ដែនដី​ក្រោម​មហាសមុទ្រ​ដ៏​អស្ចារ្យ​ត្រូវ​បាន​រក​ឃើញ​នៅ​ក្នុង​មហាសមុទ្រ​ដ៏​ជ្រៅ​នៅ​អូស្រ្តាលី

  • Phil Mercer

បុរស​ម្នាក់​ហែលទឹក​ក្នុង​តំបន់ដែល​គេហៅថា​ «សួនផ្កាថ្ម» នៅ​កោះ Lady Elliot រដ្ឋ Queensland ប្រទេស​អូស្រ្តាលី​កាលពី​ថ្ងៃទី​១១ ខែមិថុនា ឆ្នាំ២០១៥។

អ្នក​វិទ្យាសាស្រ្ត​បាន​រក​ឃើញ​ពូជផ្កា​ថ្ម​និងសត្វ​រស់នៅ​ក្នុង​សមុទ្រ​ថ្មី​ចំនួន​១០០​ប្រភេទ ក្នុង​អំឡុងពេល​នៃ​ដំណើរ​ស្រាវជ្រាវ​មួយ​​​នៅ​ភាគ​ខាង​ត្បូង​​រដ្ឋ Tasmania ​ប្រទេស​អូស្រ្តាលី។

អ្នក​វិទ្យាសាស្រ្ត​បាន​រកឃើញ​«សួន​ក្រោម​ទឹក»ចម្រុះ​ពណ៌​មួយ ​ដែល​មាន​ជម្រៅ​រហូត​ដល់​ពីរ​គីឡូម៉ែត្រ​នៅ​ភាគ​ខាងត្បូងរដ្ឋ Tasmania ប្រទេស​អូស្រ្តាលី។ ពួកគេ​បាន​ប្រើ​កាំមេរ៉ា​ពិសេស​ៗ​ដើម្បី​រុករក​ភ្នំក្រោម​សមុទ្រ​ចំនួន​៤៥​ ហើយ​បាន​រក​ឃើញ​ពូជ​ផ្កា​ថ្ម​ថ្មី​ បង្កង ​និង​ប្រភេទ​សិប្បិជាតិ​ជាច្រើន ដែល​មិន​ទាន់​មាន​ឈ្មោះ​នៅ​ឡើយ។ ដំណើរ​រុករក​នេះ​ក៏បានរក​ឃើញ​មឹក​ពន្លឺ ត្រី​ឆ្លាម​ទឹក​ជ្រៅ និង​អន្ទង់​សមុទ្រ​ផង​ដែរ។

អ្នកជំនាញ​ជាច្រើន​បាន​ចំណាយ​ពេល​មួយ​ខែ​នៅ​លើ​នាវា​ស្រាវជ្រាវ​ Investigator ដែល​ត្រូវ​បាន​ប្រតិបត្តិ​ដោយ​អង្គការស្រាវជ្រាវ​វិទ្យាសាស្ត្រ​និង​ឧស្សាហកម្ម​របស់ Commonwealth ដែល​ហៅ​កាត់​ថា CSIRO។ វា​គឺ​ជា​ភ្នាក់ងារ​ឯករាជ្យ​របស់​រដ្ឋាភិបាល​អូស្រ្តាលី ដែល​ទទួល​ខុសត្រូវ​ផ្នែក​វិទ្យាសាស្រ្ត។​

អ្នក​វិទ្យាសាស្រ្ត​បាន​និង​កំពុង​រុករកជួរ​ភ្នំ​ក្នុង​សមុទ្រ​នៅគន្លង Tasman Fracture និង​សួន​សមុទ្រ Huon Marine ក្នុង​ប្រទេស​អូស្រ្តាលី។

ផ្កា​ថ្មដែល​ពួកគេ​បាន​រកឃើញ​គឺ​ទន់ ដែល​មាន​ន័យ​ថា​ វា​ខុស​គ្នា​ពី​ផ្កាថ្ម​ប៉ប្រះទឹក​នៅ​តំបន់​ត្រូពិក។​

អ្នក​វិទ្យាសាស្រ្ត​ចម្បង​ដែល​ដឹកនាំ​ដំណើរ​រុករក​នេះ​គឺ​លោកAlan Williams នៃ​អង្គការ CSIRO។

លោកបាន​និយាយ​ថា​៖

«វា​ពិត​ជា​អស្ចារ្យ​ណាស់​ដែល​នៅ​ក្នុង​សមុទ្រ​ជម្រៅ​នេះ​ហើយ នៅមាន​ផ្កា​ថ្ម​ប៉ប្រះ​ទឹក​ដែលស្រដៀង​នឹង​ផ្កា​ថ្ម​ដែល​អ្នក​ឃើញ​នៅ​តំបន់​ត្រូពិក​ទឹក​រាក់។ ​ដូច្នេះ​អ្វី​ដែល​បាន​ឃើញ​ពី​កញ្ចក់​កាមេរ៉ា​របស់​យើង​គឺ​ជា​រូបភាព​ដ៏​អសា្ចរ្យ នៃ​ប្រព័ន្ធ​ផ្កាថ្ម​ដ៏​សម្បូរបែប​ ចម្រុះ​ពណ៌​ ប្រណិត​ និង​មាន​ទំហំ​ធំ»។​

ក្រុម​អ្នក​ស្រាវជ្រាវ​ក៏​បាន​ឃើញ​រូបភាព​ពី​ការ​បំផ្លិចបំផ្លាញ ដែល​បង្ក​ដោយ​ក្រុម​នេសាទនៅ​តាម​សមុទ្រ​ផង​ដែរ។ ការ​នេសាទ​ដោយ​ប្រើ​សំណាញ់​អូស​ត្រូវ​បាន​គេ​ហាមឃាត់​តាំង​ពី​ទសវត្សរ៍​១៩៩០មក​ម៉្លេះ​ ប៉ុន្តែ​ផ្កា​ថ្ម​ក្នុង​តំបន់​នេះ​ភាគ​ច្រើន​នៅតែ​ត្រូវ​ការ​ពេល​វេលា​ដើម្បី​រស់​រាន​ឡើង​វិញ​ពេញលេញ។​

អ្នក​ជំនាញ​និយាយ​ថា ​អ្នក​វិទ្យាសាស្រ្ត​យល់​ដឹង​ពីផ្ទៃ​ភព​ព្រះចន្ទ​ច្រើន​ជាងសមុទ្រ​ដែល​មាន​ជម្រៅជ្រៅ​។ ទោះ​បី​ជា​មាន​ការ​ស្រាវជ្រាវ​នៅ​ភាគ​ខាងត្បូង​រដ្ឋ Tasmania ក៏​ដោយ ក៏​ពួកគេ​នៅ​តែ​មិន​យល់​ថា​ហេតុអ្វី​បាន​ជា​ផ្កាថ្មភ្លឺ​អាច​លូតលាស់​បាន​នៅ​ក្នុង​ពិភព​ដ៏​ងងឹតក្រោម​ផ្ទៃ​មហាសមុទ្រ​ដ៏​ជ្រៅ​នោះ​ទេ៕

ប្រែសម្រួល​ដោយកញ្ញា ទុំ ម្លិះ