ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

គ្រោះ​រាំង​ស្ងួត​ធ្វើ​​ឲ្យ​​ប្រទេស​ Vanuatu ​ដែល​រងគ្រោះ​ដោយ​ព្យុះ​កាន់​តែ​ដុនដាប​ថែម​ទៀត

  • Phil Mercer

កម្មករ​ជួសជុល​ដំបូល​នៅ​កន្លែង​រម្មណីយដ្ឋាន​មួយ​ បន្ទាប់​ពី​ព្យុះ​សង្ឃរា Pam បក់បោក​មក​លើ​ក្រុង Port Vila ប្រទេស​វ៉ានូអាទូ។

ប្រទេស​វ៉ានូទូ ដែល​ជា​ប្រទេស​កោះ​មួយ​នៅ​មហាសមុទ្រ​ប៉ាស៊ីហ្វិក​ភាគ​ខាងត្បូង កំពុងជួប​ប្រទះ​គ្រោះ​រាំង​ស្ងួត​ដ៏​ធ្ងន់ធ្ងរ​មួយ​រយៈពេល​៩​ខែ​ បន្ទាប់​ពី​កោះ​នានា​នៃ​ប្រទេស​នោះត្រូវ​បាន​រង​ការបក់បោក​ដោយព្យុះ​ស៊ីក្លូន​ដ៏​ខ្លាំងក្លាមួយ​។

ព្យុះស៊ីក្លូន​ឈ្មោះ​ថា​ Pam​ ជា​ព្យុះ​ដ៏​ខ្លាំង​មួយ​ក្នុង​ចំ​ណោម​ព្យុះ​ធំ​ៗ​ជា​ច្រើ​ន​ទៀត​ដែល​ប្រ​ជា​ជនប្រទេស​វ៉ានូទូ​បាន​ជួប​ប្រទះ។​ កម្លាំង​ខ្យល់​ព្យុះ​កម្រិត​ទី​៥​នេះ​បាន​បណ្តាល​ឲ្យ​មាន​ការ​ខូចខាត​ដល់​អគារ​ ផ្លូវ​ថ្នល់ និង​ការ​ផ្គត់​ផ្គង់​អគ្គិសនី។

មនុស្ស​ជាង​១០​នាក់​ត្រូវ​បាន​សម្លាប់​ ហើយ​ទីភ្នាក់​ងារ​ផ្តល់​ជំនួយ​ជាច្រើន​ជឿ​ថា​ ការ​ស្លាប់​និង​របួស​ជាច្រើន​ទៀត​ត្រូវ​បាន​បញ្ចៀស​ដោយ​សារ​អ្នក​រស់​នៅ​លើ​ប្រទេស​កោះ​នេះ​មាន​បទពិសោធន៍​ចូលទៅ​ពួន​ក្នុង​ទី​ជម្រក​អំឡុង​ពេល​មាន​ព្យុះ​ខ្លាំង។

ទោះ​បី​ជា​យ៉ាង​ណា​ក៏ដោយ ដំណាំ​ជាច្រើន​ត្រូវ​បាន​ទទួល​រង​ការខូចខាត​យ៉ាង​ខ្លាំង។​ ៩​ខែ​បន្ទាប់​មក​ ប្រទេស​ប្រជុំ​កោះ​នៅ​មហាសមុទ្រ​ប៉ាស៊ីហ្វិក​ភាគ​ខាង​ត្បូងមួយ​នេះ កំពុង​ជួប​ប្រទះ​នឹង​គ្រោះ​អាសន្ន​មួយ​ផ្សេង​ទៀត គឺ​គ្រោះ​រាំង​ស្ងួត​ដ៏ធ្ងន់​ធ្ងរ​មួយ​កើត​ឡើង​ដោយ​សារ​បាតុភូត​អាកាស​ធាតុ​អែល នីញ៉ូ។ បាតុភូត​នេះ​កើត​ឡើង​នៅ​ពេល​កម្តៅ​ទឹក​មហា​សមុទ្រ​ប៉ាស៊ីហ្វិក​កើន​ឡើង​ខុស​ធម្មតា​ ហើយ​ធ្វើ​ឲ្យ​មាន​អស្ថិរភាព​ដល់​ប្រព័ន្ធ​អាកាសធាតុ​ទូទាំង​ពិភព​លោក​។​

