ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

សាលា​រាជធានី​ទុក​ពេល​ឱ្យ​លោក​ម៉ម សុណង់ដូ​ចរចា​ជាមួយ​នឹង​ក្រសួង​ព័ត៌មាន


បន្ទាប់​ពី​ទទួល​បាន​លិខិត​បដិសេធ​ពី​ក្រសួង​ព័ត៌មាន​អំពី​សំណើ​សុំ​ដំឡើង​កម្លាំង​ផ្សាយ​វិទ្យុ​និង​អាជ្ញាប័ណ្ណទូរទស្សន៍​រួច​មក​ លោក​ម៉ម សុណង់ដូ ​បាន​ដាក់​សំណើ​ធ្វើ​បាតុកម្ម​ក្នុង​មូលហេតុ​ដូចគ្នា​នេះ​ទៅ​សាលា​រាជធានី​ភ្នំពេញ​កាល​ពី​ថ្ងៃ​ទី​១៤​ខែ​មករា​ប៉ុន្តែ​រហូត​មក​ទល់​ពេល​នេះ​សាលា​រាជធានី​ភ្នំពេញ​មិន​ទាន់​ឱ្យ​ដឹង​ពី​សេចក្តី​សម្រេច​របស់​ខ្លួន​លើ​សំណើ​សុំ​ធ្វើ​បាតុកម្ម​នេះ​នៅ​ឡើយ​ទេ។ (រូបថត​ឯកសារ/ហេង រស្មី)
សាលា​រាជធានី​ភ្នំពេញ​បាន​សម្រេច​ផ្អាក​ការ​ពិចារណា​របស់​ខ្លួន​លើ​សំណើ​ធ្វើ​បាតុកម្ម​នៅ​ថ្ងៃ​ទី​២៧​ខែ​មករា​ខាង​មុខ​នេះ​របស់​លោក ម៉ម សុណង់ដូ​ នាយក​វិទ្យុ​សំបុក​ឃ្មុំ​ដែល​ចង់​តវ៉ា​ដើម្បី​ទាមទារ​ដំឡើង​កម្លាំង​ផ្សាយ​វិទ្យុ​របស់​លោក​និង​សុំ​អាជ្ញាប័ណ្ណ​ទូរទស្សន៍​មួយ​ក្នុង​ប្រទេស។

បន្ទាប់​ពី​ទទួល​បាន​លិខិត​បដិសេធ​ពី​ក្រសួង​ព័ត៌មាន​អំពី​សំណើ​សុំ​ដំឡើង​កម្លាំង​ផ្សាយ​វិទ្យុ​និង​អាជ្ញាប័ណ្ណទូរទស្សន៍​រួច​មក​ លោក​ម៉ម សុណង់ដូ ​បាន​ដាក់​សំណើ​ធ្វើ​បាតុកម្ម​ក្នុង​មូលហេតុ​ដូចគ្នា​នេះ​ទៅ​សាលា​រាជធានី​ភ្នំពេញ​កាល​ពី​ថ្ងៃ​ទី​១៤​ខែ​មករា​ប៉ុន្តែ​រហូត​មក​ទល់​ពេល​នេះ​សាលា​រាជធានី​ភ្នំពេញ​មិន​ទាន់​ឱ្យ​ដឹង​ពី​សេចក្តី​សម្រេច​របស់​ខ្លួន​លើ​សំណើ​សុំ​ធ្វើ​បាតុកម្ម​នេះ​នៅ​ឡើយ​ទេ។

លោក ឡុង់ ឌីម៉ង់ ​អ្នក​នាំពាក្យ​សាលា​រាជធានី​ភ្នំពេញ ​ថ្លែង​ថា​នេះ​ដោយ​សារ​ខាង​សាលា​រាជធានី​ភ្នំពេញ​ចង់​ទុក​ពេល​ឱ្យ​ក្រសួង​ព័ត៌មាន​និង​លោក​ម៉ម សុណង់ដូ ​ពិភាក្សា​គ្នា​សិន។

«ក្រសួង​ព័ត៌មាន​និងលោក​ម៉ម សុណង់ដូ ​នឹង​ជួប​គ្នា​ពិភាក្សា​គ្នា​អំពី​មូលហេតុ​ដែល​ក្រសួង​ព័ត៌មាន​មិន​មាន​ហ្វ្រេកង់​ជូន។ អញ្ចឹង​ខាង​ក្រសួង​ព័ត៌មាន​នឹង​ពិភាក្សា​ជា​មួយ​លោក​ម៉ម សុណង់ដូ ​ផ្ទាល់​តែ​ម្តង ​ដូច្នេះ​ខាង​ខ្ញុំ​គឺ​ផ្អាក​សិន»។

លោក ខៀវ កាញ៉ារិទ្ធ ​រដ្ឋមន្ត្រី​ក្រសួង​ព័ត៌មាន​មិន​អាច​ទំនាក់​ទំនង​បាន​ទេ​នៅ​ថ្ងៃ​នេះ។

