ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

គម្រោង​សុខភាព​របស់​សមាជិក​ព្រឹទ្ធសភា​នៃ​គណបក្ស​សាធារណរដ្ឋ​រង​ការ​រិះគន់


លោក Mitch McConnell មេដឹកនាំ​ក្រុម​ភាគ​ច្រើន​ (រូប​កណ្តាល) ចាកចេញ​ពី​កិច្ចប្រជុំ​ស្តី​ពី​ច្បាប់​សុខភាព​ កាលពី​ថ្ងៃទី២២ ខែមិថុនា ឆ្នាំ២០១៧។
លោក Mitch McConnell មេដឹកនាំ​ក្រុម​ភាគ​ច្រើន​ (រូប​កណ្តាល) ចាកចេញ​ពី​កិច្ចប្រជុំ​ស្តី​ពី​ច្បាប់​សុខភាព​ កាលពី​ថ្ងៃទី២២ ខែមិថុនា ឆ្នាំ២០១៧។

នៅ​ក្រោយ​កិច្ច​ចរចា​បិទ​ទ្វារ​ច្រើន​សប្តាហ៍​មក​នោះ​ ពួក​សមាជិក​ព្រឹទ្ធសភា​ស.រ.អា.​ខាង​គណបក្ស​សាធារណរដ្ឋ​បាន​លាតត្រដាង​ឱ្យ​ដឹង​អំពី​សេចក្តី​ព្រាង​ច្បាប់​មួយ​ដើម្បី​រុះ​រើ​ប្រព័ន្ធ​ថែរក្សា​សុខភាព​របស់​ប្រទេស​អាមេរិក​ និង​ដាក់​កម្មវិធី​ថ្មី​មួយ​ជំនួស​ប្រព័ន្ធ​ថែ​រក្សា​សុខភាព «Obamacare» បណ្តាល​ឱ្យ​មានការ​រិះគន់​ពី​សំណាក់​ពួក​ប្រជាធិបតេយ្យ​ និង​មាន​ការ​សម្តែង​កង្វល់​ពី​ពួក​អ្នក​មិន​និយម​ជ្រុល និង​ពួកអភិរក្ស​និយម​នៅ​ក្នុង​គណបក្ស​របស់​ពួក​គេ​ផ្ទាល់។​

នៅ​ក្នុង​អ្វី​ដែល​បាន​ត្រូ​វឃើញ​ថា​ជា​ការ​ប៉ុនប៉ង​មួយ​ដើម្បី​ធ្វើ​តាម​ការ​សន្យា​យូរយារ​មក​ហើយ​របស់​ពួក​សាធារណរដ្ឋ​ដល់​ក្រុម​អ្នក​បោះឆ្នោត សេចក្តី​ព្រាង​ច្បាប់​នេះ​នឹង​បញ្ចប់ការ​តម្រូវ​របស់​ច្បាប់​ស្តី​ពីការ​ថែរក្សា​សុខភាព​ដែល​ឱ្យ​ប្រជារាស្ត្រ​អាមេរិកាំង​ភាគ​ច្រើន​ទិញ​ការ​ធានារ៉ាប់រង​សុខភាព បំបាត់​ការ​ផ្តល់​ប្រាក់​ជំនួយ​បង្គ្រប់​របស់​សហព័ន្ធសម្រាប់​ទិញ​ផែនការ​ថែរក្សា​សុខភាព និង​កាត់បន្ថយ​ការ​ផ្តល់​ប្រាក់​ដល់​កម្មវិធី Medicaid ដែល​ចេញ​សោហ៊ុយ​ខាងការ​ថែរក្សា​សុខភាព​សម្រាប់​ពួក​ជន​ក្រីក្រ ​និង​ជន​ពិការភាព។​

លោក Mitch McConnell មេដឹកនាំ​ក្រុម​ភាគ​ច្រើន​នៅ​ក្នុង​ព្រឹទ្ធសភា​ស.រ.អា.​ដែល​ជា​អ្នក​សាធារណរដ្ឋ​ម្នាក់​មក​ពី​រដ្ឋ​ Kentucky បាន​និយាយថា​ «Obamacare មិន​បាន​ការ​ទេ។ ដល់​ពេល​វេលា​ត្រូវ​ធ្វើ​សកម្មភាព​ហើយ» ដោយ​លោក​និយាយ​យោង​ដល់​ច្បាប់​ថែរក្សា​សុខភាព​កាល​ពី​ឆ្នាំ២០១០​ដែល​ជា​ច្បាប់​សំខាន់​បំផុត​ត្រូវ​រៀបចំ​ឡើង​ដោយ​លោក​អតីត​ប្រធានាធិបតី​បារ៉ាក់ អូបាម៉ា។​

ផែន​ការ​នេះ​របស់​គណបក្ស​សាធារណ​រដ្ឋ​ផ្តល់​ការ​លើកលែង​មិន​យក​ពន្ធដារ​ដើម្បី​ជួយ​ប្រជារាស្ត្រ​អាមេរិកាំង​ឱ្យ​បង់ប្រាក់​សម្រាប់​ការ​ថែរក្សា​សុខភាព ហើយ​លប់ចោល​ពន្ធដារ Obamacare ភាគ​ច្រើន​លើ​ជន​ជាតិ​អាមេរិកាំង​មាន​ប្រាក់​ចំណូល​ខ្ពស់។ ពួក​ប្រជាធិបតេយ្យ​បាន​រិះគន់​សេចក្តី​ព្រាង​ច្បាប់​នេះ​ថា​ជា​ការ​កាត់​ពន្ធដារ​សម្រាប់​ពួក​អ្នក​មាន​ដោយ​ក្លែង​បន្លំ​ថា​ជា​ផែន​ការ​ថែរក្សា​សុខភាព​មួយ។​

លោក Chuck Schumer មេដឹកនាំ​ក្រុម​ភាគ​តិច​នៅ​ក្នុង​ព្រឹទ្ធសភា​ស.រ.អា.​ដែល​ជា​អ្នក​ប្រជាធិបតេយ្យ​ប្រចាំ​រដ្ឋ​ New York បាន​មាន​ប្រសាសន៍​ថា «សេចក្តីព្រាង​ច្បាប់​នេះ​កាត់​ការ​ថែរក្សា​សុខ​ភាព​សម្រាប់​ក្រុម​មនុស្ស​ដែល​ត្រូវ​ការ​ការ​ថែរក្សា​សុខភាព​ច្រើន​បំផុត​ដើម្បី​បន្ថយ​ពន្ធដារ​ដល់​ពួក​ជន​ដែល​ត្រូវ​ការ​វា​តិច​ជាង»៕

XS
SM
MD
LG