លោក McCarthy ត្រូវ​បាន​ជ្រើសរើស​ជា​ប្រធាន​រដ្ឋសភា​ថ្មី​របស់​សហរដ្ឋ​អាមេរិក

លោក Kevin McCarthy ប្រធាន​រដ្ឋសភា​ថ្មី​របស់​សហរដ្ឋ​អាមេរិក ស្បថ​ចូល​កាន់​តំណែង​ក្នុង​រដ្ឋសភា​នីតិកាល​ទី ១១៨ នៅ​វិមាន​រដ្ឋសភា ក្នុង​រដ្ឋធានី​វ៉ាស៊ីនតោន ថ្ងៃទី ៧ ខែមករា ឆ្នាំ២០២៣។

បន្ទាប់ពី​មាន​ការ​បោះឆ្នោត​ចំនួន ១៥ ជុំ​ក្នុង​រយៈពេល ៥ ថ្ងៃ​និង​មាន​ការ​យល់ព្រម​ទៅ​តាម​ការ​ទាមទារ​របស់​សមាជិក​គណបក្ស​សាធារណរដ្ឋ​ដែល​ប្រកាន់​ទស្សនៈ​ស្ដាំ​និយម​មក សមាជិក​រដ្ឋសភា​ខាង​គណបក្ស​សាធារណរដ្ឋ​តំណាង​រដ្ឋ California លោក Kevin McCarthy នៅ​ទីបំផុត​ត្រូវ​បាន​គេ​បោះឆ្នោត​ជ្រើសរើស​ឱ្យ​ធ្វើ​ជា​ប្រធាន​រដ្ឋសភា​ថ្មី​របស់​សហរដ្ឋ​អាមេរិក​កាលពី​ថ្ងៃ​សៅរ៍​ទី ៧ ខែ​មករា​កន្លង​ទៅ​នេះ។

ប្រធានាធិបតី​សហរដ្ឋ​អាមេរិក​លោក Joe Biden បាន​ចេញ​សេចក្ដី​ថ្លែងការណ៍​មួយ​អបអរសាទរ​លោក McCarthy ដោយ​និយាយ​ថា៖ «ខ្ញុំ​បាន​ត្រៀម​ខ្លួន​រួចរាល់​ដើម្បី​ធ្វើការ​ជាមួយ​នឹង​សមាជិក​គណបក្ស​សាធារណរដ្ឋ​នៅ​ពេល​ណា​ដែល​ខ្ញុំ​អាច ហើយ​ពលរដ្ឋ​ជា​ម្ចាស់​ឆ្នោត​បាន​បង្ហាញ​យ៉ាង​ច្បាស់​ថា ពួកគេ​រំពឹង​ថា​សមាជិក​គណបក្ស​សាធារណរដ្ឋ​នឹង​ត្រៀម​ខ្លួន​រួចរាល់​ដើម្បី​ធ្វើការ​ជាមួយ​នឹង​ខ្ញុំ​ផង​ដែរ»។

កាលពី​ល្ងាច​ថ្ងៃ​សុក្រ​ទី ៦ ខែ​មករា បន្ទាប់ពី​ការ​បោះឆ្នោត​លើក​ទី ១៤ គេ​ឃើញ​មាន​ការ​បោះឆ្នោត​ឱ្យ​ពន្យារ​ពេល​រដ្ឋសភា​រហូត​ដល់​ថ្ងៃ​ចន្ទ​ទី ៩ ខែ​មករា ប៉ុន្តែ​ការ​បោះឆ្នោត​នោះ​ក៏​បាន​បរាជ័យ​ផង​ដែរ​បន្ទាប់ពី​សមាជិក​គណបក្ស​សាធារណរដ្ឋ​បាន​ផ្លាស់ប្ដូរ​យុទ្ធវិធី​របស់​ពួកគេ​និង​បាន​សម្រេច​នៅ​ក្នុង​ការ​បោះឆ្នោត​លើក​ទី ១៥ កាលពី​ថ្ងៃ​ទី ៧ ខែ​មករា​ដើម្បី​ជ្រើសរើស​ប្រធាន​រដ្ឋសភា​ថ្មី។

