ទីផ្សារ​ប្រែប្រួល​ធ្វើ​ឲ្យ​ប៉ះពាល់​ដល់​រោងចក្រ​ផលិត​រថយន្ត​អាមេរិកាំង

ស្លាក​​​ដែល​បង្ហាញ​រថយន្ត Chevrolet Cruze ត្រូវ​បាន​ដាក់​តាំង​នៅ​រោងចក្រ​ផលិត​រថយន្ត​របស់​ក្រុមហ៊ុន GM ក្នុង​ភូមិ Lordstown រដ្ឋ Ohio កាលពី​ថ្ងៃទី២៧ ខែវិច្ឆិកា ឆ្នាំ២០១៨។

កម្មករ​ចំនួន​ប្រមាណ ១ ពាន់ ៦ រយ​នាក់​នៃ​រោងចក្រ​ផលិត​រថយន្ត GM មួយ នៅ​រដ្ឋ Ohio សហរដ្ឋ​អាមេរិក ជិត​បាត់បង់​ការងារ​ធ្វើ។

រោងចក្រ​ផលិត​រថយន្ត GM នេះ មិន​បាន​ធ្វើ​ការ​ផ្លាស់ប្ដូរ​តាម​ការ​ប្រែប្រួល​ទីផ្សារ​អស់​រយៈពេល​ជា​យូរ​មក​ហើយ ដោយ​ធ្វើ​ឲ្យ​ភូមិ Lordstown ក្នុង​រដ្ឋ Ohio មិន​ដឹង​អំពី​តថភាព​ពិត​ដ៏​អាក្រក់​នៃ​ការ​ប្រែប្រួល​នៅ​ក្នុង​ផ្នែក​ផលិតកម្ម​រថយន្ត​របស់​សហរដ្ឋ​អាមេរិក​ទេ។

អ្នកស្រី Trish Williams អ្នក​គ្រប់គ្រង​ភោជនីយដ្ឋាន Ice House បាន​និយាយ​ថា៖ «នោះ​គឺ​ជា​រោងចក្រ​ដ៏​ធំ​បំផុត​នៅ​ក្នុង​ភូមិ​នេះ ដែល​ផ្ដល់​ការងារ​ច្រើន​ដល់​អ្នក​ភូមិ​នេះ។ កន្លង​មក រោងចក្រ​ផលិត​ដែក​ថែប​នៅ​ក្នុង​ភូមិ​នេះ​បាន​បិទ​ទ្វារ​រួច​ទៅ​ហើយ។ រោងចក្រ​ផ្សេងៗ​ទៀត​ក៏​បាន​បិទ​ទ្វារ​ដែរ ដូចជា​រោងចក្រ Packard រោងចក្រ General Electric និង​រោងចក្រ Chrysler ជា​ដើម។ ឥឡូវ​នេះ នៅ​ពេល​ដែល​រោងចក្រ​ផលិត​រថយន្ត GM នេះ​បិទ​ទ្វារ ភូមិ​នេះ​នឹង​ក្លាយ​ទៅ​ជា​ភូមិ​គ្មាន​មនុស្ស​រស់នៅ»។

ប្រាក់​បៀវត្សរ៍​ពី ៣០ ទៅ ៤០ ដុល្លារ​ក្នុង​មួយ​ម៉ោង​ដែល​ក្រុមហ៊ុន GM នេះ ផ្ដល់​ដល់​កម្មករ​ទំនង​គឺ​ជា​រឿង​អតីតកាល​តែ​ប៉ុណ្ណោះ ទោះបីជា​លោក​ប្រធានាធិបតី ដូណាល់ ត្រាំ បាន​មក​ភូមិ​នេះ​កាល​ពី​រដូវ​ក្ដៅ​ឆ្នាំ​មុន ប្រាប់​ប្រជាជន​កុំ​ឲ្យ​ផ្លាស់​ទី​លំនៅ​ចេញ​ពី​ភូមិ​នេះ​ក៏​ដោយ។

