រដ្ឋមន្ត្រីការពារជាតិអាមេរិកលោក Jim Mattis បានទិតៀនយ៉ាងខ្លាំងទៅលើការដាក់យោធារបស់ចិននៅលើកោះដែលមានជម្លោះក្នុងដែនសមុទ្រចិនខាងត្បូង ដោយទទូចថាប្រព័ន្ធសព្វាវុធដែលត្រូវបានដំឡើងកាលពីថ្មីៗនេះនៅក្នុងតំបន់នោះ មានចេតនាសម្លុត និងគំរាមកំហែងប្រទេសជិតខាងរបស់ចិន។
អត្ថាធិប្បាយរបស់រដ្ឋមន្ត្រីការពារជាតិអាមេរិកនេះ ធ្វើឡើងនៅឯវេទិកាពិភាក្សាគ្នាមួយឈ្មោះថា Shangri-La Dialogue ដែលជាវេទិកាស្ដីពីវិស័យការពារជាតិក្នុងតំបន់អាស៊ី ដែលធ្វើឡើងប្រចាំឆ្នាំក្នុងប្រទេសសិង្ហបុរី។
នៅក្នុងសុន្ទរកថានោះ លោក Mattis បានគូសបញ្ជាក់ពីយុទ្ធសាស្ត្រកាន់តែទូលំទូលាយរបស់អាមេរិក សម្រាប់អ្វីមួយដែលលោកហៅថាជា«តំបន់ឥណ្ឌូ-ប៉ាស៊ីហ្វិក»សេរីនិងបើកចំហ។
លោក Mattis បានមានប្រសាសន៍ថា «គោលនយោបាយរបស់ចិននៅដែនសមុទ្រចិនខាងត្បូង បង្ហាញភាពផ្ទុយគ្នាច្បាស់ក្រឡែតពីយុទ្ធសាស្ត្ររបស់យើងដែលលើកកម្ពស់ការបើកចំហ។ ដូច្នេះ វាចោទជាសំណួរអំពីគោលបំណងទូលំទូលាយជាងនេះរបស់ចិន»។
លោករដ្ឋមន្ត្រីការពារជាតិអាមេរិក បានលើកឡើងចំៗអំពីការដែលចិនបានដំឡើងប្រព័ន្ធកាំជ្រួចបាញ់នាវានិងបាញ់យន្តហោះ និងការដាក់យន្តហោះទម្លាក់គ្រាប់បែកនៅលើប្រជុំកោះ Paracel ដែលនៅមិនឆ្ងាយប៉ុន្មានពីឆ្នេរសមុទ្ររបស់វៀតណាម។
លោក Mattis ថ្លែងថា «ទោះបីជាចិន បានអះអាងផ្ទុយពីនេះក៏ដោយ ក៏ការដាក់ប្រព័ន្ធសព្វាវុធទាំងនេះ មានទំនាក់ទំនងដោយផ្ទាល់ទៅនឹងការប្រើប្រាស់យោធា ក្នុងគោលបំណងសម្លុតនិងគំរាមកំហែង»។
ទោះបីជាប្រទេសជាច្រើននាំគ្នាចាប់អារម្មណ៍ទៅលើកិច្ចប្រជុំកំពូលនាពេលខាងមុខរវាងកូរ៉េខាងជើងនិងសហរដ្ឋអាមេរិកក៏ដោយ ក៏វេទិកាពិភាក្សា Shangri-La Dialogue នៅឆ្នាំនេះបានផ្តោតសំខាន់ទៅលើអនាគតដ៍យូរអង្វែងនៃតំបន់អាស៊ីនិងទៅលើរបៀបដោះស្រាយបញ្ហាជាមួយប្រទេសចិនមួយដែលកាន់តែអាងយ៉ាងឡើង៕