នៅ​មុន​ការ​បោះឆ្នោត​ជ្រើសរើស​លោក McCarthy នៅ​ជុំ​ទី ១៥ នេះ សមាជិក​គណបក្ស​សាធារណរដ្ឋ​ដែល​ប្រកាន់​ទស្សនៈ​ស្ដាំ​និយម​មួយ​ក្រុម​ដែល​មាន​គ្នា​ចំនួន ២០ នាក់​បាន​បោះឆ្នោត​ទម្លាក់​លោក​នៅ​ក្នុង​ការ​បោះឆ្នោត​កន្លង​មក ដោយសារ​តែ​ពួកគេ​ជឿ​ថា​លោក​មិន​មាន​លក្ខណៈ​អភិរក្ស​និយម​គ្រប់គ្រាន់។

ប្រធាន​រដ្ឋសភា​ថ្មី​របស់​សហរដ្ឋ​អាមេរិក​លោក Kevin McCarthy ចង្អុល​ស្លាក​ឈ្មោះ​ថ្មី​របស់​លោក​នៅ​ខាង​មុខ​សាល​រដ្ឋសភា បន្ទាប់​ពី​លោក​ស្បថ​ចូល​កាន់​តំណែង​ជា​ប្រធាន​រដ្ឋសភា ក្នុង​នីតិកាល​ទី ១១៨ នៅ​វិមាន​សភា ក្នុង​រដ្ឋធានីវ៉ាស៊ីនតោន ថ្ងៃទី ៧ ខែមករា ឆ្នាំ២០២៣។

នៅ​ក្នុង​ការ​ប្រឈម​មុខ​ដាក់​គ្នា​មិន​ធម្មតា​មួយ លោក McCarthy បាន​ផ្ដោះប្ដូរ​ពាក្យ​សម្ដី​ជាមួយ​សមាជិក​រដ្ឋសភា​ខាង​គណបក្ស​សាធារណរដ្ឋ​តំណាង​រដ្ឋ Florida លោក Matt Gaetz នៅ​ក្នុង​សាល​ប្រជុំ​រដ្ឋសភា​បន្ទាប់ពី​ការ​បោះឆ្នោត​លើក​ទី ១៤ បាន​បញ្ចប់​ទៅ ដោយសារ​តែ​លោក Gaetz បាន​បោះឆ្នោត «អនុបវាទ» ជាជាង​បោះឆ្នោត​ជ្រើសរើស​លោក McCarthy ឱ្យ​ធ្វើ​ជា​ប្រធាន​រដ្ឋសភា។

គណបក្ស​សាធារណរដ្ឋ​មិន​ធ្លាប់​បាន​បង្ហាញ​សញ្ញា​ណា​មួយ​ពីមុន​មក​ទេ​ថា​លោក McCarthy នឹង​លះបង់​ការ​ប្រកួត​ដើម្បី​ធ្វើ​ជា​ប្រធាន​រដ្ឋសភា​ថ្មី​នេះ។ នៅ​ក្រោម​លក្ខខណ្ឌ​ដែល​ចែង​ក្នុង​រដ្ឋធម្មនុញ្ញ​របស់​សហរដ្ឋ​អាមេរិក ការ​កាន់​តំណែង​របស់​លោក McCarthy ជា​ប្រធាន​រដ្ឋសភា​នឹង​ធ្វើ​ឱ្យ​លោក​ក្លាយជា​បុគ្គល​ទី​ពីរ​ដែល​អាច​ស្នង​តំណែង​ប្រធានាធិបតី​សហរដ្ឋ​អាមេរិក​បាន។

លោក McCarthy វ័យ ៥៧ ឆ្នាំ បាន​ព្យាយាម​អស់​រយៈពេល​ជា​ច្រើន​ឆ្នាំ​មក​ហើយ​ដើម្បី​ធ្វើ​យ៉ាង​ណា​ឱ្យ​បាន​កាន់​តំណែង​ជា​ប្រធាន​រដ្ឋសភា។ ក្នុង​រយៈពេល​ប៉ុន្មាន​សប្ដាហ៍​កន្លង​ទៅ​នេះ លោក​បាន​ជួប​ម្ដង​ហើយ​ម្ដង​ទៀត​ជាមួយ​នឹង​ក្រុម​ជំទាស់​នឹង​លោក​ក្នុង​ជួរ​គណបក្ស​សាធារណរដ្ឋ​របស់​លោក​ដើម្បី​ទទួល​បាន​ការ​គាំទ្រ​ពី​ពួកគេ។

