លោក ​ម៉ិច ដារ៉ា​ ទទូច​សុំ​ឱ្យស្ថាប័នបង្កើតច្បាប់​និង​រដ្ឋាភិបាល​លើក​លែង​ការ​ចោទ​ប្រកាន់

រូបឯកសារ៖ អ្នកសារព័ត៌មានលោក ម៉ិច ដារ៉ា លើកដៃសំពះ ខណៈលោកកំពុងធ្វើដំណើរក្នុងរថយន្តក្រោយពីត្រូវបានដោះលែង​ឲ្យ​នៅ​ក្រៅឃុំ ពីពន្ធនាគារខេត្តកណ្តាល ថ្ងៃទី២៤ ខែតុលា ឆ្នាំ២០២៤។

លោក ​ម៉ិច ដារ៉ា ដែល​បាន​ប្រកាស​បញ្ចប់​អាជីព​ជា​អ្នក​កាសែត​ បាន​ស្នើឱ្យ​ថ្នាក់​ដឹក​នាំ​ស្ថាប័ន​ច្បាប់​និង​រដ្ឋាភិបាល​ផ្តល់​សេរីភាព​ឱ្យ​លោក​ពេញលេ​ញ​ បន្ទាប់ពី​លោក​បាន​ទទួល​ស្គាល់កំហុសដែលផ្តើម​ចេញ​ពី​ការ​បង្ហោះ​ព័ត៌មាន​មួយ​ចំនួនលើ​បណ្តាញ​សង្គម​ហ្វេស​ប៊ុក​។

កាល​ពី​ខែ​តុលា​ តុលាការ​រាជធានី​ភ្នំពេញ​បាន​សម្រេច​ឱ្យលោក​ ដារ៉ា បាន​ស្ថិត​នៅ​ក្រៅ​ឃុំ​ ក្រោយ​លោក​បាន​សរសេរ​លិខិត​និង​ចេញ​វីដេអូ​ថ្លែង​ទទួល​កំហុស ចំពោះ​ថ្នាក់​ដឹកនាំ​កម្ពុជា​សំខាន់​ៗ​ពីរ​រូប ប៉ុន្តែ​លោក​ត្រូវបានដាក់​ឱ្យស្ថិតក្រោម​ការ​ឃ្លាំមើល​របស់​តុលាការ​។ ​លោក​ក៏ត្រូវបាន​ហាម​ឃាត់​ដោយ​តុលាការ​មិន​ឱ្យ​ចាក​ចេញ​ពី​ប្រទេសផងដែរ។

នៅក្នុង​ការ​អត្ថាធិប្បាយមួយ​លើ​គណនីហ្វេសប៊ុក​របស់​លោក​កាលពីថ្ងៃព្រហស្បតិ៍​លោក​ ដារ៉ា បាន​សរសេរ​ថា លោក​បាន​សុំទោសប្រធាន​ព្រឹទ្ធសភា​លោក​ ហ៊ុន សែន និង​លោក​នាយក​រដ្ឋ​មន្ត្រី​ ហ៊ុន ម៉ាណែត ចំពោះ​កំហុស​របស់​លោកក្នុងការ​បង្ហោះ​ព័ត៌មាន​មិនពិត នៅតាម​បណ្តាញ​សង្គម​ចំនួន​ ៥ លើក​កន្លងរួចមកហើយ។​

លោក​បាន​លើក​ឡើងថា៖ «​ដូចអ្វីដែល​ខ្ញុំបាន​សន្យា​នោះ​ ខ្ញុំបាន​លុបនូវ​ខ្លឹម​សារ​ទាំង​ឡាយ​ ដែល​បាន​បង្ហោះ​នូវ​ព័ត៌មាន​ក្លែង​ក្លាយទាំង ​៥ លើក ​នាពេល​កន្លង​ទៅ​រួចហើយ»។

លោកបន្ថែមថា៖ «ខ្ញុំសូម​សន្យាថា​ឈប់ផ្សព្វផ្សាយ​ព័ត៌មាន​មិន​ពិត​ ដែល​ធ្វើ​ឱ្យ​ប៉ះ​ពាល់​ដល់​កេរ្តិ៍​ឈ្មោះ​របស់​ប្រទេស​កម្ពុជា​ ព្រមទាំង​សុំការ​លើក​លែង​ទោស​ដល់​ខ្ញុំ​បាទ ​ពី​ប្រមុខ​ថ្នាក់​ដឹកនាំ​នៃ​ស្ថាប័ន​នីតិប្បញ្ញតិ្ត​ និង​ថ្នាក់​ដឹកនាំ​ស្ថាប័ន​នីតិប្រតិបត្តិផងដែរ»។

