ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

កូរ៉េ​ខាង​ត្បូង​ថា ពិភព​លោក​ត្រូវ​សហការ​គ្នា​លើ​បច្ចេកវិទ្យា​បញ្ញា​សិប្ប​និម្មិត AI


នាយករដ្ឋមន្ត្រី​កូរ៉េខាងត្បូងលោក Han Duck-soo ថ្លែងសុន្ទរកថា​នៅ​ក្នុង​កម្មវិធី​បើក​កិច្ចប្រជុំ​សកលស្តីពី​បច្ចេកវិទ្យាបញ្ញាសិប្បនិម្មិត AI នៅទីក្រុងសេអ៊ូល ប្រទេសកូរ៉េខាងត្បូង កាលពីថ្ងៃទី២២ ខែឧសភា ឆ្នាំ២០២៤។
នាយករដ្ឋមន្ត្រី​កូរ៉េខាងត្បូងលោក Han Duck-soo ថ្លែងសុន្ទរកថា​នៅ​ក្នុង​កម្មវិធី​បើក​កិច្ចប្រជុំ​សកលស្តីពី​បច្ចេកវិទ្យាបញ្ញាសិប្បនិម្មិត AI នៅទីក្រុងសេអ៊ូល ប្រទេសកូរ៉េខាងត្បូង កាលពីថ្ងៃទី២២ ខែឧសភា ឆ្នាំ២០២៤។

ពិភពលោក​ត្រូវ​តែ​សហការ​គ្នា​ ដើម្បី​ធានា​ដល់​ការអភិវឌ្ឍដោយ​ជោគជ័យ​នូវ​ប្រព័ន្ធ​បច្ចេកវិទ្យា​បញ្ញាសិប្បនិម្មិត AI​ ខណៈ​ដែល​កិច្ចប្រជុំ​សាកលលើ​ការវិវត្ត​នៃ​បច្ចេកវិទ្យា​ដ៏​លឿន​រហ័ស​មួយ​នេះ​ ដែល​ត្រូវ​បាន​រៀបចំ​ឡើងនៅ​ក្នុង​ប្រទេស​កូរ៉េខាង​ត្បូង​បាន​បិទ​បញ្ចប់នោះ។ ​នេះ​បើ​តាម​សេចក្តី​រាយការណ៍​របស់​ទី​ភ្នាក់ងារ​សារព័ត៌មាន​ Reuters។

​កិច្ច​ប្រជុំ​កំពូល​ស្តី​ពី​បញ្ញាសិប្បនិម្មិត​ ​AI​ ក្នុង​ទីក្រុង​សេអ៊ូល​ប្រទេស​កូរ៉េខាងត្បូងនេះ​ ដែល​មាន​ប្រទេស​អង់គ្លេស​ជា​អ្នក​ចូលរួមរៀបចំ​ផង​ដែរ​នោះ​ បាន​ពិភាក្សា​គ្នា​ទៅលើ​ក្តី​បារម្ភមួយ​ចំនួន​ ដូច​ជា​សន្តិសុខ​ការងារ​ កម្មសិទ្ធិ​បញ្ញា​ និង​វិសមភាព​ កាលពីថ្ងៃ​ទី២២​ ខែ​ឧសភា​ ក្រោយ​ពី​ក្រុមហ៊ុន​បច្ចេកវិទ្យា​ចំនួន​ ១៦​ កាល​ពី​មួយ​ថ្ងៃ​មុន​នោះ​ បាន​ចុះហត្ថលេខាដោយ​ស្ម័គ្រចិត្តលើ​កិច្ចព្រមព្រៀង​ ដើម្បី​អភិវឌ្ឍ​បញ្ញា​សិប្បនិម្មិត AI ដោយ​សុវត្ថិភាព។

