សន្និសីទកំពូលរបស់ទ្វីបអាមេរិកដែលរៀបចំដោយសហរដ្ឋអាមេរិកនៅសប្តាហ៍នេះនៅក្នុងទីក្រុង Los Angeles នឹងមិនមានមេដឹកនាំដ៏សំខាន់ម្នាក់នៅពេលដែលប្រធានាធិបតីប្រទេសម៉ិកស៊ិកលោក Andres Manuel Lopez Obrador បាននិយាយកាលពីថ្ងៃចន្ទម្សិលមិញថា លោកនឹងមិនចូលរួមក្នុងសន្និសីទកំពូលនោះទេ។
លោក Lopez Obrador បាននិយាយថា លោករដ្ឋមន្ត្រីការបរទេស Marcelo Ebrard នឹងតំណាងឱ្យប្រទេសម៉ិកស៊ិកនៅឯសន្និសីទកំពូលនោះ។
លោក Lopez Obrador បាននិយាយថា៖ «វាអាចមិនមែនជាសន្និសីទកំពូល ប្រសិនបើ ប្រ ទេសទាំងអស់មិនត្រូវបានគេអញ្ជើញនោះ។
រដ្ឋបាលរបស់លោក Biden មិនបានអញ្ជើញរដ្ឋាភិបាលគុយបា វ៉េណេហ្ស៊ុយអេឡានិងនីការ៉ាហ្គាឱ្យចូលរួមនៅក្នុងសន្និសីទកំពូលនេះឡើយដែលការណ៍នេះបានធ្វើឱ្យលោក Lopez Obrador សម្រេចចិត្តមិនចូលរួមនៅក្នុងសន្និសីទកំពូលនេះដែរហើយក៏មានការរិះគន់ពីបណ្តាប្រទេសផ្សេងទៀតនៅតំបន់អឌ្ឍគោលខាងលិចផងដែរ។
នៅថ្ងៃចន្ទម្សិលមិញដែរ ប្រធានាធិបតីឈីលីលោក Gabriel Boric បានថ្លែងនៅក្នុងទីក្រុងអូតាវ៉ាប្រទេសកាណាដាថា ការសម្រេចចិត្តរបស់រដ្ឋបាលលោក Biden ផាត់ប្រទេសទាំង៣ នោះជា«កំហុស»មួយហើយលោកនឹងបន្តលើកឡើងចំណុចនេះក្នុងអំឡុងពេលនៃសន្និសីទកំពូលនោះ។
លោក Boric បានថ្លែងយ៉ាងដូចនេះជាមួយនាយករដ្ឋមន្ត្រីកាណាដាលោក Justin Trudeau បន្ទាប់ពីជំនួបរបស់លោកទាំង២។
នៅក្នុងរដ្ឋធានីវ៉ាស៊ីនតោនឯណោះវិញ រដ្ឋាភិបាលសហរដ្ឋអាមេរិកបាននិយាយថា ខ្លួនយល់អំពីជំហររបស់ប្រទេសម៉ិកស៊ិក ក៏ប៉ុន្តែបានការពារការសម្រេចចិត្តរបស់សហរដ្ឋអាមេរិកដែលបដិសេធប្រទេសគុយបា នីការ៉ាហ្គានិងវ៉េណេហ្ស៊ុយអេឡាមិនឱ្យចូលរួមសន្និសីទកំពូលនេះ។
ក្នុងខណៈនោះដែរ ពួកមន្ត្រីសហរដ្ឋអាមេរិកបាននិយាយថា រដ្ឋបាលរបស់លោក Biden បានទាក់ទងជាមួយ«អង្គការសង្គមស៊ីវិល»មកពីប្រទេសទាំង៣នោះហើយពួកគេត្រូវបានគេរំពឹងថានឹងចូលរួមសន្និសីទកំពូលនេះផងដែរ៕
ព័ត៌មានខ្លះនៃសេចក្តីរាយការណ៍នេះដកស្រង់ពីទីភ្នាក់ងារព័ត៌មានAssociated Press។