សមាជិក​ព្រឹទ្ធសភា​លោក McConnell ថា លោក​ប្រហែលជា​រារាំង​សំណើ​ច្បាប់ ​ដែល​ការពារ​លោក Mueller

រូបឯកសារ៖ លោក Mitch McConnell មេដឹកនាំ​គណបក្ស​សាធារណរដ្ឋ​នៃ​ព្រឹទ្ធសភា

លោក​បញ្ជាក់​ដូច្នេះ​ថា៖ «លោក​ប្រធានាធិបតី Trump នឹង​មិន​បញ្ឈប់​លោក Robert Mueller ពី​តំណែង​នោះ​ទេ។ ព្រឹទ្ធសភា​មាន​រឿង​ត្រូវ​ធ្វើ​ជា​ច្រើន​ដើម្បី​បញ្ចប់​នៅ​ឆ្នាំ​នេះ ដោយ​មិន​បោះ​ឆ្នោត​លើ​រឿង​ណា​ដែល​ផ្ទុយ​ស្រឡះ​ទាំង​ស្រុង​ចំពោះ​លទ្ធផល‍»។

លោក Mitch McConnell មេដឹកនាំ​គណបក្ស​សាធារណរដ្ឋ​នៃ​ព្រឹទ្ធសភា បាន​និយាយ​ថា លោក «ប្រហែល​ជា​នឹង‍» រារាំង​សំណើ​ច្បាប់​មួយ​ដើម្បី​មិន​ឲ្យ​លោក​ប្រធានាធិបតី Donald Trump ដក​មេធាវី​ពិសេស​លោក Robert Mueller ចេញ​ពី​តំណែង។

លោក McConnell បាន​ប្រាប់​អ្នក​សារព័ត៌មាន​កាល​ពី​ថ្ងៃ​អង្គារ​ម្សិលមិញ​ថា ការ​ប្រឹងប្រែង​របស់​គណបក្ស​ប្រជាធិបតេយ្យ និង​គណបក្ស​សាធារណរដ្ឋ​នៅ​ក្នុង​ការ​បញ្ជូន​សំណើ​ច្បាប់​នេះ​ឲ្យ​មាន​ការ​បោះ​ឆ្នោត​គាំទ្រ​នោះ​គឺ​ជា «ដំណោះស្រាយ​ដើម្បី​បញ្ហា‍»។

លោក​បញ្ជាក់​ដូច្នេះ​ថា៖ «លោក​ប្រធានាធិបតី Trump នឹង​មិន​បញ្ឈប់​លោក Robert Mueller ពី​តំណែង​នោះ​ទេ។ ព្រឹទ្ធសភា​មាន​រឿង​ត្រូវ​ធ្វើ​ជា​ច្រើន​ដើម្បី​បញ្ចប់​នៅ​ឆ្នាំ​នេះ ដោយ​មិន​បោះ​ឆ្នោត​លើ​រឿង​ណា​ដែល​ផ្ទុយ​ស្រឡះ​ទាំង​ស្រុង​ចំពោះ​លទ្ធផល‍»។

លោក Jeff Flake សមាជិក​ព្រឹទ្ធសភា​ប្រចាំ​រដ្ឋ Arizona ខាង​គណបក្ស​សាធារណរដ្ឋ ដែល​ជិត​អស់​អាណត្តិ និង​ដែល​ជា​សមាជិក​មួយ​រូប​នៃ​គណៈកម្មាធិការ​តុលាការ​នៃ​ព្រឹទ្ធសភា បាន​គំរាម​រារាំង​បេក្ខជន​ដែល​លោក Trump តែងតាំង​សម្រាប់​តុលាការ ប្រសិនបើ​លោក McConnell មិន​អនុញ្ញាត​ឲ្យ​មាន​ការ​បោះ​ឆ្នោត​ពេញ​អង្គ​នៃ​ព្រឹទ្ធសភា​អំពី​សំណើ​ច្បាប់​ទាក់ទិន​នឹង​ករណី​លោក Mueller។

សំណើ​ច្បាប់​នេះ​ត្រូវ​បាន​គណៈកម្មាធិការ​តុលាការ​របស់​ព្រឹទ្ធសភា​អនុម័ត​កាល​ពី​ខែ​មេសា​ក្នុង​សំឡេង ១៤ ទល់​នឹង ៧។

កាល​ពី​ថ្ងៃ​អង្គារ​ម្សិលមិញ លោក Trump បាន​បន្ត​ការ​វាយ​ប្រហារ​របស់​លោក​លើ​ការ​ស៊ើប​អង្កេត​ករណី​លោក Mueller។ លោក Trump បាន​សរសេរ​នៅ​លើ Twitter ថា ប្រព័ន្ធ​ផ្សព្វផ្សាយ​ព័ត៌មាន «បាន​ធ្វើ​ឲ្យ​លោក Mueller ដូចជា​មនុស្ស​ដ៏​វិសេសវិសាល​មួយ​រូប ដែល​តាម​ការ​ពិត លោក​គឺ​ផ្ទុយ​ពី​នេះ។ លោក Mueller បាន​បំផ្លាញ​យ៉ាង​ខ្ទេចខ្ទាំ​ដល់​ប្រព័ន្ធ​យុត្តិធម៌​ឧក្រិដ្ឋកម្ម​របស់​សហរដ្ឋ​អាមេរិក ដោយសារ​លោក​លំអៀង​ទៅ​តែ​ម្ខាង‍»៕