គណៈរដ្ឋមន្រ្តីថៃបានលប់ចោលគម្រោងមួយដែលគាំទ្រដោយរដ្ឋាភិបាលក្រុងប៉េកាំងដើម្បីបូមភក់និងបំផ្ទុះយកថ្មនៅក្នុងទន្លេចេញដើម្បីឲ្យកប៉ាល់ធំៗបើកបរបានបន្ទាប់ពីការប្រឆាំងតវ៉ារបស់ពួកអ្នកស្រុកជាច្រើនឆ្នាំ។ក្រុមអង្គការសិទ្ធិមនុស្សនិងពួកអ្នកស្រាវជ្រាវបានស្វាគមន៍ការសម្រេចរបស់ប្រទេសថៃលប់ចោលគម្រោងដែលគាំទ្រដោយរដ្ឋាភិបាលក្រុងប៉េកាំងដើម្បីបូមភក់និងបំផ្ទុះយកថ្មនៅក្នុងទន្លេមេគង្គចេញនៅតាមបណ្តោយព្រំដែនថៃនិងឡាវ។
ចំណាត់ការនេះជាជ័យជម្នះដ៏កម្រមួយសម្រាប់ក្រុមអង្គការសិទ្ធិមនុស្សនិងសហគមន៍ដែលប្រយុទ្ធដើម្បីជួយសង្គ្រោះទន្លេដ៏សំខាន់បំផុតនៅក្នុងតំបន់អាស៊ីអាគ្នេយ៍កុំឲ្យគេអភិវឌ្ឍន៍ជ្រុល។
ផែនការរបស់រដ្ឋាភិបាលក្រុងប៉េកាំង ដែលបានទទួលការយល់ព្រមពីប្រទេសឡាវថៃនិងមីយ៉ាន់ម៉ានៅឆ្នាំ២០០០ គឺធ្វើផ្លូវនាវាចរណ៍ត្រង់និងឆ្លងកាត់ដ៏រហ័សសម្រាប់កប៉ាល់ដឹកទំនិញធំៗដោយសង្ឃឹមថានឹងឆ្លងកាត់ទន្លេមេគង្គរវាងខេត្តយូណានដែលគ្មានសមុទ្រនៃប្រទេសចិននិងផ្លូវពាណិជ្ជកម្មដ៏មមាញឹកនៃសមុទ្រចិនខាងត្បូង។ក្រុមអង្គការសិទ្ធិមនុស្សនិងសហគមន៍ក្នុងមូលដ្ឋាន ភ័យខ្លាចថា គម្រោងនេះនឹងបំផ្លាញជម្រកត្រីដ៏សំខាន់និងរបៀបរស់នៅរបស់ពួកគេ។
លោកស្រី ទ្រីស៊ូលី ទ្រីសារ៉ាណាគុលអ្នកនាំពាក្យរដ្ឋាភិបាលថៃនិយាយថា គណៈរដ្ឋមន្រ្តីបានបោះចោលផែនការនោះកាលពីថ្ងៃអង្គារសប្តាហ៍មុន។
លោកស្រីបានប្រាប់ VOA ថា «មូលហេតុគឺថាចិន មិនគាំទ្រគម្រោងនេះទៀតទេហើយគម្រោងនេះប៉ះពាល់ដល់ប្រជារាស្រ្តថៃពីព្រោះតែ ប្រជារាស្រ្តថៃមិនចង់ឲ្យមានគម្រោងនេះ»។
លោកស្រីភានផន ឌីថេតជានាយិកាយុទ្ធនាការថៃសម្រាប់អង្គការទន្លេអន្តរជាតិដែលគាំទ្រការរៀបចំចាត់ចែងទន្លេប្រកបដោយចីរភាពបានហៅការបោះបង់ចោលគម្រោងនេះជា«ជ័យជម្នះដ៏សំខាន់មួយសម្រាប់ទន្លេមេគង្គ»។
លោកស្រីនិយាយក្នុងសេចក្តីថ្លែងការណ៍ថាបើ គម្រោងនេះរំកិលទៅមុខ «វានឹងប្រែក្លាយទន្លេនេះពីខ្សែទឹកដែលទ្រទ្រង់ជីវិតទៅជារបៀងឧស្សាហកម្មដែលក្រុមហ៊ុនបរទេស ទទួលបានផលប្រយោជន៍ដោយធ្វើឲ្យខូចខាតយ៉ាងខ្លាំងដល់ការរស់នៅនិងជីវៈចម្រុះ ដែលមានលក្ខណៈដូចគ្នាទៅនឹងតំបន់អាម៉ាហ្សូន»។