លោក​ ម៉ិច​ ដារ៉ា​ ត្រូវ​គេ​ស្គាល់​ថា​ជា​អ្នក​កាសែត​មាន​ភាព​សកម្ម​ក្នុង​ការ​រាយ​ការណ៍​ព័ត៌​មាន​ពាក់​ព័ន្ធ​នឹង​ការ​ជួញ​ដូរ​មនុស្ស​ និង​ការ​ឆបោក​តាម​ប្រព័ន្ធ​អនឡាញ​ ឬ​ online scams ​និង​ធ្លាប់​ទទួល​បាន​ពាន​រង្វាន់​ពី​ក្រសួង​ការ​បរទេស​សហ​រដ្ឋ​អាមេរិក ​ចំពោះ​ភាព​ក្លាហាន​នៃ​ការ​រាយ​ការណ៍​ព័ត៌មាន​អំពី​ប្រធាន​បទ​ដ៏​រសើប​ទាំង​នោះ។​

លោក ដារ៉ា ​ត្រូវ​បាន​កម្លាំង​រាជ​អាវុធ​ហត្ថ​ចាប់ខ្លួន​ ហើយ​បញ្ជូន​ទៅ​ប្រឈម​មុខ​នឹង​ការ​កាត់​ទោស​នៅ​តុលាការ​ក្រុង​ភ្នំពេញ​ ក្រោយ​លោក​ត្រូវ​បាន​អាជ្ញាធរ​មូលដ្ឋាន​នៅ​ស្រុក​បាភ្នំ ​ខេត្ត​ព្រៃវែង ​ចោទ​ប្រកាន់​ថា​ បានបង្ហោះ​រូបភាព​មិនពិតចំនួន​ ២ ​សន្លឹក​លើ​បណ្តាញ​សង្គម​ ដែលបង្ហាញ​ពី​ការ​បំផ្លិច​បំផ្លាញ​ភ្នំឈើ​កាច់​ក្នុង​ស្រុក​បា​ភ្នំ​ ខេត្ត​ព្រៃវែង ​ដែល​មាន​ព្រំ​ប្រទល់​ជាប់​ប្រទេស​វៀតណាម​។

លោក ឌុច ពិសិដ្ឋ​ មេ​ធាវី​ការពារ​ក្តី​ឱ្យ​លោក​ ម៉ិច​ ដារ៉ា​ ប្រាប់​វីអូអេថា​ ​បើ​តាម​នីតិវិធី​ច្បាប់​ កូនក្តីលោក​មិន​ទាន់​ត្រូវបាន​រក​ឃើញ​ថា​មាន​ទោស​នៅ​ឡើយ​ទេ ទោះបី​កំពុង​ស្ថិត​ក្រោម​ការ​ចោទ​ប្រកាន់​ពី​បទ​ញុះញង់​របស់​តុលាការ។

លោក​បន្ថែម​ថា​ កូនក្តីលោក​បាន​ធ្វើ​តាម​សន្យា​របស់​លោក ​មុន​ពេល​ចេញ​ពី​ពន្ធនាគារ​ ​ដោយ​បានលុប​ចោល​រាល់​ការ​បង្ហោះ​នានា​ដែលនាំ​ឱ្យ​មាន​ការ​ចោទ​ប្រកាន់​ពី​តុលាការ ហើយ​បាន​ស្នើ​សុំ​ឱ្យ​មាន​ការ​យោគ​យល់​ពីថ្នាក់​ដឹកនាំ​ចំពោះ​កំហុស​ដោយអចេតនា​នៃ​ការ​បង្ហោះ​ព័ត៌មាន​មិន​ពិត​កន្លង​មក​លើ​ប្រព័ន្ធ​ទំនាក់​ទំនង​សង្គម​។​

លោក​មេធាវី​ ឌុច ពិសិដ្ឋ​ សង្ឃឹម​ថា កូនក្តី​នឹង​ទទួលបានការ​យោគយល់​ខ្ពស់​ពីថ្នាក់ដឹកនាំ​និង​ស្ថាប័ន​ពាក់​ព័ន្ធ​ ចំពោះ​លទ្ធភាពនៃ​ការ​ទម្លាក់បទ​ចោទ​លើ​កូនក្តី​។

