ក្រុមមន្ត្រីនៅភាគពាយ័ព្យសហរដ្ឋអាមេរិកនៅរដ្ឋ Washington បានថ្លែងថាមនុស្ស៥នាក់ត្រូវបានសម្លាប់នៅក្នុងការបាញ់ប្រហារដ៏កម្រោលមួយ នៅក្នុងផ្សារទំនើប កាលពីល្ងាចថ្ងៃសុក្រ។ ស្ត្រី៤នាក់បានស្លាប់នៅនឹងកន្លែងនៅក្នុងហាង Macy។ ចំណែកឯបុរសម្នាក់បានស្លាប់ពេលបញ្ជូនទៅមន្ទីរពេទ្យនៅក្នុងទីក្រុង Seattle។
សាក្សីបានថ្លែងថា មនុស្សនាំគ្នារត់ចេញពីផ្សារទំនើបភ្លាមៗបន្ទាប់ខ្មាន់កាំភ្លើងបានធ្វើការបាញ់ប្រហារ។ ប៉ុន្មានម៉ោងក្រោយមក មន្ត្រីប៉ូលិសបានគ្រប់គ្រងទៅលើផ្សារទំនើប ហើយចាប់ផ្តើមស្វែងរកជនដៃដល់រូបនោះ។
ពលបាលល្បាតនៃរដ្ឋវ៉ាស៊ីនតោន មួយរូបលោក Mark Francis បានថ្លែងថា អ្នកបាញ់ប្រហារមិនទាន់ត្រូវចាប់ខ្លួនបាននៅឡើយទេ ហើយត្រូវបានគេឃើញចុងក្រោយបំផុតគេពេលជនរូបនេះដើរនៅតាមដងវិថីនៅផ្សារទំនើប Cascade ទីក្រុង Burlington ដែលស្ថិតនៅ១០០គីឡូម៉ែត្រភាគខាងជើងនៃទីក្រុង Seattle។
ក្រុមអាជ្ញាធរបានបង្ហោះរូបថតមួយរបស់ជនសង្ស័យដែលបានធ្វើការបាញ់ប្រហារដោយសេរីរូបនេះនៅលើបណ្តាញសង្គម។
លោក Francis បានពណ៌នាថា អ្នកបាញ់ប្រហាររូបនេះគឺជាជនជាតិឡាទីន ពាក់អាវពណ៌ខ្មៅ។ ទីភ្នាក់ងារ FBI បានបញ្ជូនភ្នាក់ងាររបស់ខ្លួនដើម្បីជួយដល់ប៉ូលិសនៅទីនោះស្វែងរកចាប់ខ្លួនជនដៃដល់រូបនោះ៕