លោក ដូណាល់ ត្រាំ បាន​ថ្លែង​ដូច្នេះ​ថា៖ «ចូរ​កុំ​លក់​ផ្ទះ​របស់​អ្នក។ កុំ​លក់​ផ្ទះ​របស់​អ្នក។ កុំ​លក់​វា​អី។យើង​នឹង​ធ្វើ​ឲ្យ​តម្លៃ​ផ្ទះ​ទាំង​នោះ​កើន​ឡើង។ យើង​នឹង​ទទួល​បាន​ការងារ​ទាំង​នោះ​ត្រឡប់​មក​វិញ។រោងចក្រ​ទាំង​នោះ​នឹង​ដំណើរការ​ឡើង​វិញ »។

រោងចក្រ GM នេះ ផលិត​រថយន្ត​ម៉ាក Chevy Cruze ដែល​ជា​រថយន្ត​ធុន​កណ្ដាល។ លោក Dave Green ប្រធាន​សហជីព​កម្មករ​ក្នុង​ភូមិ​នោះ និយាយ​ថា កម្មករ​ដឹង​ថា ការ​លក់​រថយន្ត​ម៉ាក​នេះ​គឺ​មាន​ការ​លំបាក។

លោក Dave Green ប្រធាន​សហជីព​កម្មករ​រថយន្ត​ក្នុង​ស្រុក បាន​និយាយ​ថា៖ «គេ​ត្រូវតែ​ដាក់​តម្លៃ​លក់​រថយន្ត​នេះ​ឲ្យ​បាន​ត្រឹមត្រូវ​សមរម្យ។ ប្រសិនបើ​ខ្ញុំ​ទៅ​កន្លែង​លក់​រថយន្ត ហើយ​អាច​ជួល​រថយន្ត​ប្រភេទ SUV ក្នុង​តម្លៃ​ថោក​ជាង​រថយន្ត Chevy Cruze នេះ នោះ​ខ្ញុំ​ប្រាកដ​ជា​ជួល​រថយន្ត SUV នោះ​ហើយ។ អ្នក​ដឹង​ស្រាប់​ហើយ ពលរដ្ឋ​អាមេរិកាំង​ចង់​បាន​រថយន្ត​ទំហំ​ធំ​ជាង ហើយ​មាន​តម្លៃ​ថោក​ជាង។ ដូច្នេះ ពួកគេ​ប្រាកដ​ជា​ទិញ​រថយន្ត​ដែល​ធំ​ជាង និង​មាន​តម្លៃ​ថោក​ជាង​ហើយ»។

លោក ត្រាំ បាន​រិះគន់​ការ​សម្រេចចិត្ត​របស់​ក្រុមហ៊ុន GM នេះ ដោយ​លោក​និយាយ​ដូច្នេះ​ថា៖

«ពួកគេ​និយាយ​ថា រថយន្ត​ម៉ាក Chevy Cruze នេះ​លក់​មិន​សូវ​បាន​ល្អ​ទេ។ ខ្ញុំ​បាន​និយាយ​ថា អញ្ចឹង​ផលិត​រថយន្ត​ណា​ដែល​អាច​លក់​ដាច់​ទៅ»។

កម្មករ​នៅ​ក្នុង​រោងចក្រ​ក្នុង​ភូមិ Lordstown នេះ ដែល​ជា​រោងចក្រ​មួយ​ក្នុង​ចំណោម​រោងចក្រ ៥ ដែល​រង​ការ​ប៉ះពាល់​ដោយសារ​សេចក្ដី​សម្រេច​របស់​ក្រុមហ៊ុន GM នេះ សង្ឃឹម​ថា ក្រុមហ៊ុន GM អាច​ផលិត​រថយន្ត​ម៉ាក​ផ្សេង​ពី​នេះ។ ប៉ុន្តែ​បញ្ហា​គឺ​នៅ​ត្រង់​ថា ប្រាក់​កម្លាំង​ពលកម្ម​ដែល​បង់​ឲ្យ​កម្មករ​គឺ​មាន​តម្លៃ​ទាប​ជាង​នេះ​នៅ​ឯ​រោងចក្រ​របស់​ក្រុមហ៊ុន GM នេះ ក្នុង​ប្រទេស​ម៉ិកស៊ិក។

