ​សុំ​អនុគ្រោះ​ការ​បង់​ប្រាក់​នោះ​ទេ។​

VOA ​មិន​អាច​សុំ​ការ​ឆ្លើយ​តប​ពី​លោកស្រី​ ជា សិរី ​អគ្គនាយិកា​ធនាគារ​ជាតិ​នៃ​កម្ពុជា​បាន​ទេ​នៅ​ថ្ងៃ​អង្គារ​នេះ។​

អ្នក​នាង​ លៀប សុធារី ​រស់​នៅ​ក្នុង​ខេត្ត​ព្រៃវែង​ មាន​ប្រសាសន៍​ថា ​អ្នក​នាង​ត្រូវ​បាន​ព្យួរ​ពី​ការងារ​ជា​ប្រធាន​ផ្នែក​នៅ​រោងចក្រ​កាត់​ដេរ​ឈ្មោះ ​Crystal Martin ​នៅ​តំបន់​7NG ​ក្នុង​ស្រុក​ខ្សាច់​កណ្តាល ​ខេត្ត​កណ្តាល​ តាំង​ពី​ខែ​មីនា ​ហើយ​រហូត​មក​ដល់​ចុង​ខែ​មេសា ​អ្នកនាង​ត្រូវ​បាន​បញ្ឈប់​ពី​ការងារ​តែ​ម្តង។

អ្នកនាង​ សុធារី ​មាន​ប្រសាសន៍​ថា​ កាល​ពី​ខែ​មីនា​ អ្នកនាង​បាន​ស្នើ​សុំ​ពន្យារ​ពេល​បង់​ប្រាក់​ទៅ​គ្រឹះស្ថាន​មីក្រូ​ហិរញ្ញ​វត្ថុ​ក្រេឌីត​(Kredit) ​ដែល​ត្រូវ​បង់​ចំនួន​២៦០​ដុល្លារ​ក្នុង​មួយ​ខែ តែ​គ្រឹះស្ថាន​មិន​ព្រម។ ​អ្នកនាង​បន្ត​ថា​ ជា​សំណាង​ល្អ​ អ្នកនាង​អាច​បើក​លុយ​អត្ថប្រយោជន៍​ប្រមាណ​១.៥០០​ដុល្លារ​កាល​ពី​ចុង​ខែ​មេសា ​ហើយ​អ្នក​នាង​អាច​ត្រៀម​លុយ​នេះ​បង់​គ្រឹះស្ថាន​ក្នុង​រយៈ​ពេល​២​ខែ​ខាង​មុខ​ទៀត។​

អ្នកនាង សុធារី ​អាយុ​៣៤​ឆ្នាំ ​និង​មាន​កូន​២​នាក់​ មាន​ប្រសាសន៍​ថា៖ ​«ខ្ញុំ​ធ្លាប់​ទៅ​សួរ​ ខ្ញុំ​ព្យួរ​ការងារ​អ៊ីចឹង​ ខ្ញុំ​អត់​មាន​លុយ​បង់។​ ដល់​ពេល​ខ្ញុំ​ទៅ​សួរ​គេ ​គេ​ថា​អត់​ទេ​ ធនាគារ​មិន​មែន​របស់​រដ្ឋ​ទេ របស់​ឯក​ជន។​ អ៊ីចឹង​រាជ​រដ្ឋាភិបាល​គ្មាន​សិទ្ធិ​លូក​ដៃ​ទេ។ លែង​សួរ​លែង​ឆ្ងល់​បើ​គេ​និយាយ​អ៊ីចឹង​ហើយ​ វា​ចប់​តែ​ម្តង។ ​ខ្ញុំ​សួរ​គេ​ថា ​ខ្ញុំ​ឮ​សម្តេច​[នាយក​រដ្ឋមន្រ្តី]​និយាយ​ស្មាន​តែ​ថា​ធនាគារ​គេ​អនុវត្ត​តាម​អី​អ៊ីចឹង»។​

VOA​ មិន​អាច​សុំ​ការ​អត្ថាធិប្បាយ​ពី​តំណាង​គ្រឹះស្ថាន​មីក្រូ​ហិរញ្ញ​វត្ថុ​ក្រេឌីត​បាន​ទេ​នៅ​ថ្ងៃ​អង្គារ​នេះ​ ដោយ​គ្រឹះស្ថាន​ស្នើ​ឲ្យ​សាកសួរ​សមាគម​មីក្រូ​ហិរញ្ញ​វត្ថុ​កម្ពុជា​វិញ។​

មន្រ្តី​សមាគម​គ្រឹះស្ថាន​មីក្រូ​ហិរញ្ញ​វត្ថុ​កម្ពុជា​លើក​ឡើង​ថា ​អតិថិជន​ដែល​តវ៉ា​រឿង​មិន​អនុ​គ្រោះ​ពី​គ្រឹះស្ថាន​មីក្រូ​ហិរញ្ញ​វត្ថុ ​អាច​ទាក់ទង​ទៅ​សមាគម​ នោះ​សមាគម​នឹង​សិក្សា​ជាក់​ស្តែង​ ដើម្បី​ធ្វើ​អន្តរាគមន៍ ​ប្រសិន​បើ​ពួក​គេ​ពិត​ជា​រង​ផល​ប៉ះពាល់​ពិត​ប្រាកដ​ដោយសារ​ជំងឺ​កូវីដ​១៩​នេះ៕