លោក​ថ្លែងថា៖ «អ៊ីចឹង យើង​សង្ឃឹម​ថានឹង​មាន​ការ​យោគ​យល់​ខ្ពស់​ពីថ្នាក់​ដឹកនាំ ហើយ​និង​ស្ថាប័ន​ដែល​ពាក់​ព័ន្ធ​ហ្នឹង​ ឬក៏អាចមាន​កា​រ​ទម្លាក់បទ​ចោទ​ទៅលើ​គាត់។​ អានេះ​គឺ​ជា​ការ​រំពឹង​របស់​គាត់​ ហើយនិង​ក្នុងនាម​ខ្ញុំ​ជា​មេធាវី​ការ​ពារ​ក្តី​ឱ្យ​គាត់​ក៏​យើង​យល់​ថា​ជា​ការ​ល្អ​ដែរ ​បើសិន​ជា​ការ​ទម្លាក់​បទ​ចោទប្រកាន់»។

វីអូអេមិន​ទាន់​សុំការអត្ថាធិប្បាយពីលោក ម៉ិច ដារ៉ា ​បាន​នៅឡើយទេ​។ ប៉ុន្តែ​ប្អូនស្រី​លោក​ម្នាក់​គឺកញ្ញា ​ម៉ិច​ ជូឡាយ​ បាន​បញ្ជាក់​ឱ្យដឹង​ថា លោក​ ម៉ិច ដារ៉ា​ និងក្រុមគ្រួសារ​ចង់ទទួល​បាន​ការ​លើក​លែងការចោទ​ប្រកាន់​។

កញ្ញា​ថ្លែង​ថា​៖ «ពួក​ខ្ញុំ​ពិត​ជាចង់​ឱ្យមានការ​លើក​លែង​ទោស​ ប៉ុន្តែ​ស្ថិតនៅ​ខាង​តុលាការ​ដែរ ដែល​គាត់​ម៉េច​ដែរ​ក្នុងរឿងហ្នឹង​ តែសម្រាប់​ពួក​ខ្ញុំផ្ទាល់​ទាំង​គ្រួសារ​ ទាំង​អីពិត​ជា​ចង់​ឱ្យ​មាន​[ការ]​លើក​លែង​ទោស»។

ក្នុង​សំណុំ​រឿង​លោក ​ម៉ិច​ ដារ៉ា ​អង្គការ​សង្គម​ស៊ិវិលជាតិ​ និងអន្តរជាតិ ​ដែល​ធ្វើ​ការ​លើ​វិស័យ​សិទ្ធិ​មនុស្ស​ បាន​ស្នើ​ឱ្យ​តុលាការ​ពិចារណា​លើក​លែង​ការ​ចោទ​ប្រកាន់​លើ​អតីត​អ្នក​កាសែត​រូប​នេះ​ ក្រោមហេតុផល​ថា​ ការ​បង្ហោះ​ព័ត៌មាន​របស់​លោកកន្លងមក​គឺ​ធ្វើ​ឡើង​ក្នុង​ទម្រង់​នៃ​ការ​ចែករំលែក​ព័ត៌មាន​ ហើយ​ក៏ស្ថិត​ក្នុង​ដែន​សេរីភាពនៃ​ការបញ្ចេញ​មតិ​។​

នាយក​ប្រតិបត្តិ​សមាគម​ខេមបូចា​លោក​ ណុប វី​ ប្រាប់វីអូអេថា​ លោក ​ម៉ិច​ ដារ៉ា ត្រូវបាន​ថ្នាក់​ដឹក​នាំ​កម្ពុជាផ្តល់​ការអភ័យ​ទោ​ស​ឱ្យ​ ក្រោយ​លោក​ចេញ​វីដេអូ​សុំ​ទោសទទួល​ស្គាល់​កំហុស​។ លោក​យល់​ថា ​តុលាការ​អាច​នឹង​លើក​យក​ការ​អភ័យ​ទោស​របស់​ថ្នាក់​ដឹ​កនាំ​កម្ពុជា​មក​ពិចារណា​ក្នុង​ការ​ទម្លាក់​បទ​ចោទ​ទាំង​ស្រុង​ ដើម្បី​លោក​មាន​សិទ្ធិ​សេរី​ភាព​ពេញ​លេញ​ក្នុង​ការ​ប្រកប​របរ​ចិញ្ចឹម​ជីវិ​ត​ និង​មើល​ថែ​ម្ដាយ​ដែល​ចាស់​ជរា​ ដោយ​គ្មាន​ការ​បារម្ភ​ពី​ការ​ប្រឈម​បញ្ហា​ផ្លូវ​ច្បាប់​បន្ត​ទៀត​។

