គេហាក់ដូចជាមើលឃើញថា កងកម្លាំងរុស្ស៊ីទំនងជានឹងចូលគ្រប់គ្រងទីក្រុងកំពង់ផែ Mariupol ទាំងស្រុងកាលពីថ្ងៃអង្គារម្សិលមិញ ខណៈដែលអ៊ុយក្រែន បានសម្រេចបោះបង់ការតស៊ូរបស់ខ្លួននៅក្នុងរោងចក្រដែកថែកដ៏ធំមួយនេះ ហើយអ្នកប្រយុទ្ធអ៊ុយក្រែនជាច្រើនរយនាក់ដែលត្រូវបានឡោមព័ទ្ធនៅក្នុងរោងចក្រនោះ បានសម្រេចប្រគល់ខ្លួនឱ្យកងកម្លាំងរុស្ស៊ី នៅក្នុងកិច្ចព្រមព្រៀងមួយដែលភាគីជម្លោះទាំងពីរបានព្រមព្រៀងគ្នា។
ការដណ្តើមកាន់កាប់ទីក្រុង Mariupol នៅតាមបណ្តោយឆ្នេរសមុទ្ រAzov ដែលមានប្រជាពលរដ្ឋរស់នៅប្រមាណ ៤ សែន ៣ ម៉ឺននាក់ មុនពេលសង្គ្រាមនោះ ជាជ័យជម្នះដ៏ធំបំផុតមួយរបស់រុស្ស៊ី នៅក្នុងការចូលឈ្លានពានរបស់ខ្លួនទៅលើប្រទេសអ៊ុយក្រែន ដែលមានរយៈពេលជិត ៣ ខែមកហើយនេះ។
ក៏ប៉ុន្តែ កងកម្លាំងរុស្ស៊ីកំពុងព្យាយាមដណ្តើមយកទឹកដីមួយចំនួនបន្ថែមទៀតនៅភាគខាងកើតអ៊ុយ ក្រែន ក៏ប៉ុន្តែបានទទួលបរាជ័យក្នុងការផ្តួលរំលំរដ្ឋាភិបាលរបស់លោកប្រធានាធិបតី Volodymyr Zelenskyy ឬចូលកាន់កាប់រដ្ឋធានីកៀវ។
ការបាញ់ផ្លោងឥតឈប់ឈរពីសំណាក់កងកម្លាំងរុស្ស៊ីដែលអ៊ុយក្រែនបានប៉ាន់ស្មានថាបានសម្លាប់ជនស៊ីវិលរបស់ខ្លួនប្រមាណ ២ ម៉ឺននាក់ នៅក្នុងទីក្រុង Mariupol ផ្នែកភាគច្រើននៃទីក្រុងនោះបានទទួលរងការខូចខាតខ្ទេចខ្ទាំយ៉ាងធ្ងន់ធ្ងរ។ ទីក្រុងនោះស្ថិតនៅចន្លោះទឹកដីរុស្ស៊ីនិងឧបទ្វីប Crimea ដែលរុស្ស៊ីបានដណ្តើមកាន់កាប់ពីអ៊ុយក្រែនកាលពីឆ្នាំ ២០១៤។
កងកម្លាំងអ៊ុយក្រែនប្រមាណ ២៦០ នាក់ ដែលមួយចំនួនកំពុងរងរបួសធ្ងន់ហើយស្ថិតនៅក្នុងគ្រែស្នែងនោះ បានចាកចេញពីរោងចក្រដែកថែប Azovstal កាលពីថ្ងៃចន្ទ និងបានប្រគល់ខ្លួនឲ្យកង កម្លាំងរុស្ស៊ី។ អាជ្ញាធរអ៊ុយក្រែនបាននិយាយថា ពួកគេកំពុងធ្វើការដើម្បីជម្លៀសទាហានរបស់ខ្លួនដែលនៅសេសសល់ក្នុងរោងចក្រនេះ ក៏ប៉ុន្តែគេនៅមិនទាន់ដឹងច្បាស់នៅឡើយទេថា តើនៅមាន
ទាហានអ៊ុយក្រែនប៉ុន្មាននាក់ទៀតដែលស្ថិតនៅក្នុងរោងចក្រនេះនៅឡើយ។
រុស្ស៊ីបានហៅកិច្ចប្រតិបត្តិការនេះថាជាការចុះចូលដ៏ធំមួយរបស់ទាហានអ៊ុយក្រែន។ ក៏ប៉ុន្តែផ្ទុយទៅវិញ ខាងអ៊ុយក្រែនបាននិយាយថា កងទ័ពរបស់ខ្លួនបានបញ្ចប់បេសកកម្មនៅទីនោះរួចហើយ។
អភិបាលក្រុង Mariupol លោកVadym Boychenko បានប្រាប់វីអូអេផ្សាយជាភាសាអ៊ុយក្រែនថា៖ «គោលបំណងគឺថា កងកម្លាំងរបស់យើងបានការពារទីក្រុងនោះប្រកបដោយភាពអង់អាចក្លាហាន និងបានទប់ទល់ជាមួយកម្លាំងសត្រូវដោយផ្ទាល់នៅក្នុងទីក្រុងMariupolដោយមិនអនុញ្ញាតឱ្យសត្រូវឆ្លងកាត់ទីក្រុងនេះ។ គេបានជួយសង្រ្គោះប្រទេសជាតិ គេបានអនុញ្ញាតឱ្យកងកម្លាំងអ៊ុយក្រែនត្រៀមខ្លួននិងបានឱ្យទីក្រុងផ្សេងៗទៀតត្រៀមខ្លួន ដើម្បីប្រយុទ្ធនៅក្នុងសង្គ្រាមដ៏ខ្លាំងមួយនេះនៅក្នុងប្រទេសអ៊ុយក្រែន»៕
ព័ត៌មានខ្លះនៃសេចក្តីរាយការណ៍នេះដកស្រង់ពីទីភ្នាក់ងារព័ត៌មាន AP, AFP និង Reuters