រដ្ឋមន្ត្រី​ការពារ​ប្រទេស​ស.រ.អា. Jim Mattis ធានាផ្តល់​ការ​គាំទ្រ​រឹង​មាំដល់​កូរ៉េ​ខាងត្បូង​​

​រដ្ឋមន្ត្រី​ការពារ​ប្រទេស​ស.រ.អា. Jim Mattis ​ចាប់ដៃ​ជាមួយ​លោក Song Young-moo រដ្ឋមន្ត្រី​ការ​ពារ​ប្រទេស​កូរ៉េខាង​ត្បូង​នៅក្នុង​ក្រុង​សេអ៊ូល​មុនកិច្ច​ប្រជុំ​នៅ​ប្រទេស​កូរ៉េ​ខាងត្បូង​កាលពី​ថ្ងៃទី​២៨ មិថុនា ឆ្នាំ ២០១៨។

នៅ​ថ្ងៃ​ព្រហស្បតិ៍​នេះ​ លោក​រដ្ឋមន្ត្រី​ការពារ​ប្រទេស​ស.រ.អា. Jim Mattis បាន​ធានាជា​ថ្មី​ដល់ប្រទេស​កូរ៉េខាង​ត្បូង​ថា​ការ​ប្តេជ្ញា​របស់​ស.រ.អា.ដល់សន្តិសុខ​ប្រទេសនេះ«នៅ​តែ​ខ្លាំង​ក្លាដដែល»។

អត្ថាធិប្បាយ​ទាំង​នេះមានឡើងនៅ​ពេលដែលលោក Mattis បានជួប​ជាមួយ​លោក Song Young-moo រដ្ឋមន្ត្រី​ការ​ពារ​ប្រទេស​កូរ៉េខាង​ត្បូង​នៅក្នុង​ក្រុង​សេអ៊ូល​នៅ​ពេល​ដែល​ពួកអ្នកធ្វើការ​ចរចា​នៃ​ប្រទេសទាំង​ពីរនាក់​បន្ត​ធ្វើការ​ចរចា​គ្នា​ឆ្ពោះទៅ​កាន់​គោលដៅ​នៃ​ការ​ធ្វើកុំឱ្យ​មាន​អាវុធ​នុយក្លេអ៊ែរ​នៅ​ក្នុង​ឧបទ្វីប​កូរ៉េ។

កាល​ពី​ពេល​មុន​នេះ​ក្នុង​ខែនេះ លោក​ប្រធានាធិបតី​ស.រ.អា.​បាន​ប្រកាស​អំពី​ការ​ផ្អាក​សមយុទ្ធ​យោធា​ជាមួយ​ប្រទេស​កូរ៉េខាងត្បូង​នៅ​ក្រោយ​លោកបាន​ធ្វើ​ជំនួប​កំពូល​មួយជាមួយ​មេដឹកនាំ​កូរ៉េខាង​ជើង Kim Jong Un។​ ប្រទេសកូរ៉េខាង​ជើង​បាន​អំពាវនាវ​យូរយារ​មក​ហើយ​ឱ្យ​បញ្ឈប់​សមយុទ្ធទាំង​នេះ​ដោយមានការ​ព្រួយ​បារម្ភ​ថា​សមយុទ្ធទាំង​នេះ​មានគោលដៅ​គ្រោង​ធ្វើ​ការលុកលុយ​ ដែល​ស.រ.អា.​និងកូរ៉េខាង​ត្បូង​បាន​បដិសេធ​ហើយ។

ចំណាត់​ការ​នេះរបស់លោក Trump បាននាំ​ឱ្យមានកំណើន​កង្វល់​ក្នុង​ចំណោម​ពួក​ប្រទេស​ជា​សម្ព័ន្ធ​មិត្ត​របស់​ស.រ.អា.នៅ​ក្នុង​តំបន់នោះ​អំពី​ជំនួយ​ខាង​សន្តិសុខ​ដែល​ស.រ.អា.​នឹង​ផ្តល់​ឱ្យ​ពួក​គេ។​

លោក Mattis បាន​មានប្រសាសន៍​នៅថ្ងៃ​ព្រហស្បតិ៍​នេះ​ថា​ការ​ផ្អាក​សមយុទ្ធ​បង្កើតឱកាស​ល្អ​ប្រសើរ​ជាងមុនមួយ​ដើម្បី​ធ្វើឱ្យមាន​សន្តិភាព​នៅលើឧបទ្វីបកូរ៉េ។

ក៏ប៉ុន្តែ​លោករដ្ឋមន្ត្រី​ការពារ​ប្រទេស​អាមេរិកាំង​រូប​នេះបាននិយាយ​ថា​ចំនួន​ទាហាន​ស.រ.អា.​តាំងទី​នៅក្នុង​ប្រទេសកូរ៉េខាង​ត្បូង​នឹង​មិន​ប្រែប្រូលទេហើយ​ថា​កង​យោធា​នៃ​ប្រទេស​ទាំង​ពីរ​នៅ​តែ «មាន​ការប្រុង​ប្រយ័ត្ន​និងប្រុង​ប្រៀប​ដើម្បី​ធ្វើ​កិច្ចការពារ​ប្រឆាំង​នឹង​ការ​ឈ្លានពាន​ណាមួយ»។

លោក​រដ្ឋមន្ត្រី​ការ​ពារ​ប្រទេស​ស.រ.អា.​ធ្វើ​ដំណើរ​ទោ​កាន់​ប្រទេស​ជប៉ុន​ដើម្បី​ជួប​ជំនុំ​ជាមួយ​ពួក​មន្ត្រី​ជាន់ខ្ពស់នៅ​ទីនោះ៕