លោក​ម៉ម សុណង់ដូ​ប្រកាស​ផែនការ​ចូល​នយោបាយ​វិញ

លោកម៉ម សុណង់ដូចូលរួម​បាតុកម្ម​​នៅតុលាការ​​កំពូល​​​ទាមទារ​ឲ្យ​ដោះលែង​ជន​រងគ្រោះទំនាស់ដីធ្លី​

ក្រោយ​ពី​ចាញ់ការ​បោះឆ្នោត​កាល​ពី​ខែ​កក្កដា​ឆ្នាំ​១៩៩៨ លោកម៉ម សុណង់ដូ ប្រធាន​សមាគម​អ្នក​ប្រជាធិបតេយ្យ​និងជា​នាយក​វិទ្យុ​សម្បុក​ឃ្មុំ​ទើប​តែ​បាន​ប្រកាសថា ​លោក​នឹង​វិល​ចូល​ប្រឡូក​ក្នុង​ជីវិត​នយោបាយ​សារ​ជាថ្មី​ដើម្បី​ចូលរួម​ប្រកួត​ប្រជែង​ក្នុង​ការ​បោះឆ្នោត​ជ្រើសតាំង​តំណាងរាស្ដ្រ​ឆ្នាំ​២០១៨។​

​នៅក្នុង​កិច្ច​សម្ភាសន៍​តាម​ទូរស័ព្ទ​ជាមួយ​លោក​គង់ សុឋានរិទ្ធ​នៃវីអូអេ​ពីរាជធានី​ភ្នំពេញ​នៅថ្ងៃ​សុក្រនេះ​ លោក​ម៉ម សុណង់ដូ​ហាក់​ដូច​ជា​បង្ហាញ​ថា ​ការ​សម្រេច​ចិត្តបង្កើត​គណបក្ស​នយោបាយ​ឡើង​វិញ​នេះ​ទំនង​ជា​បណ្តាល​មក​ពី​ការ​មិន​សប្បាយ​ចិត្ត​ជា​មួយ​គណបក្ស​ក្រៅរដ្ឋាភិបាលដែល​លោក​តាម​«ជួយ​ជ្រោម​ជ្រែង​អស់​រយៈ​ពេល​១៥​ឆ្នាំ​មក​ហើយ»។​

​លោក​ម៉ម សុណង់ដូ​បាន​និយាយ​ក្នុ​ងកិច្ច​សម្ភាសន៍​ថា៖​ «ខ្ញុំ​អស់​សង្ឃឹម​ជាមួយ​មេដឹក​នាំ​គណបក្ស​សង្គ្រោះជាតិ ​ហេតុ​ដូច្នេះ​ ខ្ញុំ​ត្រូវ​តែ​ចូល​រួម​ធ្វើ​នយោបាយ​ឡើង​វិញ»។​

ប្រធាន​សមាគម​អ្នក​ប្រជាធិបតេយ្យ​នេះ​បាន​ប្រមូល​ផ្តុំ​សមាជិក​បាន​ប្រហែល​១៥​ម៉ឺន​នាក់​នៅ​ទូទាំង​ប្រទេស​ ដែល​ទំនង​ជា​អាច​ប្រើ​ប្រាស់ជា​មូលដ្ឋាន​សម្រាប់​បង្កើត​គណបក្ស​សម្បុក​ឃ្មុំ​សង្គម​ប្រជាធិបតេយ្យ​ឡើង​វិញ​បាន។​

លោក​ម៉ម សុណង់ដូ​ឲ្យ​ដឹង​ថា ​ក្នុង​ខែ​កញ្ញា​ខាងមុខ​ លោក​នឹង​ធ្វើ​សមាជ​វិសាមញ្ញ​នៃ​សមាគម​របស់​លោក។ ​ហើយ​នៅ​ពេល​នោះ​ លោក​នឹង​លាលែ​ង​ពី​តួនាទី​ជា​ប្រធាន​សមាគម។ ​បន្ទាប់​មក​លោក​នឹង​ជូន​ដំណឹង​ទៅ​ក្រសួង​មហាផ្ទៃ​ពី​ការ​ចាប់​ផ្តើម​ដំណើរ​ការ​គណបក្ស​សម្បុក​ឃ្មុំ​សង្គម​ប្រជា​ធិបតេយ្យ​ឡើង​វិញ។​

គណបក្ស​នេះ​ត្រូវ​បង្កើត​ឡើង​កាល​ពី​ថ្ងៃទី​១៦​ខែ​មិនា​ឆ្នាំ១៩៩៨​គឺ​ប្រមាណ​ជា​បួន​ខែ​មុន​ការ​បោះឆ្នោត​សកល។​

យ៉ាង​ណា​ក៏​ដោយ​ លោក​មិន​ទាន់​អាច​ប៉ាន់​ប្រមាណ​បាន​ថា ​គណបក្ស​របស់​លោក​អាច​នឹង​ដណ្តើម​បាន​ជ័យ​ជំនះ​បែប​ណា​ក្នុង​ការ​បោះ​ឆ្នោត​ជ្រើស​តាំង​តំណាង​រាស្ដ្រ​នៅ​ឆ្នាំ​២០១៨​នោះ​ទេ។​

ប៉ុន្តែ​បើ​សិន​នៅ​ពេល​នោះ​លោក​ជួប​នូវ​បរាជ័យ​ម្តង​ទៀត​ លោក​នឹង​លា​ឈប់​ពី​នយោបាយ។

លោក​បញ្ជាក់​ថា ​លោក​នឹង​ជូន​ដំណឹង​ទៅ​ក្រសួង​មហា​ផ្ទៃនៅ​ក្នុង​អំឡុង​ខែ​កញ្ញា​ដើម្បី​សុំ​ដំណើរ​ការ​ឡើង​វិញ​នូវ​គណបក្ស​របស់​លោក​ឈ្មោះ​គណបក្ស​សម្បុក​ឃ្មុំ​សង្គម​ប្រជាធិបតេយ្យ៕