ប្រជាពលរដ្ឋរាប់ម៉ឺននាក់បានប្រមូលផ្តុំគ្នាយ៉ាងច្រើនកុះករនៅក្នុងទីក្រុងអ៊ីស្តង់ប៊ុលកាលពីថ្ងៃអាទិត្យដើម្បីតវ៉ាប្រឆាំងនឹងការបង្ក្រាបរបស់ប្រធានាធិបតីតួកគីលោក Recep Tayyip Erdogan ទៅលើអ្នករិះគន់រដ្ឋាភិបាលរបស់លោក ក្រោយពីមានការធ្វើរដ្ឋប្រហារយោធាមិនបានជោគជ័យកាលពីឆ្នាំមុនមក។
ហ្វូងបាតុករបាននាំគ្នាស្រែកថា «សិទ្ធិ ច្បាប់ យុត្តិធម៌» ដើម្បីគាំទ្រមេដឹកនាំក្រុមប្រឆាំងលោក Kemal Kilicdaroglu ដែលត្រូវដើរចម្ងាយ៤៥០គីឡូម៉ែត្រពីរដ្ឋធានីអង់ការ៉ា បន្ទាប់ពីតំណាងរាស្ត្រពីគណបក្សរបស់លោកត្រូវបានចាប់ដាក់ពន្ធនាគារកាលពីខែមិថុនា។
ការតវ៉ានេះគឺជាការតវ៉ាធំជាងគេបង្អស់ក្នុងរយៈពេលប៉ុន្មានឆ្នាំចុងក្រោយនេះ ប្រឆាំងនឹងលោក Erdogan ដែលរដ្ឋាភិបាលរបស់លោកបានចាប់ខ្លួនមនុស្សជាង៥ម៉ឺននាក់និងបានបណ្តេញមន្ត្រីរាជការយ៉ាងហោចណាស់១សែននាក់ចេញ ដោយលោកចាត់ទុកពួកគេទាំងនោះថាជាអ្នកគាំទ្រការធ្វើរដ្ឋប្រហារដែលមិនបានជោគជ័យនោះ។
ប្រទេសតួកគីបានអះអាងថា រដ្ឋប្រហារនោះគឺដឹកនាំដោយលោក Fethullah Gulen ដែលបានរស់នៅនិរទេសខ្លួនក្នុងសហរដ្ឋអាមេរិកអស់រយៈពេលជិត២ទសវត្សរ៍មកហើយ។ លោកGulen បដិសេធថាខ្លួនមិនបានពាក់ព័ន្ធនឹងការធ្វើរដ្ឋប្រហារនេះនោះទេ។
ការដើររយៈពេល២៥ថ្ងៃរបស់លោក Kilicdaroglu វ័យ៦៨ឆ្នាំ ពីដំបូងឡើយទទួលបានការគាំទ្រតិចតួច គឺមានមនុស្សគាំទ្រប្រហែល១០០០នាក់តែប៉ុណ្ណោះ ដែលដើរហែរហមជាមួយនឹងលោក។ ប៉ុន្តែហ្វូងមនុស្សកាន់តែរីកធំឡើងៗក្នុងរយៈពេលប៉ុន្មានថ្ងៃនេះ ខណៈដែលលោកដើរមកដល់ក្បែរទីក្រុងអ៊ីស្តង់ប៊ុល៕