អ្នកស្រី Melania Trump ចាប់​ផ្តើម​ទស្សនកិច្ច​ទៅ​កាន់​បណ្តា​ប្រទេស​នៅ​ទ្វីប​អាហ្វ្រិក

លោក​ស្រី Melania Trump អញ្ជើញ​ឡើង​យន្តហោះ កាលពី​ថ្ងៃទី១ ខែតុលា ឆ្នាំ២០១៨ នៅ​ក្នុង​មូលដ្ឋាន​ទ័ព​អាកាស Andrews Air Force Base ក្នុង​រដ្ឋ Maryland សម្រាប់​ទស្សនកិច្ច​ទៅ​ទ្វីប​អាហ្វ្រិក​របស់​លោកស្រី។

អ្នកស្រី Melania Trump ដែល​ជា​ភរិយា​របស់​ប្រធានាធិបតី​អាមេរិក លោក ដូណាល់ ត្រាំ បាន​ធ្វើ​ដំណើរ​ទៅ​កាន់​បណ្តា​ប្រទេស​នៅ​ទ្វីប​អាហ្វ្រិក​កាល​ពី​ថ្ងៃ​ចន្ទ ដែល​នេះ​ជា​ដំណើរ​ទស្សនកិច្ច​តែ​ម្នាក់​ឯង​លើក​ដំបូង​បង្អស់​ទៅ​កាន់​បរទេស​របស់​អ្នកស្រី ចាប់​តាំង​ពី​ស្វាមី​របស់​អ្នកស្រី​ក្លាយ​ជា​ប្រធានាធិបតី​អាមេរិក​មក។

សេតវិមាន​បាន​ឲ្យ​ដឹង​ថា ទស្សនកិច្ច​ទៅ​កាន់​ប្រទេស​ចំនួន​៤​របស់​អ្នកស្រី ដែល​រួម​មាន​ប្រទេស ហ្គាណា ម៉ាឡាវី កេនយ៉ា និង​អេហ្ស៊ីប នឹង​ផ្តោត​ទៅ​លើ​ការ​ថែទាំ​សុខភាព​ម្តាយ​និង​ទារក​ទើប​នឹង​កើត​នៅក្នុង​មន្ទីរពេទ្យ ការ​អប់រំ​សម្រាប់​កុមារ ការ​យល់​ដឹង​ពី​វប្បធម៌​ និង​ប្រវត្តិសាស្ត្រ​នៃ​បណ្តា​ប្រទេស​នៅ​ទ្វីប​អាហ្វ្រិក​ ហើយ​និង​របៀប​ដែល​សហរដ្ឋអាមេរិក​កំពុង​តែ​គាំទ្រ​ដល់​ប្រទេស​នីមួយៗ​ដើម្បី​ឲ្យ​ប្រទេស​ទាំង​នោះ​អាច​ពឹង​ផ្អែក​លើ​ខ្លួន​ឯង​បាន។

សុខុមាលភាព​កុមារ​បាន​ក្លាយ​ជា​ចំណុច​ផ្តោត​សំខាន់​នៃ​យុទ្ធនាការ​ «Be Best» របស់​អ្នកស្រី Melania Trump ដែល​ទើប​តែ​ចាប់​ផ្តើម​អនុវត្ត​កាល​ពី​ដើម​ឆ្នាំ​នេះ។

ទស្សនកិច្ច​រយៈពេល​៥​ថ្ងៃ​របស់​អ្នកស្រី​អាច​នឹង​ស្មុគស្មាញ​ដោយសារ​តែ​សកម្មភាព​និង​ពាក្យ​សម្តី​របស់​ស្វាមី​អ្នកស្រី ដែល​បាន​ប្រើ​ពាក្យ​សម្តី​មិន​សមរម្យ​ហៅ​ប្រទេស​នៅ​អាហ្វ្រិក​ទាំង​នោះ។

លោក Judd Devermont ដែល​ជា​នាយក​កម្មវិធី​អាហ្វ្រិក​នៃ​មជ្ឈមណ្ឌល​សម្រាប់យុទ្ធសាស្ត្រ​និង​ការ​សិក្សា​អន្តរជាតិ បាន​មាន​ប្រសាសន៍​ថា អ្នកស្រី Melania Trump «មាន​ភារកិច្ច​ធំៗ​មួយ​ចំនួន​ក្នុង​ទស្សនកិច្ច​នេះ ហើយ​វា​មិន​សូវ​យុត្តិធម៌​សម្រាប់​អ្នកស្រី​នោះ​ទេ ដោយសារ​តែ​នេះ​មិនមែន​ជា​អ្វី​ដែល​ទស្សនកិច្ច​របស់​អ្នកស្រី​គួរ​ផ្តោត​នោះ​ទេ»៕