សេចក្តីថ្លែងការណ៍នោះបានប្រាប់ឲ្យដឹងទៀតថា «ក៏ប៉ុន្តែការសម្រេចកាលពីសប្តាហ៍មុនដោយគណៈរដ្ឋមន្រ្តីរបស់ថៃ ចាត់ទុកជាការបង្អាក់ដល់ការស្ទុះស្ទាឥតគិតគូរដើម្បីប្រែក្លាយនិងឆ្លៀតយកផលប្រយោជន៍ធនធានដ៏សម្បូរបែបនៅក្នុងទន្លេមេគង្គ។ការសម្រេចនេះ ផ្តល់នូវក្តីសង្ឃឹមខ្លះថាអនាគតមួយ អាចកើតមាន ដែលមានការទទួលខុសត្រូវដ៏ពេញលេញចំពោះតម្លៃបរិស្ថាន សង្គមនិងវប្បធម៌ដ៏សំខាន់របស់ទន្លេមេគង្គ»។
ពួកអ្នករិះគន់គម្រោងនោះនិយាយថា ផ្នែកនៃទន្លេដែលមានទឹកហូរខ្លាំងគឺជាកន្លែងបន្តពូជរបស់ត្រីរាជទន្លេមេគង្គដែលងាយរងគ្រោះបំផុតក្នុងទន្លេមេគង្គដែលអាចមានប្រវែង៣ម៉ែត្រនិងទម្ងន់៣រយគីឡូក្រាម។ពួកអ្នករិះគន់ ក៏ព្រួយបារម្ភដែរថាការប្រែក្លាយផ្លូវទឹកដែលមានទស្សនីយភាពដ៏ល្អទៅជាផ្លូវដឹកជញ្ជូនដ៏មមាញឹកនឹងបំផ្លាញវិស័យទេសចរណ៍ដែលជួយទ្រទ្រង់សហគមន៍ជាច្រើននៅតាមបណ្តោយដងទន្លេនោះ។
លោកស្រី ភានផន បានផ្តល់ការសរសើរយ៉ាងខ្លាំងដល់ការធ្វើយុទ្ធនាការណ៍ថ្នាក់មូលដ្ឋានរួមគ្នាប្រឈមនឹងរដ្ឋាភិបាលថៃរបស់អង្គការ២គឺ អង្គការអភិរក្សឈៀងខុងនិងបណ្តាញការងាររបស់ប្រជាពលរដ្ឋមេគង្គថៃចំពោះការខិតខំយ៉ាងខ្លាំងហើយធ្វើការប្រយុទ្ធប្រឆាំងទាំងរដ្ឋាភិបាលថៃនិងក្រុមហ៊ុនសំណង់គមនាគមន៍របស់ចិនដែលជាអ្នកអភិវឌ្ឍន៍គម្រោងនោះ។
លោក នីវ៉ាត់ រ៉យកែវ នៃអង្គការឈៀងខុងបាននិយាយថា ពួកអ្នកស្រុកជាច្រើនមុនដំបូងនៅមានចម្ងល់អំពីអត្ថប្រយោជន៍នៃការចាត់វិធានការតទល់នឹងរដ្ឋាភិបាលនិងក្រុមហ៊ុនចិននេះ។
លោក បាននិយាយក្នុងសេចក្តីថ្លែងការណ៍ទៀតថា «ក៏ប៉ុន្តែការណ៍នេះ បង្ហាញថា យើងអាចធ្វើបានដោយយុទ្ធនាការណ៍ផ្អែកលើភស្តតាង។យ៉ាងហោចណាស់គម្រោងនេះ ត្រូវបានលុបចោលជាផ្លូវការ»។
លោក Brian Eyler ជាអ្នកស្រាវជ្រាវជាន់ខ្ពស់នៅឯមជ្ឈមណ្ឌល Stimsonដែលមានទីតាំងក្នុងរដ្ឋធានីវ៉ាស៊ីនតោន ដែលដឹកនាំគម្រោងគោលនយោបាយទន្លេមេគង្គរបស់ក្រុមស្រាវជ្រាវបានប្រាប់ VOA ថា «ថ្វីបើចិន ដកខ្លួនយ៉ាងស្ងាត់ចេញពីគម្រោងនោះប្រហែល១ឆ្នាំមុនក៏ដោយ ដោយបានកាត់ថវិកាសម្រាប់ការសិក្សាការសម្រេចរបស់គណៈរដ្ឋមន្រ្តីថៃកាលពីថ្ងៃអង្គារសប្តាហ៍មុន ជាការបរាជ័យ»។លោក បាននិយាយទៀតថា៖ «ពួកសកម្មជនរបស់សហគមន៍មូលដ្ឋានក្នុងតំបន់ភាគខាងជើងប្រទេសថៃ គួរត្រូវទទួលបានការសរសើរចំពោះការតស៊ូដ៏ស្វិតស្វាញនិងមិននឿយហត់នេះ។ការឈ្នះដូចនេះ មិនកើតមានឡើងញឹកញាប់នៅក្នុងទន្លេមេគង្គទេ»។
ក៏ប៉ុន្តែ លោក Eyler និយាយទៀតថាពួកសកម្មជន ក៏មានសំណាងដែរដែលការព្រួយកង្វល់របស់ពួកគេស្របគ្នាទៅនឹងការព្រួយកង្វល់របស់ពួកមន្រ្តីយោធាថៃ ដែលមានការប្រយ័ត្នប្រយែងយ៉ាងខ្លាំងពីការយាមល្បាតប្រដាប់ដោយអាវុធជាប្រចាំរបស់ចិននៅទន្លេមេគង្គកាលពីអតីតកាលហួសពីព្រំដែនរបស់ខ្លួន។
