សំណើ​ច្បាប់​ជំនួយ​សេដ្ឋកិច្ច​អាមេរិក​បន្ទាន់​ដើម្បី​ទប់ទល់​នឹង​ជំងឺ COVID-19 ជាប់​គាំង​នៅ​ព្រឹទ្ធសភា

ប្រធាន​រដ្ឋសភា​អ្នកស្រី Nancy Pelosi ថ្លែង​សុន្ទរកថា​ស្តីពី​កញ្ចប់​ជំនួយ​សេដ្ឋកិច្ច​ នៅ​មុន​ការ​បោះឆ្នោត​នៅ​ក្នុង​រដ្ឋសភា នៅ​វិមានសភា Capitol Hill ក្នុង​រដ្ឋធានី​វ៉ាស៊ីនតោន កាលពី​ថ្ងៃទី១៣ ខែមីនា ឆ្នាំ២០២០។

ព្រឹទ្ធសភា​សហរដ្ឋ​អាមេរិក​នឹង​បោះ​ឆ្នោត​ម្ដង​ទៀត​នៅ​ថ្ងៃ​ចន្ទ​នេះ​លើ​កញ្ចប់​ថវិកា​សេដ្ឋកិច្ច​ទ្រង់ទ្រាយ​ធំ​ក្នុង​ទឹក​ប្រាក់ ១.៨ លាន​លាន​ដុល្លារ ដើម្បី​បញ្ជូន​ថវិកា​ទៅ​ឲ្យ​ពលរដ្ឋ​អាមេរិកាំង​ភាគ​ច្រើន និង​អាជីវកម្ម​ជា​ច្រើន​ដែល​រង​ការ​ប៉ះពាល់​ធ្ងន់ធ្ងរ​ដោយសារ​មេរោគ​កូរ៉ូណា​ថ្មី​ដ៏​កាច​សាហាវ។

វិធានការ​នេះ​បាន​បរាជ័យ​កាល​ពី​ថ្ងៃ​អាទិត្យ​ម្សិលមិញ ប៉ុន្តែ​មេដឹកនាំ​ខាង​គណបក្ស​សាធារណរដ្ឋ​នៃ​ព្រឹទ្ធសភា​លោក Mitch McConnell បាន​និយាយ​ថា ប្រសិនបើ​មិន​សម្រេច​បាន​កិច្ច​ព្រមព្រៀង​ជាមួយ​នឹង​សមាជិក​គណបក្ស​ប្រជាធិបតេយ្យ​មួយ​ចំនួន​ដែល​ប្រឆាំង​នឹង​ផ្នែក​ខ្លះ​នៃ​សំណើ​ច្បាប់​នេះ​ទេ សមាជិក​សភា​នឹង​ពន្យារពេល​បោះ​ឆ្នោត​ម្ដង​ទៀត​នៅ​ព្រឹក​ថ្ងៃ​ចន្ទ​នេះ។

កញ្ចប់​ថវិកា​ជំនួយ​នេះ​មាន​បំណង​បង្កើន​សេដ្ឋកិច្ច​របស់​សហរដ្ឋ​អាមេរិក ដោយ​ការ​ផ្ញើ​លុយ​ទៅ​ឲ្យ​ពលរដ្ឋ​អាមេរិកាំង​ជាង ៩០ ភាគរយ និង​កន្លែង​អាជីវកម្ម​ជា​ច្រើន ដើម្បី​ជួយ​ពួកគេ​នៅ​ក្នុង​ការ​ទ្រាំទ្រ​នឹង​ផល​ប៉ះពាល់​ផ្នែក​សេដ្ឋកិច្ច​បន្ទាន់ និង​កើន​ឡើង​យ៉ាង​ឆាប់ ដោយដារ​មេរោគ​កូរ៉ូណា​ថ្មី។

សមាជិក​មួយ​ចំនួន​នៃ​គណបក្ស​ប្រជាធិបតេយ្យ​ថា សំណើ​ច្បាប់​នេះ​ផ្ដល់​ប្រយោជន៍​ច្រើន​ពេក​ដល់​ក្រុមហ៊ុន​អាជីវកម្ម ហើយ​ជំនួស​មក​វិញ ពួកគេ​ចង់​បាន​ថវិកា​សហព័ន្ធ​បន្ថែម​ទៀត​សម្រាប់​មណ្ឌល​សុខភាព​សហគមន៍ កន្លែង​ចាស់​ជរា ម៉ាស់​ការពារ ឧបករណ៍​ជួយ​ផ្លូវ​ដង្ហើម ឧបករណ៍​ការពារ​ខ្លួន​ទប់ទល់​នឹង​មេរោគ និង​ជំនួយ​សម្រាប់​រដ្ឋ និង​អាជ្ញាធរ​មូលដ្ឋាន ដើម្បី​ប្រយុទ្ធ​ប្រឆាំង​នឹង​ការ​ឆ្លង​រាលដាល​ជា​សាកល​នៃ​ជំងឺ COVID-19 នេះ។

ប្រធាន​រដ្ឋសភា​អ្នកស្រី Nancy Pelosi បាន​និយាយ​កាល​ពី​ថ្ងៃ​អាទិត្យ​ម្សិលមិញ​ថា សមាជិក​រដ្ឋសភា​ខាង​គណបក្ស​ប្រជាធិបតេយ្យ​កំពុង​រៀបចំ​បញ្ចប់​សំណើ​ច្បាប់​ជំនួយ​សេដ្ឋកិច្ច​តាម​ទម្រង់​របស់​ខ្លួន ដែល​ជា​សំណើ​ច្បាប់​មយ «ទទួល​ស្គាល់​នូវ​ភាព​ចាំបាច់​នៃ​ការ​ប្រឈម​ដោយសារ​មេរោគ​កូរ៉ូណា​នេះ» និង​ជា​សំណើ​ច្បាប់​មួយ​ដែល «ខុស​គ្នា​ឆ្ងាយ» ពី​សំណើ​ច្បាប់​ដែល​គាំទ្រ​ដោយ​គណបក្ស​សាធារណរដ្ឋ​នៃ​ព្រឹទ្ធសភា។

ទោះជា​យ៉ាង​ណា​ក៏​ដោយ នៅ​ទី​បំផុត សភា​ទាំង​ពីរ​ថ្នាក់​នឹង​ត្រូវ​សម្រប​សម្រួល​សំណើ​ច្បាប់​របស់​ពួកគេ​ទាំង​ពីរ៕