សាលាដំបូងខេត្តបាត់ដំបងនៅថ្ងៃច័ន្ទនេះ បានចោទប្រកាន់គ្រូពេទ្យប្រចាំភូមិរកា ស្រុកសង្កែ និងសម្រេចឃុំខ្លួនគ្រូពេទ្យរូបនេះ ដោយសង្ស័យថា បានធ្វើឲ្យមានការចម្លងមេរោគអេដស៍ដ៏ច្រើនបំផុតដែលមិនធ្លាប់មាននៅក្នុងប្រទេស។
ការចោទប្រកាន់នេះធ្វើឡើងស្របពេលដែលការពិនិត្យឈាមដោយវិទ្យាស្ថានប៉ាស្ទ័រក្រុងភ្នំពេញដើម្បីរកមេរោគអេដស៍ HIV បានបង្ហាញថា អ្នកភូមិរកាបានកើនដល់យ៉ាងតិចចំនួន១៤០នាក់ត្រូវបានរកឃើញថា មានផ្ទុកមេរោគអេដស៍។
លោកព្រះរាជអាជ្ញានួន សាននៃសាលាដំបូងខេត្តបាត់ដំបង បានឲ្យដឹងថា គ្រូពេទ្យយ៉ែម ជ្រិន អាយុ៥៥ឆ្នាំ ត្រូវចោទប្រកាន់ពីបទប្រព្រឹត្តក្នុងចេតនាចម្លងជំងឺអេដស៍ទៅអ្នកដទៃ ពីបទឃាតកម្មដ៏ឃោរឃៅនិងបទបើកកន្លែងពិគ្រោះជំងឺដោយគ្មានលិខិតអនុញ្ញាតពីក្រសួងសុខាភិបាល។ គ្រូពេទ្យរូបនេះអាចប្រឈមនឹងការដាក់ទោសជាប់ពន្ធនាគារអស់មួយជីវិតតាមបទចោទនេះ។
«ចោទប្រកាន់ហើយនិងបញ្ជូនទៅកាន់ចៅក្រមស៊ើបអង្កេត»។
មនុស្សជាច្រើនរយនាក់នៅក្នុងភូមិរកា ឃុំរកា ស្រុកសង្កែ ដែលស្ថិតនៅចម្ងាយប្រមាណ៨គីឡូម៉ែត្រពីទីរួមខេត្តបាត់ដំបង បានពិនិត្យឈាមជាមួយមន្ទីរពេទ្យខេត្ត ហើយមនុស្សច្រើនជាង១០០នាក់ត្រូវរកឃើញថា មានផ្ទុកមេរោគអេដស៍។ មនុស្សភាគច្រើនបានអះអាងថាបានទទួលសេវាពិនិត្យ និងព្យាបាល ដោយគ្រូពេទ្យយ៉ែម ជ្រិន ដែលជាគ្រូពេទ្យមានប្រជាប្រិយភាពម្នាក់ប្រចាំភូមិ។ មន្ត្រីសុខាភិបាលនៃប្រទេសកម្ពុជាបានផ្តោតការសង្ស័យលើការប្រើប្រាស់ម្ជុលរួមគ្នា ដែលជាកត្តាចម្បងនៃការចម្លងមេរោគនេះ។
លោកឧត្តមសេនីយ៍ស ថេង ស្នងការនគរបាលខេត្តបាត់ដំបង មានប្រសាសន៍ថា គ្រូពេទ្យរូបនេះបានសារភាពប្រាប់សមត្ថកិច្ចនគរបាលមុននឹងត្រូវបញ្ជូនទៅកាន់តុលាការ។
«គាត់ក៏បានសារភាពថា បានប្រើប្រាស់សារ៉ាំងរួមគ្នា ម្ជុលរួមគ្នា ម្តងម្កាល»។
វីអូអេបានព្យាយាមទាក់ទងដើម្បីសុំការបំភ្លឺពីលោកវេជ្ជបណ្ឌិតឌីឌីយេ ហ្វុងតានីល (Didier Fontanile) នាយកវិទ្យាស្ថានប៉ាស្ទ័រកម្ពុជា តែមិនអាចទាក់ទងបានទេនៅថ្ងៃនេះ។
ទោះជាយ៉ាងណាលោកត្រូវស្រង់សម្តីដោយបណ្តាញផ្សព្វផ្សាយក្នុងស្រុក និងក្រៅស្រុកមួយចំនួន និងស្រង់សម្តីដោយលោកស្រីកែ សុវណ្ណារ័ត្ន ប្រធានគណៈកម្មការទី៨ ដែលជាគណៈកម្មការសុខាភិបាល សង្គមកិច្ច អតីតយុទ្ធជន យុវនីតិសម្បទា ការងារ បណ្តុះបណ្តាលវិជ្ជាជីវៈ និងកិច្ចការនារីនៃរដ្ឋសភា។ លោកស្រីបានស្រង់សម្តីលោកថា មានអ្នកភូមិរកាកើនដល់ចំនួន១៤០នាក់ត្រូវបានរកឃើញថាមានផ្ទុកមេរោគអេដស៍។
លោកវេជ្ជបណ្ឌិតមាន ឈីវុន នាយកមជ្ឈមណ្ឌលជាតិប្រយុទ្ធនឹងជំងឺអេដស៍ សើស្បែក និងកាមរោគ មានប្រសាសន៍ថា ក្រសួងសុខាភិបាលត្រូវការធ្វើការតាមដានបន្ថែមលើកត្តាដែលបណ្តាលឲ្យមានការចម្លងមេរោគខាងលើនេះដើម្បីស្វែងរកភស្តុតាងបន្ថែម។
លោកបញ្ជាក់បន្ថែមថា អ្នកដែលមានរោគសញ្ញាមួយចំនួនក្នុងចំណោមនោះអាចជាអ្នកជំងឺចាស់។
«យើងត្រូវផ្ទៀងផ្ទាត់មើលទៀត ថាតើក្នុងសំណាកឈាមប៉ុន្មានហ្នឹងនៅក្នុងប្រភេទអ្វីខ្លះ។ ជួនកាលបងប្អូនផ្ទុកមេរោគហើយ ប៉ុន្តែគាត់មកនេះដើម្បីត្រួតពិនិត្យជំងឺ។ ប៉ុន្តែជាអ្នកជំងឺមុននៅក្នុងឃុំហ្នឹងដែរ។ដូច្នេះយើងត្រូវញែកករណីទាំងអស់ឲ្យអស់សិន ទើបយើងនិយាយថាតើមានអ្នកឆ្លងប៉ុន្មាននាក់»។
សូមបញ្ជាក់ថា ការពិនិត្យឈាមដើម្បីបញ្ជាក់លើរោគសញ្ញាមេរោគអេដស៍ក្នុងចំណោមអ្នកភូមិរកា ត្រូវធ្វើយ៉ាងហ្មត់ចត់ ចាប់តាំងពីមន្ទីរពេទ្យខេត្តបាត់ដំបងរហូតដល់ការពិនិត្យឈាមនៅមន្ទីរពិសោធន៍របស់មជ្ឈមណ្ឌលជាតិប្រយុទ្ធនឹងជំងឺអេដស៍ សើស្បែក និងកាមរោគ និងជាចុងក្រោយសំណាកឈាមដដែលនោះនឹងត្រូវពិនិត្យផ្ទៀងផ្ទាត់ដោយវិទ្យាស្ថានប៉ាស្ទ័ររបស់បារាំងនៅក្នុងប្រទេសកម្ពុជាមុននឹងធ្វើការបញ្ជាក់ជាស្ថាពរ៕