ប្រធានាធិបតីនៃប្រទេសម៉ិកស៊ិកបានឆ្លើយតបទៅនឹងការគំរាមយកពន្ធគយរបស់សហរដ្ឋអាមេរិកកាលពីថ្ងៃសុក្រ ដោយបានជំរុញឲ្យ «មានការសន្ទនា» លើវិធានការដោយការបង្ខំនៅក្នុងជម្លោះថ្មីៗបំផុតនេះអំពីគោលនយោបាយជនចំណាកស្រុករបស់ប្រទេសទាំងពីរ។
ប្រធានាធិបតីប្រទេសម៉ិកស៊ិកលោក Andres Manuel Obrador បាននិយាយថា៖ «ខ្ញុំចង់និយាយឡើងវិញថា យើងនឹងមិនធ្លាក់ចូលក្នុងការបង្កហេតុទេ ក៏ប៉ុន្តែ យើងនឹងមានការប្រុងប្រយ័ត្ន ហើយយើងនឹងគោរពអាជ្ញាធរសហរដ្ឋអាមេរិកនិងប្រធានាធិបតីដូណាល់ ត្រាំ»។
លោកប្រធានាធិបតីនៃប្រទេសម៉ិកស៊ិក បានមានប្រសាសន៍ទៀតថា៖ «យើងគិតថា ជម្លោះណាមួយនិងទំនាក់ទំនងទ្វេភាគី ត្រូវតែដោះស្រាយតាមរយៈការសន្ទនា ការប្រាស្រ័យទាក់ទងគ្នា។ ការប្រើវិធានការដោយការបង្ខំ មិនបាននាំឲ្យមានលទ្ធផលល្អនោះទេ»។
សេចក្តីថ្លែងការណ៍របស់លោកកាលពីព្រឹកថ្ងៃសុក្របានកើតមានឡើង បន្ទាប់ពីលិខិត២ច្បាប់ផ្ញើទៅឲ្យប្រធានាធិបតីអាមេរិកលោក ដូណាល់ ត្រាំ បានធ្វើជាសាធារណៈ កាលពីរសៀលថ្ងៃព្រហស្បតិ៍ ដើម្បីឆ្លើយតបទៅនឹងការប្រកាសតាមសារ Twitter របស់លោក ត្រាំ កាលពីពេលព្រឹកក្នុងថ្ងៃនោះថា សហរដ្ឋអាមេរិកនឹងចាប់ផ្តើមយកពន្ធគយលើទំនិញនាំចេញពីប្រទេសម៉ិកស៊ិក។
ប្រធានាធិបតីត្រាំ បានផ្ញើរសារតាម Twitter ថា៖ «នៅថ្ងៃទី១០ ខែមិថុនានេះ សហរដ្ឋអាមេរិក នឹងយកពន្ធគយ ៥ ភាគរយលើទំនិញមកពីប្រទេសម៉ិកស៊ិកចូលក្នុងប្រទេសរបស់យើង រហូតទាល់តែដោះស្រាយបញ្ហាជនចំណាកស្រុកខុសច្បាប់រួច។ ការយកពន្ធគយនឹងបន្តឡើងជារៀងរាល់ខែរហូតដល់ ២៥ ភាគរយនៅថ្ងៃទី១ ខែតុលា»៕