ជំនួប​រវាង​រដ្ឋមន្ត្រី​ការបរទេស​អាមេរិក និង​មន្ត្រី​កូរ៉េ​ខាង​ជើង​ត្រូវ​ពន្យារពេល

រូបឯកសារ៖ ​រដ្ឋមន្ត្រី​ការបរទេស​អាមេរិក​លោក Mike Pompeo

ក្រសួង​ការបរទេស​អាមេរិក​បាន​ចេញ​សេចក្ដី​ប្រកាស​មួយ​កាល​ពី​ព្រឹក​ថ្ងៃ​ពុធ​នេះ ដោយ​បញ្ជាក់​ថា «ជំនួប​នេះ​នឹង​ធ្វើ​ឡើង​នៅ​ថ្ងៃ​ក្រោយ។ យើង​នឹង​ចាប់ផ្ដើម​ជំនួប​នេះ​ឡើង​វិញ​នៅ​ពេល​ណា​ដែល​គម្រោង​ពេលវេលា​របស់​យើង​អនុញ្ញាត​ឲ្យ»។

គម្រោង​របស់​រដ្ឋមន្ត្រី​ការបរទេស​អាមេរិក​លោក Mike Pompeo នៅ​ក្នុង​ការ​ជួប​ជាមួយ​នឹង​មន្ត្រី​កូរ៉េ​ខាង​ជើង​នៅ​ថ្ងៃ​ព្រហស្បតិ៍​ស្អែក​នៅ​ក្នុង​ទីក្រុង​ញូវយ៉ក សហរដ្ឋ​អាមេរិក ត្រូវ​បាន​ពន្យារ​ពេល។

ក្រសួង​ការបរទេស​អាមេរិក​បាន​ចេញ​សេចក្ដី​ប្រកាស​មួយ​កាល​ពី​ព្រឹក​ថ្ងៃ​ពុធ​នេះ ដោយ​បញ្ជាក់​ថា «ជំនួប​នេះ​នឹង​ធ្វើ​ឡើង​នៅ​ថ្ងៃ​ក្រោយ។ យើង​នឹង​ចាប់ផ្ដើម​ជំនួប​នេះ​ឡើង​វិញ​នៅ​ពេល​ណា​ដែល​គម្រោង​ពេលវេលា​របស់​យើង​អនុញ្ញាត​ឲ្យ»។

សេចក្ដី​ប្រកាស​នេះ​មិន​បាន​ផ្ដល់​មូលហេតុ​ថា​ហេតុអ្វី​បាន​ជា​ជំនួប​នេះ​ត្រូវ​បាន​លុប​ចោល​នោះ​ទេ។លោក Pompeo គ្រោង​នឹង​រៀបចំ​កិច្ច​ប្រជុំ​មួយ​ជាមួយ​នឹង​លោក Kim Yong Chol ទីប្រឹក្សា​ជាន់​ខ្ពស់​របស់​មេដឹកនាំ​កូរ៉េ​ខាង​ជើង​លោក Kim Jong Un។

នៅ​ក្នុង​ការ​ប្រកាស​អំពី​កិច្ច​ប្រជុំ​នេះ​កាល​ពី​ដើម​សប្ដាហ៍​នេះ ក្រសួង​ការបរទេស​អាមេរិក​បាន​បញ្ជាក់​ថា លោក Pompeo និង​លោក Kim Yong Chol នឹង​ពិភាក្សា​អំពី «ការ​ធ្វើ​ឲ្យ​មាន​ដំណើរ​វិវឌ្ឍ​ទៅ​មុខ​នូវ​ចំណុច​សំខាន់​ទាំង ៤ នៃ​សេចក្ដី​ប្រកាស​រួម​គ្នា​រវាង​សហរដ្ឋ​អាមេរិក និង​កូរ៉េ​ខាង​ជើង នៅ​ក្នុង​កិច្ច​ប្រជុំ​នៅ​ប្រទេស​សិង្ហបុរី ដែល​ក្នុង​នោះ​មាន​ទាំង​ការ​ធ្វើ​ឲ្យ​សម្រេច​បាន​ទាំង​ស្រុង​នូវ​ការ​លុប​បំបាត់​នុយក្លេអ៊ែរ​ចុង​ក្រោយ​ដែល​អាច​ផ្ទៀងផ្ទាត់​បាន» របស់​ប្រទេស​កូរ៉េ​ខាង​ជើង។

លោក Kim Jong Un និង​ប្រធានាធិបតី​អាមេរិក​លោក Donald Trump បាន​ចុះ​ហត្ថលេខា​លើ​កិច្ច​ព្រមព្រៀង​មួយ​នៅ​ក្នុង​កិច្ច​ប្រជុំ​ជា​ប្រវត្តិសាស្ត្រ​របស់​ពួកគេ​នៅ​ក្នុង​ប្រទេស​សិង្ហបុរី​កាល​ពី​ខែ​មិថុនា​កន្លង​ទៅ​នេះ ដើម្បី​ធ្វើ​ឲ្យ​ឧបទ្វីប​កូរ៉េ​គ្មាន​អាវុធ​នុយក្លេអ៊ែរ ប៉ុន្តែ​ភាគី​ទាំង​ពីរ​មាន​ការ​ខ្វែង​គំនិត​គ្នា​អំពី​ល្បឿន​នៃ​កិច្ច​ប្រឹងប្រែង​របស់​រដ្ឋាភិបាល​ក្រុង​ព្យុងយ៉ាង​ដើម្បី​បញ្ចប់​កម្មវិធី​នុយក្លេអ៊ែរ​របស់​ខ្លួន។

កាល​ពី​សប្ដាហ៍​មុន កូរ៉េ​ខាង​ជើង​បាន​ព្រមាន​ថា ខ្លួន​នឹង​ពិចារណា​ចាប់ផ្ដើម​កម្មវិធី​នុយក្លេអ៊ែរ​របស់​ខ្លួន​ឡើង​វិញ ប្រសិនបើ​សហរដ្ឋ​អាមេរិក​មិន​ដក​ទណ្ឌកម្ម​សេដ្ឋកិច្ច​ចេញ​នោះ​ទេ៕