លោក Chuck Schumer មេដឹកនាំ​គណបក្ស​ប្រជាធិបតេយ្យ​នៅ​ព្រឹទ្ធសភា​ដែល​ជា​គណបក្ស​មាន​សំឡេង​ភាគ​ច្រើន បាន​ព្រមាន​នៅ​ក្នុង​សេចក្ដី​ថ្លែងការណ៍​មួយ​ថា៖ «ការងារ​ក្នុង​ក្ដី​ស្រមៃ​របស់​លោក McCarthy អាច​នឹង​ក្លាយជា​សុបិន​អាក្រក់​សម្រាប់​ប្រជាពលរដ្ឋ​អាមេរិកាំង»។

លោក Schumer បាន​ថ្លែង​ទៀត​ថា ដើម្បីអាច​ទទួល​បាន​សំឡេង​ឆ្នោត​ដែល​ត្រូវការ «លោក McCarthyសុខចិត្ត​ធ្វើ​តាម​ការ​ទាមទារ​របស់​ក្រុម​មួយ​ខាង​គណបក្ស​សាធារណរដ្ឋ»។

លោក Schumer និយាយ​ដូច្នេះ​ថា៖ «ការ​យល់ព្រម​របស់​លោក Kevin McCarthy តាម​ការ​ទាមទារ​របស់​ក្រុម​ជ្រុល​និយម​នៅ​ក្នុង​ជួរ​គណបក្ស​របស់​លោក​ទំនងជា​នឹង​ធ្វើ​ឱ្យ​កាន់តែ​អាច​ទៅ​រួច​ដែល​ថា រដ្ឋសភា​ដែល​គ្រប់គ្រង​ដោយ​គណបក្ស​សាធារណរដ្ឋ​ដែល​គាំទ្រ​ទស្សនៈ «ធ្វើ​ឱ្យ​អាមេរិក​អស្ចារ្យ​ម្ដង​ទៀត» នឹង​ធ្វើ​ឱ្យ​មាន​ការ​បិទ​រដ្ឋាភិបាល ឬ​ក៏​បង្ក​ឱ្យ​មាន​គុណវិបត្តិ​ដែល​មាន​ផល​ប៉ះពាល់​ដ៏​មហន្តរាយ​ដល់​ប្រទេស​ជាតិ​របស់​យើង»។

លោក Kevin McCarthy គោះ​ញញួរជា​លើក​ដំបូង បន្ទាប់​ពី​លោក​ស្បថ​ចូល​កាន់​តំណែង​ជា​ប្រធាន​រដ្ឋសភា​ថ្មី​របស់​សហរដ្ឋ​អាមេរិក នៅ​វិមាន​សភា ក្នុង​រដ្ឋធានី​វ៉ាស៊ីនតោន ថ្ងៃទី ៧ ខែមករា ឆ្នាំ២០២៣។

ទស្សនៈ «ធ្វើ​ឱ្យ​អាមេរិក​អស្ចារ្យ​ម្ដង​ទៀត» នេះ គឺ​ជា​ឃ្លា​មួយ​ដែល​ជាប់​ទាក់ទិន​នឹង​លោក​អតីត​ប្រធានាធិបតី Donald Trump។ កន្លង​មក លោក Trump បាន​ប្រកាស​អំពី​គោល​បំណង​របស់​លោក​ក្នុង​ការ​ឈរ​ឈ្មោះ​ជា​ប្រធានាធិបតី​ម្ដង​ទៀត​នៅ​ឆ្នាំ ២០២៤ ខាង​មុខ។

គណបក្ស​សាធារណរដ្ឋ​មាន​សមាជិក​រដ្ឋសភា​លើស​គណបក្ស​ប្រជាធិបតេយ្យ​តែ​បន្ដិច​បន្ដួច​ប៉ុណ្ណោះ​ គឺ​ចំនួន ២២២ នាក់​ទល់ ២១២ នាក់​នៅ​ក្នុង​រដ្ឋសភា​នីតិកាល​ទី ១១៨ នេះ​ដោយ​មាន​អាសនៈ​មួយ​នៅ​ទំនេរ។

សមាជិក​គណបក្ស​សាធារណរដ្ឋ​ដែល​គាំទ្រ​ការ​បោះឆ្នោត​ជ្រើសរើស​លោក McCarthy បាន​និយាយ​ថា ពួកគេ​ចង់​កាត់បន្ថយ​អំណាច​របស់​ការិយាល័យ​ប្រធាន​រដ្ឋសភា និង​ផ្ដល់​អំណាច​ដល់​សមាជិក​រដ្ឋសភា​ច្រើន​ជាង​មុន​ក្នុង​ការ​បង្កើត​និង​អនុម័ត​ច្បាប់។

