លោកស៊ុន ថាយ៉ាពឹងផ្អែកទៅលើរបរដឹកភ្ញៀវទេសចរណ៍តាមទូកនេះដើម្បីរកចំណូលផ្គត់ផ្គង់គ្រួសារអស់រយៈពេលជាច្រើនឆ្នាំមកហើយ។
អ្នកនេសាទជនជាតិឡាវរូបនេះមានប្រសាសន៍ថា ជាមធ្យមលោកអាចរកប្រាក់ចំណូលបានប្រមាណ២០ម៉ឺនគីប ឬស្មើនឹងប្រមាណ២៥ដុល្លារអាមេរិកក្នុងមួយខែពីសេវាកម្មនាំភ្ញៀវទេសចរណ៍មកមើលផ្សោតនៅទីនេះគឺនៅតាមបណ្តោយព្រំដែនឡាវ-ខ្មែរ។
នៅពេលដែលគ្មានអ្នកទេសចរណ៍មកលេង លោកថាយ៉ាងាកទៅធ្វើនេសាទជំនួសវិញដើម្បីទ្រទ្រង់ជីវភាពគ្រួសាររបស់លោក។
ប៉ុន្តែនៅពេលនេះ ឪពុកនៃកូន៤នាក់រូបនេះមានប្រសាសន៍ថា ជីវភាពរស់នៅរបស់លោកកំពុងប្រឈមនឹងភាពមិនប្រាកដប្រជា ដោយសាររដ្ឋាភិបាលឡាវបានគ្រោងសាងសង់ទំនប់វារីអគ្គិសនីមួយនៅក្បែរនេះ គឺនៅលើច្រកដនសាហុង ដែលជាច្រកដ៏សំខាន់មួយនៃទន្លេមេគង្គស្ថិតនៅចម្ងាយប្រមាណតែ២គីឡូម៉ែត្រប៉ុណ្ណោះពីទីនេះ។
«ខ្ញុំមិនដឹងថា ត្រូវធ្វើអ្វីទេ នៅពេលដែលគេសាងសង់ទំនប់នេះ។ ប៉ុន្តែខ្ញុំនឹងរង់ចាំឲ្យរដ្ឋាភិបាលផ្តល់ការងារឲ្យខ្ញុំធ្វើ។ ខ្ញុំមិនអាចនិយាយបានទេថា ខ្ញុំមិនចូលចិត្តទំនប់នេះ ហើយខ្ញុំក៏មិនអាចស្នើឲ្យរដ្ឋាភិបាលបញ្ឈប់ទំនប់នេះដែរ»។
Your browser doesn’t support HTML5
រដ្ឋាភិបាលឡាវលើកឡើងថា គម្រោងទំនប់នេះនឹងជួយអភិវឌ្ឍសេដ្ឋកិច្ចជាតិឡាវ ដោយសារប្រទេសឡាវអាចលក់អគ្គិសនី ដែលទទួលបានពីទំនប់នេះទៅឲ្យប្រទេសជិតខាង ដូចជាប្រទេសថៃជាដើម។
ប៉ុន្តែគម្រោងទំនប់ដែលអាចផ្តល់ថាមពល២៦០មេហ្គាវ៉ាត់នេះបានទាក់ទាញការរិះគន់និងការព្រួយបារម្ភយ៉ាងច្រើន មិនត្រឹមតែពីសំណាក់អ្នកនេសាទឡាវ ដូចជាលោកថាយ៉ាប៉ុណ្ណោះទេគឺទាំងពីសំណាក់មន្ត្រី ក្រុមអង្គការសង្គមស៊ីវិល និងសហគមន៍តាមដងទន្លេមេគង្គចាប់តាំងពីប្រទេសថៃរហូតដល់ប្រទេសកម្ពុជា និងវៀតណាមថែមទៀតផង។
