ការ​បំផ្ទុះ​គ្រាប់​បែក​នៅ​ក្នុង​រថយន្ត​ធុន​ធ្ងន់​មួយ​បាន​សម្លាប់​មនុស្ស​ជាង​៤០នាក់​នៅ​ក្នុង​ប្រទេស​ស៊ីរី

លោក Zana Omar អ្នក​យក​ព័ត៌មាន​ឲ្យ VOAផ្សាយ​ជាភាសា Kurds បាន​ស្ថិត​ក្នុង​ការ​ចំណោម​អ្នក​រង​គ្រោះ នៅ​ក្នុង​ការ​បំផ្ទុះ​គ្រាប់​បែក​ក្នុង​រថយន្ត​ពីរ​ដង នៅ​ក្នុង​ប្រទេស​ស៊ីរី កាលពី​ថ្ងៃទី២៧ ខែកក្កដា ឆ្នាំ២០១៦។

មនុស្ស​ជាង​៤០​នាក់​បានត្រូវ​សម្លាប់​ហើយ​រាប់​សិប​នាក់​ទៀត​បាន​រង​របួស​នៅក្នុង​ទីក្រុង Qamishi ភាគ​ឦសាន្ត​ប្រទេស​ស៊ីរី​បន្ទាប់​ពី​ការ​ផ្ទុះ​គ្រាប់បែក​អត្តឃាត​ក្នុង​រថយន្ត​ធុន​ធ្ងន់​មួយ​ដែល​អះអាង​ទទួល​ខុសត្រូវ​ដោយ​ក្រុម​រដ្ឋ​ឥស្លាម។

លោក Zana Omar អ្នក​យក​ព័ត៌មាន​ឲ្យ VOAផ្សាយ​ជាភាសា Kurds បាន​ស្ថិត​ក្នុង​ចំណោម​អ្នក​ត្រូវ​របួស​នៅ​ក្នុង​ការផ្ទុះនៅ​ជិ​ត​ព្រំ​ដែន​ប្រទេស​តួកគី។ ​លោក​បាន​ប្រាប់ VOA ថា​ «ការ​ផ្ទុះ​នោះ ​បាន​កើត​មាន​ឡើង​នៅ​ចម្ងាយ​ប្រហែល​៥​ម៉ែត្រ​ពី​អាគារ Apartment របស់​ខ្ញុំ។ ​ប្រពន្ធ​ខ្ញុំ កូន​២​នាក់​និង​រូប​ខ្ញុំ ​បាន​ត្រូវ​របួស​នៅ​ក្នុង​ការ​វាយ​ប្រហារ​នេះ។ ផ្ទះ​របស់​ខ្ញុំ ​ត្រូវ​បាន​បំផ្លាញ​ទាំង​ស្រុង‍»។

លោក ក៏​បាន​និយាយ​បន្ត​ទៀត​ថា ​សាច់​ញាតិ​ខ្លះ​របស់​គាត់​នៅ​ក្នុង​សង្កាត់​នោះ ​ក៏​បាន​បាត់​ខ្លួន​បន្ទាប់​ពី​ការ​ផ្ទុះនោះ​ហើយ​ពួកគេ ​ប្រហែល​កប់​នៅ​ក្នុង​កម្ទេច​បាក់​បែក​នោះ។

លោក Rami Abdel Rahman នៃ​អង្គការ​សិទ្ធិ​មនុស្ស Syrian Observatory បាន​ប្រាប់​បណ្តាញ​ព័ត៌មាន​ផ្សាយ​ជា​ភាសា​អារ៉ាប់​ថា ​គ្រាប់​បែក​ផ្ទុក​ក្នុង​រថយន្ត​ធុន​ធ្ងន់​បាន​កម្ទេច​ផ្នែក​ខាង​មុខ​របស់​ទីស្នាក់ការ​ធំ​របស់​ពួក​កងជីវពល Kurds ដែល​ត្រួតត្រាផ្នែក​ខាង​លិច​ទីក្រុង Qamishli ។ ​រដ្ឋាភិបាល​ស៊ីរី ​បាន​ត្រួតត្រា​ទីក្រុង​នោះ​មួយ​ផ្នែក​ទៀត ​រួម​មាន​ចំណត​អាកាសយាន​ផង។

​ក្រុម​រដ្ឋ​ឥស្លាម ​បាន​អះអាង​ទទួល​ខុសត្រូវ​ចំពោះ​ការ​វាយ​ប្រហារ​នោះ​តាម​រយៈ​សេចក្តី​ថ្លែងការណ៍​ដែល​បាន​ចេញ​ផ្សាយនៅ​គេហទំព័រ Aamaq ដែល​បាន​និយាយ​ថា ​ខ្លួន ​បាន​វាយ​ប្រហារ​ទៅលើ​កងកម្លាំង​សន្តិសុខ Kurds។

ក្រុម​រដ្ឋ​ឥស្លាម ​បាន​ប្រយុទ្ធ​ជាមួយ​ពួក​កងជីវពល Kurds ដែល​គាំទ្រ​ដោយ​សហរដ្ឋ​អាមេរិក​ កងកម្លាំង​ប្រជាធិបតេយ្យ​ស៊ីរី​ដើម្បី​ត្រួតត្រា​ទឹកដី​ដ៏ធំ​ល្វឹងល្វើយ​នៅ​ភាគ​ខាង​ជើង​ប្រទេស​ស៊ីរី ​រួម​មាន​ទីក្រុង Manbij និង​ទីក្រុង Aleppo ភាគ​ខាង​ជើង​ផង៕