អ្នកស្រី Rebecca Zak ដែល​បច្ចុប្បន្ន​ជា​បុគ្គលិក​រោងចក្រ GM នេះ បាន​បញ្ជាក់​ថា៖ «ហេតុអ្វី​បាន​ជា​គេ​កំពុង​សាងសង់​រោងចក្រ​នេះ​នៅ​ក្នុង​ប្រទេស​ម៉ិកស៊ិក? វា​ជា​រឿង​ដ៏​គួរ​ឲ្យ​ភ្ញាក់ផ្អើល​ខ្លាំង​ណាស់។ ខ្ញុំ​ឭ​ថា នៅ​ក្នុង​ទីក្រុងRamos ប្រទេស​ម៉ិកស៊ិក កម្មករ​ទទួល​បាន​ប្រាក់​បៀវត្សរ៍​ចំនួន​តែ ២ ដុល្លារ ៦៥ សេន​ប៉ុណ្ណោះ ក្នុង​មួយ​ម៉ោង»។

អ្នកស្រី Rebecca Zak ដែល​ជា​អ្នក​ធ្វើ​ការ​នៅ​ក្នុង​រោងចក្រ​នេះ​អស់​រយៈពេល ១៨ ឆ្នាំ មក​ហើយ បាន​និយាយ​ថា យើង​មិន​អាច​បន្ទោស​លោក​ប្រធានាធិបតី Trump បាន​ទេ យើង​ត្រូវតែ​បន្ទោស​ការ​សម្រេច​ចិត្ត​របស់​ក្រុមហ៊ុន GM នេះ។ អ្នកស្រី​បញ្ជាក់​ដូច្នេះ​ថា៖ «ពួក​យើង​ដែល​ជា​កម្មករ​គឺ​ជា​អ្នក​ដែល​ផលិត​រថយន្ត​នេះ។ ពួក​យើង​គឺ​ជា​អ្នក​ដែល​ធ្វើ​ឲ្យ​ក្រុមហ៊ុន​នេះ​អាច​ដំណើរការ​រហូត​មក​ដល់​សព្វថ្ងៃ។ ដូច្នេះ​តើ​នរណា​ដែល​ជា​អ្នក​រង​ការ​ឈឺចាប់​ដោយសារ​ការ​សម្រេច​ចិត្ត​របស់​ក្រុមហ៊ុន​នេះ? គឺ​កម្មករ មិនមែន​ក្រុមហ៊ុន​ដែល​រក​ប្រាក់​ចំណូល​បាន ៦ ពាន់​លាន​ដុល្លារ​នៅ​ក្នុង​ត្រី​មាស​ទី ៣ ក្នុង​ឆ្នាំ​នេះ ដែល​ជា​ក្រុមហ៊ុន​បញ្ឈប់​កម្មករ​ចំនួន ១ ម៉ឺន ៤ ពាន់​នាក់​ពី​ការងារ​នេះ​ទេ»។

លោក Dave Green បាន​បញ្ជាក់​ថា៖ «ពួក​យើង​បាន​បង្ហាញ​ឲ្យ​ឃើញ​ម្ដង​ហើយ​ម្ដង​ទៀត​ថា យើង​មាន​កម្មករ​ដ៏​ល្អ​បំផុត​នៅ​ក្នុង​ភូមិ Loardstown នេះ។ ពួក​យើង​មាន​ទីតាំង​ល្អ​បំផុត។ ក្រុមហ៊ុន GM គឺ​ជា​ក្រុមហ៊ុន​ល្ងង់​ដែល​ដក​រោងចក្រ​ចេញ​ពី​ទី​នេះ។ ភាព​ជា​ដៃគូ​រយៈពេល ៥០ ឆ្នាំ រវាង​ក្រុមហ៊ុន​អាមេរិកាំង​មួយ​នេះ និង​សហគមន៍​នៃ​ភូមិ Loardstown នេះ ប្រហែល​ជា​នឹង​អាច​ឈាន​ដល់​ទី​បញ្ចប់​ហើយ៕

ប្រែ​សម្រួល​ដោយ ហេង រស្មី