លោក​ថ្លែង​ថា​៖ «ខ្ញុំ​គិត​ថា ​តុលាការ​ក៏​លោក​អាច​នឹង​ពិនិត្យ​មើល​ និ​ងប្រើប្រាស់​នូវ​ទឡ្ហី​ករណ៍​នៃ​ការ​ស្នើ​សុំនៃ​ការ​សុំ​ទោស​ ក៏​ដូច​ជា​ការ​អត់​ឱន​របស់​ថ្នាក់​ដឹក​នាំ​រដ្ឋា​ភិបាល​នេះ​ជា​ផ្នែក​មួយដើម្បីឈាន​ទៅ​ទម្លាក់​ចោល​ទាំង​ស្រុង​នូវការ​ចោទ​ប្រកាន់​ ហើយ​និង​ដំណើរ​ការ​នីតិ​វិធី​លោក ​ម៉ិច​ ដារ៉ា ដែរ​»។

វីអូអេ​មិនអាច​សុំការ​អត្ថាធិប្បាយពី​អ្នកនាំពាក្យ​សាលាដំបូង​រាជធានី​ភ្នំពេញ​លោក​ អ៊ី​ រិន្ទ​ ដោយ​លោក​មិន​ឆ្លើយ​តបសំណួរ​ផ្ញើតាម​ប្រព័ន្ធ​ទំនាក់​ទំនង​តេឡក្រាម​។ ​

នាយក​ទទួល​បន្ទុក​កិច្ចការ​ទូទៅ​នៃ​អង្គការ​ការពារ​សិទ្ធិមនុស្ស​លីកាដូ​លោក ​អំ សំអាត​ យល់​ឃើញថា​ អាជ្ញាធរ​គួរប្រើច្បាប់​ស្តីពីរបប​សារព័ត៌មាន​ដើម្បី​ដោះស្រាយ​ករណី​លោក ​ម៉ិច ដារ៉ា ជា​ជាង​ការ​នាំខ្លួន​អតីត​អ្នកកាសែត​រូបនេះ​មក​ទទួល​ការ​ផ្តន្ទាទោស​នៅ​មុខ​តុលាការ។

លោក​ថ្លែង​ថា​៖ «​លោក ​ម៉ិច​ ដារ៉ា ក៏ជា​អ្នកសារព័ត៌មាន​ឯក​រាជ្យ​មួយ​ពីមុន​មក​បាទ។ ​អ្វី​ដែល​សំខាន់បើទាក់​ទង​នឹង​បញ្ហា​សារព័ត៌មាន​ គួរ​តែ​មាន​ការ​ប្រើ​ប្រាស់​ច្បាប់​ស្តី​ពី​របបសារ​ព័ត៌មាន​ជាមុន។ ប៉ុន្តែ​ទោះ​យ៉ាង​ណាក៏ដោយ​ ខ្ញុំនៅ​តែ​យល់​ឃើញថា​ ករណី​លោក ​ម៉ិច​ ដារ៉ា​ នេះ​ គឺមាន​ការរិះគន់​ច្រើន​ពីសហគមន៍​អន្តរជាតិ​និង​បណ្តាទូត​ជា​ច្រើន។ អ៊ីចឹង​គួរ​តែ​ទម្លាក់​បទ​ចោទ​ប្រកាន់លើ​រូបលោក ​ម៉ិច ដារ៉ា​»។

កាល​ពី​ដើម​ខែ​វិច្ឆិកា​ លោកសាដា ​អ៊ូម៉ា ​អាឡាម​ (Sardar Umar Alam) ​តំណាង​អង្គការ​យូណេស្កូ​ប្រចាំ​កម្ពុជាក៏​បាន​អំពាវ​នាវ​ឱ្យ​ទម្លាក់​ចោល​បទ​ចោទ​លើអតីតអ្នក​កាសែត​លោក ​ម៉ិច ដារ៉ា ​និង​អំពាវ​នាវ​ឱ្យ​រដ្ឋាភិបាល​ធានា​សេរីភាព​សារ​ព័ត៌​មាន​ និង​សុវត្ថិភាព​របស់​អ្នកសារ​ព័ត៌មាន ​តាម​រយៈ​ការ​បង្កើត​យន្តការ​ច្បាប់​ដែល​ការពារ​អ្នក​សារ​ព័ត៌មាន។​ ​

ដោយឡែក ក្រសួង​ការ​បរ​ទេស​សហរដ្ឋ​អាមេរិក​ក៏​បានសម្តែង​ការ​ព្រួយ​បារម្ភ​ចំពោះ​ការចាប់​ខ្លួន​លោក​ ម៉ិច ដារ៉ា ​និង​ស្នើឱ្យរដ្ឋា​ភិបាល​កម្ពុជា​ទទួល​យក​មតិ​ចម្រុះ​និង​ជំរុញ​សារព័ត៌មាន​សេរី​ផងដែរ៕