មេដឹកនាំសំឡេងភាគច្រើននៅក្នុងព្រឹទ្ធសភាសហរដ្ឋអាមេរិកលោក Mitch McConnel កំពុងប្រឈមនឹងការប្រឆាំងនឹងគម្រោងរបស់លោកក្នុងការរក្សាការបោះឆ្នោតដើម្បីលុបចោលទាំងស្រុងនូវច្បាប់ធានារ៉ាប់រងសុខភាពជាតិដែលនឹងត្រូវពន្យារពេលរយៈពេល២ឆ្នាំ បន្ទាប់ពីកិច្ចខិតខំប្រឹងប្រែងដើម្បីលុបចោលច្បាប់នេះបានទទួលបរាជ័យកាលពីថ្ងៃចន្ទ។
លោក McConnel បានប្រកាសពីវិធានការថ្មី ខណៈពេលដែលលោកថ្លែងបើកកិច្ចប្រជុំនៅព្រឹទ្ធសភាកាលពីថ្ងៃអង្គារ។ លោកបានថ្លែងដោយសំដៅទៅលើច្បាប់ធានារ៉ាប់រងសុខភាពរបស់លោកអតីតប្រធានាធិបតី Barack Obama ថា៖ «ឥឡូវនេះយើងនឹងសាកល្បងវិធីមួយផ្សេងទៀតដើម្បីធ្វើឲ្យពលរដ្ឋអាមេរិកាំងរួចផុតពីច្បាប់ធានារ៉ាប់រងសុខភាព Obamacare»។
សមាជិកព្រឹទ្ធសភាខាងគណបក្សសាធារណរដ្ឋមានដូចជាលោកស្រី Shelley Moore Capito លោកស្រី Susan Collins និងលោកស្រី Lisa Murkowski បានប្រកាសពីការប្រឆាំងរបស់ពួកគេ ខណៈពេលដែលលោក Rob Portman និងអ្នកដទៃទៀតគិតថា ការលុបចោទច្បាប់នេះមិនអាចធ្វើទៅរួចនោះទេ។
លោកប្រធានាធិបតី Donald Trump ដែលអំពាវនាវម្តងហើយម្តងទៀតឲ្យលុបចោលនិងជំនួសច្បាប់ធានារ៉ាប់រងសុខភាព Obamacare នោះ បានប្រាប់ក្រុមអ្នកសារព័ត៌មាននៅឯសេតវិមានថា លោកមានការខកចិត្ត ចំពោះការបរាជ័យក្នុងការលុបចោលច្បាប់នេះ ហើយលោកបានថ្លែងបន្ថែមថា គណបក្សសាធារណរដ្ឋនឹងធ្វើឲ្យច្បាប់នេះបែកខ្ញែកគ្នា៕