នៅក្នុងប្រទេសថៃនេះ ប្រជាសហគមន៍ដែលរស់នៅតាមដងទន្លេមេគង្គលើកឡើងថា ប្រសិនបើត្រូវបានសាងសង់មែន ទំនប់ដនសាហុងរបស់ប្រទេសឡាវនឹងបង្កផលប៉ះពាល់ធ្ងន់ធ្ងរដល់ជីវភាពរស់នៅរបស់ពួកគេ ដែលពឹងអាស្រ័យជាសំខាន់ទៅលើផលនេសាទ និងធនធានធម្មជាតិដទៃទៀតរបស់ទន្លេមេគង្គ។
លោកភួរ៉ាពង់ ពូម៉ុនគឺជានាយកសមាគម Living River Siam មានមូលដ្ឋាននៅក្នុងទីក្រុងឈៀង ម៉ៃ ប្រទេសថៃ ហើយដែលធ្វើការជាមួយប្រជាសហគមន៍ថៃ។
«នៅក្នុងប្រទេសថៃ យើងមានខេត្តចំនួន៨ដែលជាប់ទន្លេមេគង្គ ហើយប្រជាជននៅទីនេះបាននិងកំពុងរស់នៅនិងពឹងអាស្រ័យលើទន្លេនេះជាច្រើនជំនាន់មកហើយ ជាពិសេសទៅលើជលផល ការដាំបន្លែបង្ការនៅតាមច្រាំងទន្លេ និងការដឹកជញ្ជូន។ ដូច្នេះទំនប់នេះនឹងបង្កផលប៉ះពាល់ជាច្រើនទៅលើមិនត្រឹមតែប្រជាជនថៃប៉ុណ្ណោះទេ គឺថែមទាំងតំបន់ទាំងមូល»។
ប្រសិនបើត្រូវគេសាងសង់ ទំនប់ដនសាហុងនឹងរាំងខ្ទប់ច្រកដ៏សំខាន់ជាងគេនៃទន្លេមេគង្គដែលអ្នកជំនាញឯករាជ្យនិយាយថា ច្រកនោះអាចអនុញ្ញាតឲ្យត្រីផ្លាស់ទីបានគ្រប់រដូវ ពេញមួយឆ្នាំ។
ក្រុមអ្នកជំទាស់នឹងការសាង់សង់ទំនប់នេះលើកឡើងថា ទោះបីក្រុមហ៊ុនអភិវឌ្ឍន៍ទំនប់នេះមានចេតនាកែច្នៃច្រកចំនួនពីរផ្សេងទៀតគឺច្រកសាដាម និងហ្សាងភឿកដើម្បីជំនួសច្រកដនសាហុងក៏ដោយ ក៏ច្រកជំនួសទាំងពីរនោះមិនសមស្របសម្រាប់ប្រភេទត្រីភាគច្រើនហែលឆ្លងកាត់ឡើយ។
លោកតឹក វណ្ណារ៉ាគឺជានាយកប្រតិបត្តិនៃអង្គការ NGO Forum មានមូលដ្ឋាននៅក្នុងប្រទេសកម្ពុជា។
«ច្រកសាដាម និងហ្សាងភឿកហ្នឹង វាហូរដែរ ប៉ុន្តែច្រកទាំងហ្នឹងមានត្រីប្រភេទតិចបំផុតដែលអាចឆ្លងកាត់បាន។ អញ្ចឹងផលប៉ះពាល់ទៅលើប្រជាជនជាង៦០លាននាក់គឺធនធានត្រី អញ្ចឹងនៅក្រោមទំនប់ហ្នឹងគឺជាតំបន់រ៉ាមសារក្នុងខេត្តស្ទឹងត្រែងរបស់ប្រទេសកម្ពុជា ដែលមានអន្លង់ជ្រៅៗសម្រាប់ត្រីពង កូន និងហូរទៅទន្លេសាប។ ប្រសិនបើមានការសាងសង់ទំនប់ដនសាហុង ចរាចរត្រីត្រូវផ្អាក ច្រើនប្រភេទណាស់ អញ្ចឹងត្រីត្រូវបាត់បង់»។