​ក្រុមហ៊ុន​ចំនួន​ ១៤ ​បាន​ចុះហត្ថលេខា​លើ​កិច្ចសន្យា​ដាច់​ដោយឡែក​មួយ​ទៀត​ កាល​ពី​ថ្ងៃ​ទី​២២ ខែ​ឧសភា​កន្លង​ទៅ​ ដែល​ក្នុង​នោះ​រួម​មាន​ក្រុមហ៊ុន Google (ឬ Alphabet) ក្រុមហ៊ុន​ Microsoft ក្រុមហ៊ុន​ OpenAI និង​ក្រុមហ៊ុន​កូរ៉េ​ចំនួន​ ៦ ​ផ្សេង​ទៀត​ ដើម្បីប្រើប្រាស់​វិធី​ផ្សេងៗ​ ដូច​ជា watermark ដើម្បី​ជួយ​កត់​ចំណាំ​ពី​មាតិកា​ណាដែល​ផលិតឡើង​ដោយ​កម្មវិធី​បញ្ញា​សិប្បនិម្មិត​ ក៏​ដូច​ជា​ការ​ធានា​ពី​ការ​បង្កើត​ការងារ​ និង​ជួយ​ដល់​ក្រុម​មនុស្សដែល​ងាយ​រងគ្រោះ​ក្នុង​សង្គម​ជា​ដើម។

រដ្ឋមន្ត្រីក្រសួង​វិទ្យាសាស្ត្រ​និងបច្ចេកវិទ្យា​សារ​គមនាគមន៍​និង​ព័ត៌មាន​កូរ៉េខាង​ត្បូង​ លោក Lee Jong-Ho បាន​និយាយ​នៅក្នុង​បទសម្ភាស៍​មួយ​ជាមួយ​ទី​ភ្នាក់ងារ​ព័ត៌មាន​ Reuters ថា​៖ «សហប្រតិបត្តិការមិន​មែន​ជាជម្រើស​ឡើយ។ ​វា​ជា​ការ​ចាំបាច់​មួយ»។

លោក​ Lee​ និយាយ​ថា៖ ​«កិច្ចប្រជុំ​កំពូលក្នុង​ក្រុង​សេអ៊ូល​នេះ​ បាន​ផ្លាស់​ប្តូរ​ពី​ការពិភាក្សា​ស្តីពី​សុវត្ថិភាព​បន្ថែម​របស់បញ្ញា​សិប្បនិម្មិត ​AI​ និង​ពិភាក្សា​បន្ថែម​ពីនវានុវត្តន៍​និង​បរិយាបន្ន»។ លោក​បន្ថែម​ទៀត​ថា​ លោក​រំពឹងថា ការពិភាក្សានៅ​ក្នុងកិច្ចប្រជុំ​កំពូលបន្ទាប់​ នឹង​រួម​បញ្ចូលនូវ​កិច្ច​សហប្រតិបត្តិការ​កាន់​តែ​ច្រើន​ឡើង​ថែម​ទៀត​ លើ​ការ​បង្កើត​សុវត្ថិភាព AI។​

​កិច្ចប្រជុំ​កំពូល​ AI ​ជា​សាកល​លើក​ទី​ ១​ ត្រូវ​បាន​ធ្វើ​ឡើង​ក្នុង​ប្រទេស​អង់គ្លេសកាល​ពីខែ​វិច្ឆិកា​ឆ្នាំ​ទៅ​ ហើយ​ជំនួប​កំពូល​បន្ទាប់នឹង​ត្រូវ​ធ្វើ​ឡើង​នៅក្នុង​ប្រទេស​បារាំង ដែលទំនង​នឹង​កើត​ឡើង​ក្នុង​ឆ្នាំ​ ២០២៥។

​ក្រុម​មន្ត្រីនិង​រដ្ឋមន្ត្រី​មក​ពី​ប្រទេសជា​ច្រើន បាន​ពិភាក្សា​គ្នា​កាល​ពី​ថ្ងៃ​ទី ​២២ ​ខែ​ឧសភា​កន្លង​ទៅ ស្តី​ពី​កិច្ច​សហប្រតិការរវាង​ការ​បង្កើត​សុវត្ថិភាព ​AI ​ដែល​គាំទ្រ​ដោយ​រដ្ឋាភិបាលដើម្បី​ជួយគ្រប់គ្រងកម្មវិធី​បច្ចេកវិទ្យា​មួយ​នេះ។ ​

