លោក Jim Mattis រដ្ឋមន្ត្រីការពារប្រទេសរបស់សហរដ្ឋអាមេរិកបាននិយាយកាលពីថ្ងៃអង្គារថា ក្រុមរដ្ឋឥស្លាមនឹងត្រូវបានកម្ចាត់ហើយ ខណៈដែលលោកក៏និយាយប្រុងប្រយ័ត្នថា ការកម្ចាត់ក្រុមសកម្មប្រយុទ្ធនេះមិនមែនជារឿងដែលនឹងជិតមកដល់នោះទេ។
លោក Mattis បានថ្លែងទៅកាន់អ្នកកាសែតមុនពេលចេញដំណើរទៅកាន់ទីក្រុង បាកដាដ សម្រាប់ដំណើរទស្សនកិច្ចដែលមិនបានប្រកាសមួយ ដើម្បីទៅជួបជាមួយនឹងមេដឹកនាំរដ្ឋាភិបាលអ៊ីរ៉ាក់និងមេបញ្ជាការអាមេរិក។
នៅក្នុងកិច្ចប្រជុំនានារបស់លោក លោក Mattis ត្រូវបានគេរំពឹងថា នឹងពិភាក្សាអំពីយុទ្ធសាស្ត្រនាពេលអនាគតដើម្បីធ្វើឲ្យមានស្ថិរភាពនៅក្នុងប្រទេសអ៊ីរ៉ាក់។
លោក Mattis បានមានប្រសាសន៍ថា «វានឹងមិនកើតឡើងក្នុងរយៈពេលតែមួយយប់នោះទេ។ វាគឺជាកិច្ចការដ៏ធំមួយសម្រាប់ពួកគេ»។
កងកម្លាំងរបស់អាមេរិកបានដឹកនាំកងកម្លាំងចម្រុះរបស់ក្រុមសម្ព័ន្ធមិត្តដែលធ្វើការវាយប្រហារតាមផ្លូវអាកាសនិងប្រតិបត្តិការយោធាផ្សេងទៀត ដើម្បីគាំទ្រយោធាអ៊ីរ៉ាក់ចាប់តាំងពីខែសីហា ឆ្នាំ២០១៤ មកម្ល៉េះ គឺប៉ុន្មានខែបន្ទាប់ពីអ្នកប្រយុទ្ធក្រុមរដ្ឋឥស្លាមបានវាយដណ្តើមយកតំបន់នានានៅប៉ែកខាងជើងនិងប៉ែកខាងលិចប្រទេសអ៊ីរ៉ាក់។ កងកម្លាំងរបស់អ៊ីរ៉ាក់បានទទួលជ័យជម្នះយ៉ាងច្រើននៅក្នុងខែកក្កដា តាមរយៈការដណ្តើមយកមកវិញនូវទីក្រុង មូស៊ុល ដែលជាទីក្រុងធំជាងគេលំដាប់ទីពីរនៅក្នុងប្រទេសនេះ។
កាលពីថ្ងៃអាទិត្យ យោធាអ៊ីរ៉ាក់បានធ្វើប្រតិបត្តិការវាយដណ្តើមយកតំបន់ Tal Afar ដែលជាតំបន់មួយស្ថិតនៅចម្ងាយប្រមាណ៦០គីឡូម៉ែត្រ ប៉ែកខាងលិចទីក្រុង មូស៊ុល៕