នៅក្នុងកិច្ចប្រជុំពិគ្រោះយោបល់មួយដែលបានធ្វើឡើងកាលពីខែធ្នូនៅក្នុងទីក្រុងប៉ាក់សេ ប្រទេសឡាវ តំណាងបណ្តាញទន្លេវៀតណាមគឺកញ្ញា Duong Thien បានអំពាវឲ្យមានការលុបចោលគម្រោងសាងសង់ទំនប់ដនសាហុងនេះ។
«យើងអំពាវនាវសុំឲ្យរដ្ឋាភិបាលឡាវលុបចោលជាបន្ទាន់នូវគម្រោងដនសាហុងនេះ ហើយក៏សុំឲ្យរដ្ឋាភិបាលវៀតណាម ថៃ និងកម្ពុជាចាត់វិធានការចាំបាច់នានាដើម្បីរក្សាការទទួលខុសត្រូវរបស់ខ្លួនក្នុងការការពារទន្លេមេគង្គ និងប្រជាជននៃទន្លេមេគង្គ»។
គណៈកម្មការជាតិទន្លេមេគង្គវៀតណាមបានអំពាវនាវឲ្យមានការពន្យារពេលគម្រោងសាងសង់ទំនប់នេះដើម្បីធ្វើការសិក្សាបន្ថែមទៀតអំពីផលប៉ះពាល់ឆ្លងព្រំដែន ជាពិសេសទៅលើចរាចរត្រី។
អ្នកនាង Nguyen Hong Phuong គឺជានាយករងនៃគណៈកម្មការនេះ។
«យើងត្រូវការពេលតាមដានច្រើនថែមទៀតគឺមិនមែន១ឆ្នាំ ឬ២ឆ្នាំទេ តែយើងត្រូវការ៥ឬ១០ឆ្នាំដើម្បីតាមដានពីរបៀបដែលត្រូវផ្លាស់ទីរបស់ត្រី និងមើលថា តើច្រកជំនួសទាំងពីរនោះសមស្របឬអត់។ យើងមិនអាចសន្និដ្ឋានជាមុនបានទេថា ច្រកទាំងនោះសមស្របសម្រាប់ឲ្យត្រីធ្វើចរាចរនោះ»។
ដូចគ្នាដែរ សមាជិកគណៈកម្មការជាតិទន្លេមេគង្គថៃគឺលោកឆៃយ៉ុត ស៊ូគស្រ៊ី មានប្រសាសន៍ថា គេត្រូវការព័ត៌មានច្រើនថែមទៀតដើម្បីឲ្យយល់ច្បាស់ពីទំនាក់ទំនងនៃប្រព័ន្ធដ៏ស្មុគស្មាញនៅក្នុងតំបន់កោះបួនពាន់ដែលគម្រោងទំនប់ដនសាហុងនោះស្ថិតនៅ។
«សូម្បីតែក្រុមហ៊ុនអភិវឌ្ឍន៍ទំនប់ហ្នឹងក៏លើកឡើងដែរថា តំបន់នោះស្មុគស្មាញមែនទែន ហើយក៏ជាតំបន់ពិសេស ដូច្នេះបើផ្អែកតាមទស្សនទានខាងបច្ចេកទេស នៅពេលដែលអ្នកធ្វើអ្វីមួយនៅក្នុងប្រព័ន្ធដ៏សាំញ៉ាំនោះ អ្នកប្រាកដជាត្រូវការព័ត៌មានយ៉ាងច្រើន»។
គណៈកម្មការជាតិទន្លេមេគង្គកម្ពុជាក៏បានសម្តែងក្តីកង្វល់របស់ខ្លួនជុំវិញគម្រោងទំនប់ដនសាហុងនេះដែរ។ លោកគល់ វឌ្ឍនាគឺជាអគ្គលេខាធិការនៃគណៈកម្មការនេះ។
