មនុស្សដល់ទៅ៧០ម៉ឺននាក់បានចាកចេញពីផ្ទះសម្បែងរបស់ខ្លួននៅភាគកណ្តាលប្រទេសហ្វីលីពីន ដើម្បីគេចចេញពីផ្លូវនៃដំណើរព្យុះទីហ្វុងដែលបានបណ្តាលឲ្យមានការបាក់ដីនៅថ្ងៃច័ន្ទនេះ។
ព្យុះទីហ្វុងឈ្មោះ Melor បានទៅដល់ភូមិ Batag នៅកោះ Samar ដោយមានល្បឿន ១៨៥គ.ម.ក្នុងមួយម៉ោង។
ក្រុមព្យាករណ៍អាកាសធាតុនិយាយថា ព្យុះទីហ្វុង Melor ដែលប្រជាជនក្នុងស្រុកហៅថា ព្យុះ Nona នឹងបង្កឲ្យមានរលកយក្សក្នុងមហាសមុទ្រ។ រលកនេះអាចមានកម្ពស់ដល់ទៅ៤ម៉ែត្រ ព្រមទាំងមានភ្លៀងខ្លាំង ទឹកជំនន់ និងការបាក់ដីនៅក្នុងបរិវេណអង្កត់ផ្ចិតព្យុះទំហំ៣០០គ.ម.។
ការជម្លៀសមនុស្សនេះធ្វើឡើងនៅខេត្ត Albay ដែលមនុស្សរស់នៅ៦០ម៉ឺននាក់ត្រូវភៀសខ្លួនដោយសារខ្លាចដីបាក់ពីជម្រាលភ្នំភ្លើង Mayon ដែលនៅជិតនោះ។
ទីភ្នាក់ងារសារព័ត៌មាន Reuters បានរាយការណ៍មកថា ជើងយន្តហោះរាប់សិបក្នុងតំបន់នេះត្រូវផ្អាក ហើយទូកនេសាទរាប់រយត្រូវគេបញ្ជាឲ្យមិនចេញនេសាទ។
កោះ Samar គឺជាកន្លែងមួយនៃកន្លែងជាច្រើនដែលត្រូវជម្លៀសមនុស្សចេញ នៅពេលព្យុះទីហ្វុង Haiyan បានបោកបក់ចំប្រជុំកោះនេះ កាលពីខែវិច្ឆិកា ឆ្នាំ២០១៣ ហើយមានមនុស្ស៧៣០០នាក់បានស្លាប់។
ក្នុងមួយឆ្នាំៗ ប្រទេសហ្វីលីពីនមានព្យុះប្រហែល២០ដង៕