ចៅក្រមសហព័ន្ធសហរដ្ឋអាមេរិកមួយរូបបានរារាំងគោលនយោបាយរបស់រដ្ឋបាលលោកប្រធានាធិបតី Donald Trump ដែលតម្រូវឲ្យអ្នកសុំសិទ្ធិជ្រកកោននៅបន្តនៅប្រទេសម៉ិកស៊ិក ឬក៏ត្រូវត្រឡប់ទៅប្រទេសម៉ិកស៊ិកវិញ នៅពេលដែលពាក្យសុំសិទ្ធិជ្រកកោនរបស់ពួកគេកំពុងដំណើរការ។
លោក Richard Seeborg ចៅក្រមតុលាការស្រុកមួយនៅក្នុងរដ្ឋ California បានសម្រេចដូច្នេះមួយថ្ងៃក្រោយមក បន្ទាប់ពីរដ្ឋមន្ត្រីក្រសួងសន្តិសុខមាតុភូមិអ្នកស្រី Kirstjen Nielsen សម្រេចលាលែងពីតំណែង។
ការសម្រេចនេះនឹងចូលជាធរមាន នៅថ្ងៃសុក្រខាងមុខនេះ ដោយទុកពេលឲ្យរដ្ឋបាលរបស់លោក Trump អាចប្ដឹងឧទ្ធរណ៍បាន។
កម្មវិធីពិធីការការពារជនចំណាកស្រុក ដែលគេស្គាល់មិនផ្លូវការថាជាកម្មវិធីឲ្យជនចំណាកស្រុក «នៅបន្តនៅប្រទេសម៉ិកស៊ិក» នេះ ត្រូវបានដាក់ឲ្យអនុវត្ត កាលពីខែមករា នៅឯកំពង់ផែ San Ysidro ក្នុងរដ្ឋ California និងបានពង្រីកទៅដល់ច្រកព្រំដែនទីក្រុង Calexico រដ្ឋ California និងទីក្រុង El Paso រដ្ឋ Texas។ កាលពីពេលថ្មីៗនេះ អ្នកស្រី Nielsen បានបញ្ជាឲ្យប្រើកម្មវិធីនេះនៅតាមច្រកព្រំដែនផ្សេងៗទៀត។
សេចក្ដីសម្រេចរបស់តុលាការបានបញ្ជាក់ថា គោលនយោបាយនេះខ្វះការការពារគ្រប់គ្រាន់ដើម្បីធានាថា ជនចំណាកស្រុកមិនប្រឈមនឹង «ហានិភ័យធ្ងន់ធ្ងរចំពោះជីវិតរបស់ពួកគេ ឬក៏សេរីភាពរបស់ពួកគេ»។
រដ្ឋបាលរបស់លោក Trump បានការពារគោលនយោបាយនេះ ដោយបានបញ្ជាក់ថា វាជាការឆ្លើយតបចំពោះវិបត្តិនៅព្រំដែនភាគខាងត្បូងសហរដ្ឋអាមេរិក ដែលវាធំហួសពីសមត្ថភាពរបស់មន្ត្រីអន្តោប្រវេសន៍នៅក្នុងការរារាំងជនចំណាកស្រុក៕