ប្រព័ន្ធ​ផ្សព្វផ្សាយ​ត្រូវ​បាន​រារាំង​នៅ​ជំរំ​ជនភៀស​ខ្លួន ​Rohingya

រូបឯកសារ៖ សកម្មជន​រ៉ូហ៊ីងយ៉ា​ម្នាក់​ចែក​សម្លៀកបំពាក់​ថ្មី​ដល់​ជនភៀសខ្លួន​​នៅ​ជំរំ​ជនភៀសខ្លួន​នៅ​ជាយក្រុង​ញូវដែលី ប្រទេស​ឥណ្ឌា ថ្ងៃទី១ ខែកក្កដា ឆ្នាំ២០២១។

ក្រុម​អ្នក​សារ​ព័ត៌មាន​ក្នុង​ស្រុក​បាន​និយាយ​ថាកង​កម្លាំង​សន្តិសុខ​បាន​រារាំង​មិន​ឱ្យ​ពួកគេ​យក​ព័ត៌មាន​អំពី​ការ​ចាក់​វ៉ាក់សាំង​ដល់​ប្រជាជន​ដែល​ផ្លាស់​ទីលំនៅ​នៅ​រដ្ឋ​ Rakhine ​ប្រទេស​មីយ៉ាន់ម៉ា​ទេ។

អ្នក​នាំពាក្យ​រដ្ឋាភិបាល​យោធា​មីយ៉ាន់ម៉ា​លោក​ឧត្តមសេនីយ៍ទោ ​Zaw Min Tun​ បាន​និយាយ​កាលពី​ចុង​ខែ​សីហា​ថា ​ជនជាតិ​ភាគតិច Rohingya នឹង​ត្រូវ​ចាក់​វ៉ាក់សាំង​កូវីដ១៩។​

ប៉ុន្តែ​យ៉ាងហោច​ណាស់​មាន​អ្នក​កាសែត​ពីរ​ក្រុម​ដែល​ព្យាយាម​ទៅ​យក​ព័ត៌មាន​អំពី​ការ​ចាក់វ៉ាក់សាំង​នៅ​ជំរំ​ជនភៀសខ្លួន​ក្នុង​ស្រុកបាន​និយាយ​ថាប៉ូលិស​បាន​ប្រាប់​ថា​ ពួកគេ​មិន​អាច​ចូល​បាន​ទេ។​

លោក ​Tun Tha ​ការី​និពន្ធ​បណ្តាញ​ព័ត៌មាន​ Western News ​នៅរដ្ឋ​ Rakhine ​បាន​និយាយ​ថា «មន្រ្តី​ប៉ូលិស​បាន​និយាយ​ថា​ ​អ្នក​សារ​ព័ត៌មាន​មិន​ត្រូវ​បាន​អនុញ្ញាត​ឱ្យចូល​ទេ។ បើ​យើង​ចង់​ចូល​ជំរំ​ ​យើង​ត្រូវ​តែ​សុំការ​អនុញ្ញាត​ពី​អាជ្ញាធរ»។

លោក ​Tun Tha ​បាន​ប្រាប់​វីអូអេ​ភាសា​ភូមា​ថា​ ប្រព័ន្ធ​ផ្សព្វផ្សាយ​មាន​សេរីភាព​យក​ព័ត៌មាន ​ដោយ​មិន​ចាំបាច់​សុំ​ការ​អនុញ្ញាត​នៅ​ជំរំ​ផ្សេង​ទៀត​ ​លើកលែង​នៅ​ជំរំ​ជនជាតិ​មូស្លីម។

កាលពី​ថ្ងៃទី​១​ ខែ​កញ្ញា​ ប៉ូលិស​នៅ​ទីក្រុង​រ៉ង់ហ្គូន​បាន​ចាប់ខ្លួន​អ្នក​កាសែត​ស្រី​ម្នាក់​ដែល​បាន​លាក់ខ្លួន​អស់​រយៈ​ពេល​៤​ខែ។​ អ្នកស្រី ​Ma Thuzar ​ដែល​ធ្វើការ​ឱ្យ​ Myanmar Pressphoto Agency ​និង The Friday Times News Journal ​បាន​ជាប់​ឃុំឃាំង​៥​ថ្ងៃ​មុន​ពេល​អាជ្ញាធរ​បញ្ជាក់​ពី​ការ​ចាប់​ខ្លួន​គាត់។​

អង្គការ​អ្នក​យក​ព័ត៌មាន​គ្មាន​ព្រំដែន​(RSF)​ បាន​និយាយ​ថា​ មូលហេតុ​នៃ​ការ​ចាប់ខ្លួន​និង​ទីកន្លែង​បច្ចុប្បន្ន​របស់​អ្នកស្រី​ត្រូវ​បាន​លាក់បាំង។

អ្នកស្រី​ Ma Thuzar ​ជា​អ្នក​កាសែត​ម្នាក់​ក្នុង​ចំណោម​អ្នក​សារ​ព័ត៌មាន​រាប់​សិប​នាក់​ដែល​បច្ចុប្បន្ន​ត្រូវ​បាន​យោធា​មីយ៉ាន់ម៉ា​ឃុំ​ខ្លួន។ ​អ្នក​កាសែត​ជនជាតិ​អាមេរិក​ឈ្មោះ ​Danny Fenster ​ក៏​ត្រូវ​បាន​ឃាត់​ខ្លួន​ជាង​១០០​ថ្ងៃ​ចាប់​តាំងពី​ពេល​ចាប់​ខ្លួន​លោក​នៅ​អាកាស​យានដ្ឋាន​ទីក្រុង​រ៉ង់ហ្គូន​កាលពី​ខែ​ឧសភា៕​

(Elizabeth Hughes រួម​ចំណែក​ក្នុង​សេចក្តី​រាយការណ៍​នេះ)