អាកាសចរណ៍ ធនាគារ បណ្តាញទូរទស្សន៍និងពាណិជ្ជកម្មផ្សេងៗទៀតនៅទូទាំងពិភពលោកបានប្រវេសប្រវាសដោះស្រាយការប៉ះពាល់ដ៏ធំបំផុតមួយនៃការដាច់ចរន្តព័តមានវិទ្យាក្នុងប៉ុន្មានឆ្នាំថ្មីៗនេះកាលពីថ្ងៃសុក្រ។ នេះបើតាមសេចក្តីរាយការណ៍របស់ទីភ្នាក់ងារសារព័ត៌មាន AFP។
ក្រុមហ៊ុនអាកាសចរណ៍ធំៗរបស់សហរដ្ឋអាមេរិកកាលពីដំបូងបានផ្អាកជើងហោះ ហើរទាំងអស់ដោយសារបញ្ហាគមនាគមន៍ ក្រោយមកក្រុមហ៊ុនអាកាសចរណ៍បាននិយាយថាខ្លួនបានចាប់ផ្តើមជើងហោះហើររបស់ខ្លួនឡើងវិញ។
ចំណតយន្តហោះនៅទូទាំងពិភពលោកបាននិយាយថាប្រព័ន្ធចុះឈ្មោះដោយម៉ាស៊ីនមិនដំណើរការហើយសេវាកម្មនានាត្រូវបានដោះស្រាយដោយបុគ្គលិកដោយផ្ទាល់ ដោយទំនងមានការពន្យារពេល។
ក្រុមហ៊ុន Microsoft បានបញ្ជាក់នៅក្នុងការផ្តល់បច្ចុប្បន្នភាពបច្ចេកទេសថ្មីបំផុតលើវេបសាយរបស់ខ្លួនថាបញ្ហាបានចាប់ផ្តើមនៅម៉ោង១៩០០ម៉ោងសាកលកាលពីថ្ងៃព្រហស្បតិ៍ដោយបានប៉ះពាល់ពួកអ្នកប្រើប្រាស់របស់ក្រុមហ៊ុន Azure តាមប្រព័ន្ធ Software CrowdStrike Falcon។
មហាក្រុមហ៊ុន Software របស់សហរដ្ឋអាមេរិកបាននិយាយថា៖«យើងបានផ្តល់អនុសាសន៍ដល់ពួកអតិថិជនដែលអាចទាញយកមកវិញនូវឯកសារមុនពេលមានបញ្ហា»។
លោក George Kurtz អគ្គនាយកក្រុមហ៊ុន CrowdStrike បាននិយាយនៅលើបណ្តាញព័ត៌មានសង្គម X ថាពួកអតិថិជនបាន «រងការប៉ះពាល់ដោយការរកឃើញទិន្ន័យមិនពេញលេញសម្រាប់កម្មវិធី Windows»។
លោកបាននិយាយថា៖ «បញ្ហានេះត្រូវបានកំណត់អត្តសញ្ញាណ ទុកឱ្យនៅដាច់ពីគេហើយការជួសជុលបានធ្វើឡើង»។
តម្លៃភាគហ៊ុនក្នុងក្រុមហ៊ុន CrowdStrike បានធ្លាក់ចុះ២០ភាគរយនៅក្នុងការលក់ដូរមុនផ្សារភាគហ៊ុនបើក៕