លោក McCarthy បាន​សុខចិត្ត​ធ្វើតាម​ការ​ទាមទារ​មួយ​ចំនួន​របស់​សមាជិក​គណបក្ស​សាធារណរដ្ឋ​ដែល​ប្រកាន់​ទស្សនៈ​ស្ដាំ​និយម ដែល​ក្នុង​នោះ​រួម​មាន​ដូចជា​ការ​អនុញ្ញាត​ឱ្យ​សមាជិក​រដ្ឋសភា​តែ​ម្នាក់​អាច​ស្នើ​សុំ​ឱ្យ​មាន​ការ​បោះឆ្នោត​ទម្លាក់​លោក McCarthy ពី​តំណែង​ជា​ប្រធាន​រដ្ឋសភា​បាន ប្រសិនបើ​ពួកគេ​មិន​យល់​ព្រម​ទៅ​តាម​គោល​នយោបាយ​របស់​លោក ឬ​របៀប​ដែល​លោក​ដឹកនាំ​រដ្ឋសភា។

លោក McCarthyក៏​បាន​សន្យា​ជាមួយ​នឹង​សមាជិក​គណបក្ស​សាធារណរដ្ឋ​ដែល​ប្រកាន់​ទស្សនៈ​ស្ដាំ​និយម​ទាំង​នោះ​ផង​ដែរ​នូវ​ការងារ​សំខាន់ៗ​របស់​គណៈកម្មាធិការ​រដ្ឋសភា និង​ការ​បោះឆ្នោត​ពេញ​អង្គ​របស់​រដ្ឋសភា​ទៅ​លើ​ច្បាប់​អាទិភាព​មួយ​ចំនួន​របស់​ពួកគេ ដូចជា​ការ​កំណត់​អាណត្តិ​របស់​សមាជិក​រដ្ឋសភា និង​ការ​គ្រប់គ្រង​ព្រំដែន​ខ្លាំង​ជាង​មុន​ដើម្បី​កាត់​បន្ថយ​ជន​អន្ដោប្រវេសន៍​ខុសច្បាប់​មិន​ឱ្យ​ចូល​មក​កាន់​សហរដ្ឋ​អាមេរិក​តាម​ច្រក​ព្រំដែន​ប៉ែក​និរតី​ជាមួយ​នឹង​ប្រទេស​ម៉ិកស៊ិក​ជាដើម។

ការ​ជ្រើសរើស​លោក McCarthy ឱ្យ​ធ្វើ​ជា​ប្រធាន​រដ្ឋសភា​នៅ​ក្នុង​ការ​បោះឆ្នោត​ជុំ​ទី ១៥ នេះ​គឺ​ជា​លើក​ដំបូង​បង្អស់​ក្នុង​រយៈពេល ១០០ ឆ្នាំ​ចុងក្រោយ​នេះ​ដែល​គ្មាន​សមាជិក​គណបក្ស​ណា​មួយ​ទាំង​គណបក្ស​សាធារណរដ្ឋ​និង​គណបក្ស​ប្រជាធិបតេយ្យ​ឈ្នះ​បាន​តំណែង​ជា​ប្រធាន​រដ្ឋសភា​នៅ​ក្នុង​ការ​បោះឆ្នោត​ជុំ​ទី​មួយ។

ការ​បោះឆ្នោត​ជ្រើសរើស​ប្រធាន​រដ្ឋសភា​គឺ​ជា​រឿង​ដំបូង​បង្អស់​ដែល​រដ្ឋសភា​ត្រូវ​ធ្វើ​នៅ​ពេល​ដែល​នីតិកាល​ថ្មី​របស់​ខ្លួន​ចាប់ផ្ដើម។ ប្រសិនបើ​គ្មាន​ប្រធាន​រដ្ឋសភា នោះ​សមាជិក​រដ្ឋសភា​ទាំង​អ្នក​ជាប់​ឆ្នោត​ថ្មី​និង​អ្នក​ជាប់​ឆ្នោត​ជា​ថ្មី​នៅ​ក្នុង​ការ​បោះឆ្នោត​រដ្ឋសភា​នៅ​ទូទាំង​ប្រទេស​កាល​ពី​ខែ​វិច្ឆិកា​កន្លង​ទៅ​នេះ មិន​អាច​ស្បថ​ចូល​កាន់​តំណែង​បាន​ទេ។

