សន្និបាតជាតិគណបក្សសាធារណរដ្ឋនៅថ្ងៃអង្គារនេះផ្តោតលើបញ្ហាសេដ្ឋកិច្ច បន្ទាប់ពីលោកស្រី Melania Trump កាលពីម្សិលមិញបានប្រាប់ទស្សនិកជនទូទៅថាស្វាមីរបស់លោកស្រី លោក Donal Trump គឺជា «មេដឹកនាំដ៏អស្ចារ្យមួយរូប» និងជាមនុស្សតែម្នាក់គត់ដែលអាចនាំការផ្លាស់ប្តូរមកឲ្យសហរដ្ឋអាមេរិកបាន។
អ្នកឡើងថ្លែងសុន្ទរកថានៅក្នុងសន្និបាតគណបក្សសាធារណរដ្ឋក្នុងទីក្រុង Cleveland រដ្ឋ Ohioនៅថ្ងៃអង្គារនេះ រួមមាន ឥស្សរជនកំពូលៗរបស់គណបក្សដូចជាប្រធានរដ្ឋសភាសហរដ្ឋអាមេរិកលោក Paul Ryan និងអតីតបេក្ខជនប្រធានាធិបតី លោក Chris Christie និងលោក Ben Carson ជាដើម។
លោកស្រី Melania Trump បានលើកឡើងថា៖ «ប្រសិនបើអ្នកចង់បាននរណាម្នាក់ជួយតស៊ូចេញមុខជំនួសអ្នក និងប្រទេសរបស់អ្នក ខ្ញុំអាចធានាថាលោក Donal Trump គឺជាបេក្ខជនដ៏សាកសមបំផុត»។
លោកស្រីដែលជាជនអន្តោប្រវេសន៍ជាតិស្លូវេនីមួយរូប ដែលភាគច្រើនមិនឃើញចូលរួមនៅក្នុងយុទ្ធនាការឃោសនាបោះឆ្នោតប្រធានាធិបតីនោះ បានរៀបរាប់ពីរឿងផ្ទាល់ខ្លួននៅក្នុងផ្នែកខ្លះនៃសេចក្តីថ្លែងសុន្ទរកថារបស់លោកស្រី។
ប៉ុន្តែការលើកឡើងរបស់លោកស្រីបានធ្វើឲ្យសាធារណជនមានចម្ងល់អំពីប្រភពនៃពាក្យសម្តីនេះ បន្ទាប់ពីអ្នកកាសែតបានកត់សម្គាល់ឃើញថា ការលើកឡើងនេះស្រដៀងទៅនឹងឃ្លាមួយដែលបានបញ្ជាក់ដោយលោកស្រី Michelle Obama នៅក្នុងសន្និបាតជាតិគណបក្សប្រជាធិបតេយ្យកាលពីឆ្នាំ ២០០៨។
លោកស្រីភរិយាលោក Trump បានរៀបរាប់យ៉ាងដូច្នេះថា៖ «តាំងពីក្មេងមកម្ល៉េះ អ្នកបានជំរុញចិត្តខ្ញុំឲ្យខិតខំប្រឹងប្រែងតស៊ូ ដើម្បីសម្រេចនូវអ្វីដែលយើងចង់បាន។ ពាក្យសម្តីរបស់អ្នកគឺជាកិច្ចសន្យារបស់អ្នក ហើយអ្នកត្រូវធ្វើអ្វីដែលអ្នកនិយាយ និងរក្សាពាក្យសន្យារបស់ខ្លួន។ ហើយអ្នកត្រូវតែគោរពមនុស្សទូទៅឲ្យបានស្មើភាពគ្នា»។
ឯការលើកឡើងរបស់លោកស្រី Michelle Obama វិញ គឺគាត់បានរៀបរាប់ថា៖ «លោក Barack Obama និងខ្ញុំ ត្រូវបានចិញ្ចឹមបីបាច់នៅក្នុងគុណតម្លៃដូចគ្នា គឺថា អ្នកត្រូវតែប្រឹងប្រែងតស៊ូដើម្បីសម្រេចអ្វីដែលអ្នកចង់បានក្នុងជីវិតរបស់អ្នក។ ពាក្យសម្តីរបស់អ្នកគឺជាកិច្ចសន្យាចងខ្លួនអ្នក ហើយអ្នកត្រូវធ្វើអ្វីដែលអ្នកបានសន្យាថានឹងធ្វើ។ លើសពីនេះទៀត អ្នកត្រូវតែរាប់អានមនុស្សរាល់គ្នាដោយសេចក្តីថ្លៃថ្នូរ និងការគោរព»។
យុទ្ធនាការរបស់លោក Trump បានចេញសេចក្តីថ្លែងការណ៍កាលពីព្រឹកថ្ងៃអង្គារនេះ ដោយឈរលើមូលដ្ឋាននៃសេចក្តីថ្លែងសុន្ទរកថារបស់អង្គសន្និបាតបក្ស៕