មេដឹកនាំសំឡេងភាគច្រើននៃព្រឹទ្ធសភាអាមេរិកលោក Mitch McConnell កាលពីថ្ងៃអង្គារបានច្រានចោលការព្យាយាមរបស់លោក Chuck Schumer មេដឹកនាំគណបក្សប្រជាធិបតេយ្យនៅព្រឹទ្ធសភា ដែលចង់ឲ្យជំនួយការសំខាន់ៗដល់លោកប្រធានាធិបតីដូណាល់ត្រាំផ្តល់សក្ខីកម្មនៅសវនាការចោទប្រកាន់លោក Trump នៅខែមករា។
លោក McConnell បាននិយាយថា កិច្ចប្រឹងប្រែងរបស់សភាគ្រប់គ្រងដោយគណបក្សប្រជាធិបតេយ្យដើម្បីចោទប្រកាន់លោក Trump ដែលទំនងជានឹងធ្វើការបោះឆ្នោតនៅថ្ងៃពុធនោះគឺជាសកម្មភាពអត់សាច់ការខ្ជីខ្ជា។
លោក McConnell បាននិយាយថា ព្រឹទ្ធសភាមិនមានការទទួលខុសត្រូវក្នុងការស្វែងរកការណ៍ពិតបន្ថែមទៀតដើម្បីរកកំហុសនោះទេ។
លោក Schumer និយាយថា ព្រឹទ្ធសភាគួរតែស្តាប់សក្ខីកម្មរបស់មន្រ្តីលោក Trump ចំនួនបួនរូបក្នុងនោះរួមមានប្រធានស្តីទីខុទ្ទកាល័យសេតវិមានគឺលោក Mick Mulvaney និងលោក John Bolton អតីតទីប្រឹក្សាសន្តិសុខជាតិ អំពីអ្វីដែលពួកគេបានដឹងអំពីការខិតខំប្រឹងប្រែងរយៈពេលជាច្រើនខែរបស់លោក Trump ដើម្បីឱ្យប្រទេសអ៊ុយក្រែនធ្វើការស៊ើបអង្កេតលោក Joe Biden អតីត អនុប្រធានាធិបតីមកពីគណបក្សប្រជាធិបតេយ្យដែលជាគូប្រជែងរបស់លោកក្នុងការបោះឆ្នោតឆ្នាំ២០២០។
ការប្រឹងប្រែងរបស់លោក Trump នេះធ្វើឡើងនៅពេលដែលលោកកំពុងរារាំងជំនួយយោធាជាបណ្តោះអាសន្នចំនួន៣៩១លានដុល្លារដែលរដ្ឋាភិបាលក្រុងកៀវចង់បានសម្រាប់ប្រយុទ្ធប្រឆាំងនឹងក្រុមបំបែកខ្លួននិយមរុស្ស៊ីនៅភាគខាងកើតអ៊ុយក្រែន៕