លោកបាននិយាយថា៖
«ក្នុងឧទាហរណ៍នេះ ការព្រួយកង្វល់ខាងសន្តិសុខដែលអាចដោះស្រាយបានរបស់ថៃគួបផ្សំជាមួយការព្រួយកង្វល់របស់ក្រុមសហគមន៍ដែលមានការរៀបចំយ៉ាងល្អគម្រោងនេះត្រូវលប់ចោលដោយមិនខ្វល់ខ្វាយពីមនុស្សផ្សេងទៀតនៅក្នុងប្រទេសថៃ គិតចំពោះផលប្រយោជន៍ផ្នែកពាណិជ្ជកម្មដ៏ច្រើននៅទន្លេមេគង្គនេះ»។
ការច្រានចោលរបស់ថៃនូវគម្រោងដែលគាំទ្រដោយរដ្ឋាភិបាលក្រុងប៉េកាំងជាការកម្រមួយ។ ក៏ប៉ុន្តែ ហេដ្ឋារចនាសម្ព័ន្ធដ៏ធំបំផុតរបស់ចិននៅទូទាំងតំបន់ បានជួបប្រទះការប្រឆាំងតវ៉ាឬស្ទះដំណើរការនៅកន្លែងផ្សេងទៀតដែរ។
ចាប់តាំងពីពួកអ្នកបោះឆ្នោតម៉ាឡេស៊ី បានបណ្តេញពួកមេដឹកនាំពុករលួយចេញពីអំណាចនៅពាក់កណ្តាលឆ្នាំ២០១៨មករដ្ឋាភិបាលថ្មីកាត់បន្ថយសោហ៊ុយរបស់គម្រោងកំពង់ផែនិងផ្លូវរទេះភ្លើងដែលគាំទ្រដោយរដ្ឋាភិបាលក្រុងប៉េកាំងដែលបានគំរាមកំហែងធ្វើឲ្យប្រទេសនោះធ្លាក់ចូលក្នុងបំណុលកាន់តែខ្លាំង។នៅក្នុងប្រទេសមីយ៉ាន់ម៉ា ការស្វះស្វែងរបស់ចិនដើម្បីស្ថាបនាទំនប់វារីអគ្គីសនី Myitsoneបានជួបនូវការជំទាស់ប្រឆាំងយ៉ាងខ្លាំងពីពួកអ្នកស្រុកហើយត្រូវបានបញ្ឈប់ចាប់តាំងពីរដ្ឋាភិបាលយោធារបស់ប្រទេសនោះ បានចាប់ផ្តើមធ្វើកំណែទម្រង់តាមបែបប្រជាធិបតេយ្យនៅឆ្នាំ២០១១មក។
លោ Eyler បាននិយាយទៀតថា «ក្នុងប្រទេសនានាដែលពលរដ្ឋក្នុងមូលដ្ឋានមានផលប៉ះពាល់ជាអវិជ្ជមានដោយគម្រោងទាំងនោះអាចចាត់វិធានការដើម្បីសម្តែងនូវក្តីព្រួយកង្វល់ហើយជំរុញឲ្យមានកិច្ចព្រមព្រៀងកាន់តែប្រសើរឡើងឬពន្យាពេលឬលប់ចោលគម្រោងនោះយើង បានឃើញក្រុមហ៊ុនចិនទាំងនោះបានឆ្លើយតបដោយការបង្កើនបទដ្ឋានឬតម្លាភាពឬគម្រោងដែលមានមកពីមុនទេ។ទោះជាយ៉ាងណាក៏ដោយ ការណ៍នេះមិនបានកើតមានឡើងនោះទេនៅក្នុងប្រទេសនានាដូចជាប្រទេសលាវឬកម្ពុជាដែលក្រុមអង្គការសង្គមស៊ីវិលនិងពួកអ្នកទទួលផលប៉ះពាល់កម្រមានសំឡេង។
ចិន មានទន្លេយ៉ាងវែងដោយមានទំនប់វារីអគ្គីសនីចំនួន១១ខណៈដែលប្រទេសលាវនិងកម្ពុជាកំពុងប្រតិបត្តិការសាងសង់ឬរៀបចំផែនការសាងសង់ច្រើនថែមទៀតដោយមានការផ្គត់ផ្គង់ថវិកាមកពីចិន ថៃនិងវៀតណាម។ពួកអ្នកស្រាវជ្រាវបានព្រមានពីការដួលរលំខាងបរិស្ថានរបស់ទន្លេនោះប្រសិនបើប្រទេសទាំងអស់ស្ថាបនាទំនប់វារីអគ្គីសនីទាំងនោះ៕
ប្រែសម្រួលដោយជឹងប៉ូជីន