បន្ទាប់ពី​ទទួល​បាន​សន្លឹក​ឆ្នោត​គាំទ្រ​គ្រប់គ្រាន់​សម្រាប់​តំណែង​ជា​ប្រធាន​រដ្ឋសភា លោក McCarthy បាន​ធ្វើ​ជា​អធិបតី​នៅ​ក្នុង​ពិធី​ស្បថ​ចូល​កាន់​តំណែង​របស់​សមាជិក​រដ្ឋសភា​ទាំង ៤៣៤ រូប។

លោក McCarthy ចូល​កាន់​តំណែង​ជា​ប្រធាន​រដ្ឋសភា​នេះ​បន្ដ​ពី​អ្នកស្រី Nancy Pelosiខាង​គណបក្ស​ប្រជាធិបតេយ្យ ដែល​អ្នកស្រី​នៅតែ​ធ្វើ​ជា​សមាជិក​រដ្ឋសភា​នៅ​ពេល​បច្ចុប្បន្ន​នេះ។

នៅ​ក្នុង​ការ​បោះឆ្នោត​ជ្រើសរើស​ប្រធាន​រដ្ឋសភា​ថ្មី​នេះ អ្នកស្រី Pelosi បាន​បោះឆ្នោត​គាំទ្រ​សមាជិក​រដ្ឋសភា​លោក Hakeem Jeffries ដែល​ជា​មេដឹកនាំ​ថ្មី​របស់​គណបក្ស​ប្រជាធិបតេយ្យ​នៅ​រដ្ឋសភា ដែល​ជា​គណបក្ស​មាន​សំឡេង​ភាគ​តិច។ សមាជិក​គណបក្ស​ប្រជាធិបតេយ្យ​ទាំងអស់​បាន​បោះឆ្នោត​ឱ្យ​លោក Jeffries ធ្វើ​ជា​ប្រធាន​រដ្ឋសភា ប៉ុន្តែ​លោក​គ្មាន​ឱកាស​ទទួល​បាន​ជ័យជម្នះ​នោះ​ទេ ដោយសារ​តែ​គ្មាន​សមាជិក​គណបក្ស​សាធារណរដ្ឋ​ណា​ម្នាក់​បោះឆ្នោត​ឱ្យ​លោក​ដើម្បី​ឱ្យ​លោក​អាច​ទទួល​បាន​សំឡេង​ឆ្នោត​គាំទ្រ​ភាគច្រើន​ចំនួន ២១៨ ដែល​ត្រូវការ​នោះ។

​គណបក្ស​ប្រជាធិបតេយ្យ​ដែល​មាន​អាសនៈ ៥០ ទល់​នឹង​អាសនៈ ៥០ របស់​គណបក្ស​សាធារណរដ្ឋ​នៅ​ក្នុង​ព្រឹទ្ធសភា​ក្នុង​រយៈពេល​ពីរ​ឆ្នាំ​ចុង​ក្រោយ​នេះ បាន​ទទួល​សំឡេង​ឆ្នោត​គាំទ្រ​ច្រើន​ជាង​មុន​នៅ​ក្នុង​ការ​បោះឆ្នោត​ពាក់​កណ្ដាល​អាណត្តិ​ប្រធានាធិបតី​កាលពី​ខែ​វិច្ឆិកា​កន្លង​ទៅ​នេះ ដោយ​ធ្វើ​ឱ្យ​ពួកគេ​ទទួល​បាន​អាសនៈ​ភាគ​ច្រើន​ចំនួន ៥១ ទល់​នឹង ៤៩ ដែល​អាសនៈ​ទាំង ៥១ នេះ​គឺ​រាប់​បញ្ចូល​ទាំង​អាសនៈ​របស់​សមាជិក​ព្រឹទ្ធសភា​ឯករាជ្យ ៣ នាក់​ដែល​ធ្វើការ​ជាមួយ​នឹង​គណបក្ស​ប្រជាធិបតេយ្យ​ផង​ដែរ។

សមាជិក​ព្រឹទ្ធសភា​ថ្មី​បាន​ស្បថ​ចូល​កាន់​តំណែង​កាលពី​ថ្ងៃ​អង្គារ​ ទី ៣ ខែ​មករា​កន្លង​ទៅ​នេះ៕



ប្រែសម្រួល​ដោយ​អ្នកស្រី ហុង ចិន្ដា