​ក្រុម​អ្នក​ជំនាញ​បញ្ញា​សិប្បនិម្មិត AI​ បាន​ស្វាគមន៍​លើ​វិធានការ​នានា​ ដែល​ត្រូវបានបង្កើត​ឡើង​រហូត​មក​ដល់ពេល​នេះ​ ដើម្បី​ចាប់​ផ្តើម​គ្រប់គ្រង​លើវិស័យ​បច្ចេកវិទ្យា​មួយ​នេះ​ បើ​ទោះ​បី​ជាបទបញ្ញត្តិ​មួយ​ចំនួនតម្រូវ​ឱ្យ​មានការ​អនុវត្ត​ក៏​ដោយ។

​អ្នក​ស្រី Francine Bennett​ នាយក​នៃ​វិទ្យាស្ថាន​ Ada Lovelace ​ដែល​ផ្តោត​លើ​ AI​ និយាយ​ថា៖​ «យើង​ត្រូវ​ធ្វើ​សកម្មភាព​ហួស​ពី​ការ​ស្ម័គ្រចិត្ត។ ​អ្នក​ដែល​រង​ការ​ប៉ះពាល់​ត្រូវ​បង្កើត​គោលការណ៍​តាម​រយៈ​រដ្ឋាភិបាល»។

​លោក​ Max Tegmark ប្រធាន​វិទ្យាស្ថាន​ជីវិត​អនាគត​ ​ដែល​ជា​អង្គការ​មួយផ្តោត​ការ​យកចិត្ត​ទុកដាក់​លើ​ហានិភ័យ​នៃ​ប្រព័ន្ធ AI និយាយ​ថា ​៖ «ការ​ផ្តល់​សេវាកម្ម ​AI ត្រូវផ្សា​ភ្ជាប់​ជាមួយ​នឹងបទដ្ឋាន​សុវត្ថិភាព​ជា​ចាំបាច់ មុន​ពេល​ចែក​ចាយ​លើ​ទី​ផ្សារ​ ដើម្បីឱ្យ​ក្រុម​ហ៊ុន​ទាំង​អស់​ត្រូវធ្វើ​ឱ្យមាន​ភាព​ស្មើគ្នា​រវាង​សុវត្ថិភាព​និង​ប្រាក់ចំណេញ​ ដោយ​ជៀសវាង​ប្រតិកម្ម​រិះគន់​ពី​មហាជន​ ទៅ​លើ​ការ​ផល​ប៉ះពាល់​នានា​ដែល​មិន​ត្រូវ​បានរំពឹង​ទុក​ជា​មុន​នោះ។

រដ្ឋមន្ត្រី​វិទ្យាសាស្ត្រ​កូរ៉េខាង​ត្បូង​លោក ​Lee​ បាន​និយាយ​ថា​ ច្បាប់​នានាតែង​មាន​ទំនោរ​ដើរ​យឺត​ជាងល្បឿន​នៃការ​រីកចម្រើន​នៃ​បច្ចេកវិទ្យា​នានា​ ដូច​ជា​បញ្ញា​សិប្បនិម្មិត AI ​នេះ​ជា​ដើម។​

លោក​បន្ថែម​ថា៖​ «ប៉ុន្តែ​ដើម្បីសុវត្ថិភាព​ប្រើប្រាស់ដល់​សាធារណជន​នោះ​ ត្រូវ​មាន​ច្បាប់​និង​គោលការណ៍​នានា​ដែល​អាច​បត់បែន សម្រាប់​ការ​អនុវត្ត៕

ប្រែសម្រួល​ដោយ​លោក ជ្រា វណ្ណារិទ្ធ

វេទិកា​បញ្ចេញ​មតិ

XS
SM
MD
LG