«យើងរស់នៅក្នុងស្ថាប័ន MRC នេះ គឺរស់ក្នុងលក្ខណៈជាអ្នកភូមិផងរបងជាមួយគឺមានការគិតគូរគ្នាទៅវិញទៅមក ក៏ប៉ុន្តែយើងត្រូវការគម្រោងណាមួយដែលបង្កើតមកហើយបានផលប្រយោជន៍ ហើយវាមិនធ្វើឲ្យប៉ះពាល់ទៅដល់អ្នកពាក់ព័ន្ធផ្សេងៗ ក៏ដូចជារដ្ឋផ្សេងៗ ឬក៏ផលប៉ះពាល់ហ្នឹង វាត្រូវតែតូចដែលអាចទទួលយកបាន»។
ទោះជាយ៉ាងនេះក្តី ក្រុមហ៊ុនអភិវឌ្ឍន៍គម្រោងទំនប់ដនសាហុងគឺក្រុមហ៊ុន Mega First របស់ប្រទេសម៉ាឡេស៊ី បាននិយាយថា ប្រជាពលរដ្ឋមិនគួរបារម្ភចំពោះគម្រោងនេះទេ ដោយសារទំនប់នេះនឹងមិនប៉ះពាល់ធ្ងន់ធ្ងរទៅលើបណ្តាប្រទេសទាំងនៅខ្សែទឹកខាងក្រោម ទាំងខ្សែទឹកខាងលើឡើយ។
លោក Peter Hawkins គឺជានាយកផ្នែកបរិស្ថានរបស់ក្រុមហ៊ុននេះ។
«ការព្រួយបារម្ភទាំងនោះគឺមិនពិតប្រាកដទេ។ មូលហេតុគឺដោយសារបើតាមមាត្រដ្ឋាននៃការអភិវឌ្ឍវារីអគ្គិសនី គម្រោងនេះតូចណាស់គឺតូចមែនទែន បើធៀបទៅនឹងទំនប់ធំៗដទៃទៀតនៅខ្សែទឹកខាងលើក្នុងប្រទេសឡាវ និងជាពិសេសនៅក្នុងប្រទេសចិននោះ»។
រដ្ឋាភិបាលឡាវក៏ទំនងជានឹងមិនយកចិត្តទុកដាក់ទៅលើការព្រួយបារម្ភទាំងនោះដែរ។ ពួកគេនិយាយថា ប្រទេសឡាវនឹងបន្តគម្រោងសាងសង់ទំនប់ដនសាហុងនេះ ទោះបីជាមានការជំទាស់ពីបណ្តាសមាជិកផ្សេងទៀតដែលជារដ្ឋភាគីនៃគណៈកម្មការទន្លេមេគង្គក៏ដោយ។
លោកដាវវង់ ផនកែវ គឺជាអគ្គនាយកនៃនាយកដ្ឋានផែនការនិងគោលនយោបាយថាមពលរបស់ប្រទេសឡាវ។
«យើងដឹងពីការព្រួយបារម្ភទាំងនោះ ប៉ុន្តែយើងបានសិក្សាគម្រោងនេះតាំងពីឆ្នាំ២០០៦មកម៉្លេះ ហើយយើងមានទិន្នន័យជាច្រើន។ យើងប្រាកដក្នុងចិត្តណាស់ថា វិធានការកាត់បន្ថយផលប៉ះពាល់ដែលយើងនឹងធ្វើ និងមានឥទ្ធិពលតិចតួចបំផុតទៅលើប្រទេសនៅខ្សែទឹកខាងក្រោមនិងខាងលើ»។
ទោះជាយ៉ាងនេះក្តី ប្រជាពលរដ្ឋ ដូចជាលោកថាយ៉ា ដែលជាអ្នកនេសាទ និងជាអ្នករត់ទូកដឹកភ្ញៀវទេសចរណ៍ និយាយថា ពួកគេគ្រាន់តែចង់ឲ្យនៅមានត្រីសម្រាប់ឲ្យពួកគេអាចបន្តនេសាទបាន និងនៅមានផ្សោតសម្រាប់ឲ្យភ្ញៀវទេសចរណ៍អាចមកទស្សនាបានតទៅទៀតប៉ុណ្ណោះ៕