គណៈកម្មការទន្លេមេគង្គនៃអន្តររដ្ឋាភិបាល (MRC) បានជំរុញប្រទេសចិន និងប្រទេសផ្សេងទៀតនៅក្នុងតំបន់អាស៊ីអាគ្នេយ៍ឲ្យចែករំលែកទិន្នន័យបន្ថែមទៀតស្តីពីប្រតិបត្តិការវារីអគ្គិសនីដែលបណ្តាលឲ្យមានការកើនឡើង ឬការធ្លាក់ចុះនៃកម្រិតទឹកនៅក្នុងទន្លេមេគង្គ។ នេះតាមសេចក្តីរាយការណ៍របស់ទីភ្នាក់ងារព័ត៌មាន Reuters។
ការប្រែប្រួលនៃកម្រិតទឹករបស់ទន្លេមេគង្គ បានធ្វើឲ្យប៉ះពាល់ដល់ការធ្វើដំណើរ ប្រព័ន្ធបរិស្ថាន និងស្ថិរភាពនៃច្រាំងទន្លេនៅក្នុងតំបន់ ដែលមានមនុស្សរាប់លាននាក់បានរស់នៅដោយពឹងផ្អែកទៅលើទន្លេមួយនេះ សម្រាប់ជីវិតប្រចាំថ្ងៃរបស់ពួកគេ។
នៅក្នុងរបាយការណ៍មួយដែលបានចេញផ្សាយកាលពីថ្ងៃពុធម្សិលមិញ គណៈកម្មការទន្លេមេគង្គ ឬ MRC បានបញ្ចាក់ថា ទំនប់វារីអគ្គិសនីនៅតាមដងទន្លេមេគង្គ បានស្តុកទឹកទុកនៅដើមរដូវប្រាំងឆ្នាំនេះ ប៉ុន្តែបានបើកទ្វារទឹកដោយបញ្ចេញទឹកមកក្រៅវិញក្នុងចំនួនច្រើនលើសកម្រឹតជាមធ្យម ក្នុងរយៈពេល៥ខែ ដើមឆ្នាំនេះ។
ស្ថានភាពរាំងស្ងួតក្នុងរយៈពេល២ឆ្នាំកន្លងទៅ នៅតែបន្តកើតមានដែលធ្វើឲ្យប៉ះពាល់ដល់រដូវកាលនៃលំហូរទឹក និងធ្វើឲ្យរាំងស្ទះដល់កំណើនទឹកក្នុងបឹងទន្លេសាបក្នុងប្រទេសកម្ពុជាដែលពលរដ្ឋភាគច្រើននៅក្នុងប្រទេសនេះ បានពឹងផ្អែកលើទឹកទន្លេនេះ សម្រាប់វិស័យកសិកម្ម របរនេសាទត្រី និងការដឹកជញ្ជូនជាដើមនោះ។
របាយការណ៍នោះបន្តទៀតថា បើទោះបីជាប្រទេសថៃនិងកម្ពុជាមានភ្លៀងធ្លាក់ជាច្រើនដែលមិនធ្លាប់មានពីមុនមកនៅតាមកន្លែងខ្លះៗកាលពីខែមេសា និងខែឧសភាក៏ដោយ ក៏ស្ថានភាពនៃលំហូរទឹកទន្លេមេគង្គពុំមានការកើនឡើងជាធំដុំនៅក្នុងរយៈពេលនោះឡើយ។
គណៈកម្មការ MRC ដែលមានប្រទេសឡាវ ថៃ កម្ពុជា និងប្រទេសវៀតណាម ជាសមាជិកនោះ បានគូសបញ្ជាក់ថា បើទោះបីជាការបើកទឹកពីទំនប់វារីអគ្គិសនី បានជួយដល់វិស័យកសិកម្ម និងទប់មិនឲ្យមានការហូរចូលនៃទឹកសមុទ្រក្តី ក៏ការគ្រប់គ្រងនៃអាងស្តុកទឹករបស់ទន្លេមេគង្គ អាចធ្វើឲ្យមានលក្ខណៈប្រសើរឡើងតាមរយៈការចែកចាយទិន្នន័យគ្នាបន្ថែមទៀត។
ប្រទេសចិនកាលពីឆ្នាំទៅ បានយល់ព្រមធ្វើការចែករំលែកទិន្នន័យទឹកភ្លៀងនិងកម្រឹតទឹកទន្លេមេគង្គពេញមួយឆ្នាំជាមួយគណៈកម្មការ MRC និងបានសន្យាជូនដំណឹងដល់គណៈកម្មការនេះ ក៏ដូចជាប្រទេសសមាជិករបស់ទន្លេមេគង្គស្តីពីការផ្លាស់ប្តូរមិនប្រក្រតីនៃកម្រិតទឹក។
អ្នកនាំពាក្យក្រសួងការបរទេសចិនលោក Wang Wenbin និយាយថា ចិនបានចែករំលែកទិន្នន័យ ដែលមាន«លក្ខណៈបើកចំហរពេញលេញនិងមានតម្លាភាព» ដល់កិច្ចសហប្រតិបត្តិការមេគង្គឡានឆាង ឬ LMC ដែលជាវេទិកាមួយនៃកិច្ចសហប្រតិបត្តិការអន្តរជាតិដែលត្រូវបានបង្កើតឡើងក្នុងឆ្នាំ២០១៦ នោះ៕