មនុស្ស​ជា​ច្រើន​ស្លាប់​ក្នុង​ឧបទ្ទវហេតុ​ផ្ទុះ​ធុង​ហ្គាស​នៅ​ក្នុង​ប្រទេស​នីហ្សេរីយ៉ា

អ្នក​ពន្លត់​អគ្គិភ័យ​កំពុង​ធ្វើ​ការ​នៅ​កន្លែង​កើត​ហេតុ​នៃ​ការ​ឆាប​ឆេះ​នៅ​កន្លែង​តុបតែង​សម្រាប់​បុណ្យ​ណូអែល​នៅ​ផ្សារ​កណ្តាល Wuse នៅ​ក្នុង​ក្រុង​អាប៊ូហ្សា (Abuja) ប្រទេស​នីហ្សេរីយ៉ា កាលពី​ថ្ងៃទី២០ ខែធ្នូ ឆ្នាំ២០១៥។

អគ្គិភ័យ​ដែល​ឆាប់​ឆេះ​កន្លែង​បញ្ចូល​ហ្គាស​មួយ​នៅ​ក្នុង​ប្រទេស​នីហ្សេរីយ៉ា​បាន​សម្លាប់​មនុស្ស​អស់​ជាច្រើន​នាក់ និង​ធ្វើ​ឲ្យ​មនុស្ស​របួស​ជាច្រើន​នាក់​ទៀត។

របាយការណ៍​ខ្លះ​និយាយ​ថា មនុស្ស​ជាង​១០០នាក់​បាន​ស្លាប់ ប៉ុន្តែ​របាយការណ៍​ខ្លះ​ទៀត​និយាយ​ថា ចំនួន​អ្នក​ស្លាប់​តិច​ជាង​នេះ​ឆ្ងាយ​ណាស់។

ភ្លើង​បាន​ឆាបឆេះ​សន្ធោ​សន្ធៅ​កាល​ពី​ថ្ងៃ​ព្រហស្បតិ៍​នៅ​កន្លែង​បញ្ចូល​ហ្គាស​មួយ​ក្នុង​ក្រុង Nnewi នៃ​រដ្ឋ Anambra ប្រទេស​នីហ្សេរីយ៉ា នៅ​ពេល​ដែល​ឡាន​ដឹក​ហ្គាស​មួយ​គ្រឿង បាន​ផ្ទុះ​ ក្រោយ​ពី​ទម្លាក់​ធុង​ហ្គាស​ចុះ​នោះ។

របាយការណ៍​និយាយ​ថា អគ្គិភ័យ​ដែល​ឆាប​ឆេះ​ដោយ​សារ​ការ​ផ្ទុះ​នោះ​បាន​សម្លាប់​មនុស្ស​ជាច្រើន​ ដែល​កំពុង​ឈរ​តម្រង់​ជួរ​រង់ចាំ​បញ្ចូល​ហ្គាស​សម្រាប់​ដាំស្ល។

អ្នក​រង​របួស​ត្រូវ​បាន​បញ្ជូន​ទៅ​កាន់​មន្ទីរពេទ្យ​ក្នុង​ក្រុង Nnewi។ ហើយ​ភ្លើង​បាន​បន្ត​ឆេះ រាប់​ម៉ោង៕