ដំណាំ​កសិកម្ម​សម្រាប់​ចិញ្ចឹម​ជីវិត​ដូចជា​ បន្លែ ផ្លែឈើ​ក្នុង​ប្រទេស​វ៉ានូទូ បាន​ក្រៀម​ស្វិត​ដោយសារ​ភាពរាំងស្ងួត​។ អ្នក​រស់​នៅ​លើ​កោះ​ជា​ច្រើន​កំពុង​តែ​រស់​ដោយ​ពឹងផ្អែក​លើ​ការ​ផ្គត់​ផ្គង់​ពី​រដ្ឋាភិបាល ​ដែល​មាន​ដូចជា​ត្រី​កំប៉ុង​និង​អង្ករ​ជា​ដើម​។

លោក​ Robert Vocor អគ្គនាយក​ផ្នែក​វេជ្ជ​សាស្រ្ត​ក្នុង​មន្ទីរ​ពេទ្យ​មួយ​ និយាយ​ថា​ស្ថាន​ភាព​នេះ​គឺ​មាន​ភាព​លំបាក​យ៉ាង​ខ្លាំង​។

លោក​បាន​និយាយ​ថា៖ «ពួក​យើង​មាន​អ្នក​ជំងឺ​ច្រើន​ណាស់​នៅ​ទីនេះ​ ជា​ពិសេស​ក្មេង​តូចៗ​ ដែល​មាន​បញ្ហា​ផ្នែក​អាហារូបត្ថម្ភ​ ហើយ​យើង​មាន​ករណី​កង្វះ​អាហារូបត្ថម្ភ​ច្រើន​ទៀត​»។

អ្នក​ភូមិ​នៅ​លើ​កោះតាន​ណា​ម្នាក់​ឈ្មោះ ​Anauda Johnsonនិយាយ​ថា​ ដំណាំ​របស់​គាត់​ត្រូវ​បាន​បំផ្លិច​បំផ្លាញ​ដោយ​សា​រ​ព្យុះ​សង្ឃរា។ ​

លោក​បាន​និយាយ​ថា៖«អ្វី​ៗ​ត្រូវ​បាន​បំផ្លិច​បំផ្លាញ​ដោយ​ព្យុះ​ស៊ីក្លូន​ ហើយ​ឥឡូវ​នេះ​ដោយសារ​មាន​គ្រោះ​រាំងស្ងួត​មួយ​ទៀត​ មិន​មាន​អ្វី​សល់​នៅ​ក្នុង​ចំការ​ឡើយ»។

ទី​ភ្នាក់​ងារ​ជំនួយ​អន្តរ​ជាតិ​ជា​ច្រើន​បន្ត​ផ្គត់​ផ្គង់​អាហារ​ ទឹក​បរិភោគ​ និង​ទីជម្រក​មូលដ្ឋាន។ ប៉ុន្តែ​ក្រុម​មន្ត្រី​និយាយ​ថា​ គ្មាន​សញ្ញា​ថា​ គ្រោះ​រាំង​ស្ងួត​ក្នុង​ប្រទេស​ វ៉ានូទូ​នឹង​ថមថយ​ឡើយ។

ប្រទេស​ប្រជុំ​កោះ​ដែល​ស្ថិត​លើ​មហាសមុទ្រ​ប៉ាស៊ីហ្វិក​ខាង​ត្បូង​មួយ​នេះ​ជា​ ទី​ជម្រក​សម្រាប់​មនុស្ស​ប្រមាណ​ ២៧០.០០០​នាក់​ ហើយ​ស្ថិត​នៅ​ប្រហែល​បី​ភាគ​បួន​នៃ​ចម្ងាយ​ផ្លូវ​ពី​កោះ​ហាវ៉ៃ​ទៅ​ប្រទេស​អូស្ត្រាលី៕

ប្រែសម្រួលដោយ ទុំ ម្លិះ

XS
SM
MD
LG