បើ​តាម​លោកស្រី​ហ៊ួន ផាណារី​ ជំនួយការ​ផ្ទាល់​របស់​លោក​ម៉ម សូណង់ដូ​ឱ្យ​ដឹង​ថា​អ្នកស្រី​ទើប​តែ​បាន​ទទួល​លិខិត​កោះ​អញ្ជើញ​របស់​ក្រសួង​ព័ត៌មាន​នៅ​ល្ងាច​ថ្ងៃ​ព្រហស្បតិ៍​នេះ​ ដោយ​ស្នើ​ឱ្យ​លោក​ម៉ម សុណង់ដូ ​ទៅ​ជួប​នៅ​ថ្ងៃ​ស្អែក​នេះ។ ប៉ុន្តែ​លិខិត​នោះ​មិន​បាន​បញ្ជាក់​លម្អិត​ពី​គោល​បំណង​នៃ​ជំនួប​នេះ​ទេ។ ប៉ុន្តែ​បើ​តាម​លោក ឡុង ឌីម៉ង់ ​ជំនួប​នេះ​នឹង​ផ្តោត​លើ​មូលហេតុ​ដែល​ក្រសួង​ព័ត៌មាន​បដិសេធ​មិន​ព្រម​ផ្តល់​អាជ្ញាប័ណ្ណដល់​លោក​ម៉ម សុណង់ដូ​ប៉ុណ្ណោះ។

លោកស្រី ​ហ៊ួន ផាណារី ​ថ្លែង​ថា​លោក​ម៉ម សុណង់ដូ ​បាន​យល់​ព្រម​ចំពោះ​ជំនួប​នេះ​ហើយ ​ប៉ុន្តែ​ស្នើ​លើក​ពេល​ទៅ​ថ្ងៃ​ទី​២៣​ខែ​មករា​ នៅ​ពេល​លោក​ត្រឡប់​ពី​ប្រទេស​បារាំង​វិញ។

«ខ្ញុំ​បាន​ទាក់ទង​លោក​ម៉ម សុណង់ដូ ​ទាក់ទង​រឿង​ហ្នឹង​ហើយ។ គាត់​ឱ្យ​ធ្វើ​លិខិត​ជម្រាប​ក្រសួង​វិញ​ថា​គាត់​អត់​បាន​ចូល​ទេ​នៅ​ថ្ងៃ​ស្អែក។ ទាល់​តែ​ដល់​ថ្ងៃ​ទី​២៣​ដែល​គាត់​អញ្ជើញ​មក​វិញ ​ទើប​គាត់​អាច​ទៅ​ជួប​ជាមួយ​ក្រសួង​ព័ត៌មាន​បាន»។

លោកស្រី ​ហ៊ួន ផាណារី ​បញ្ជាក់​បន្ថែម​ថា​ប្រសិន​បើ​ក្រសួង​ព័ត៌មាន​នៅ​តែ​មិន​ព្រម​ផ្តល់​អាជ្ញាប័ណ្ណក្នុង​ជំនួប​នា​ពេល​ខាង​មុខ​នេះ​ លោក​ម៉ម សុណង់ដូ​នឹង​ដឹកនាំ​បាតុកម្ម​តាម​ការ​គ្រោង​ទុក។

ស្ថានីយ៍​វិទ្យុ​សំបុក​ឃ្មុំ​ដែល​ផ្សាយ​បន្ត​កម្មវិធី​របស់​វីអូអេ​ និង​ស្ថានីយ៍វិទ្យុ​បរទេស​ផ្សេង​ទៀត​តាម​រលក​ធាតុ​អាកាស​ FM ​105 ​មេហ្គាហឺត​នោះ​ មាន​កម្លាំង​ផ្សាយ​១០​គីឡូវ៉ាត់​ដែល​គេ​ដឹង​ថា ​មិនអាច​ស្តាប់​ឮ​បាន​ទូទាំង​ប្រទេស​ដូច​ស្ថានីយ៍​ដទៃ​ទៀត​ទេ។​ ស្ថានីយ៍​វិទ្យុ​នេះ​បាន​ដាក់​ពាក្យ​សុំ​ដល់​ក្រសួង​ព័ត៌មាន​កាល​ពី​ថ្ងៃទី៣​ខែមករា​ឆ្នាំ​២០១៤​ ដើម្បី​សុំ​បើក​ស្ថានីយ៍​ផ្សាយ​បន្ត ​ឬ ​Relay​ និង​សុំ​បើក​ស្ថានីយ៍​ទូរទស្សន៍​ថ្មីមួយ​របស់​ខ្លួន​តាម​ការ​ស្នើសុំ​របស់​ប្រជា​ពលរដ្ឋ ​ប៉ុន្តែ​ក្រសួង​បាន​បដិសេធ​ក្រោម​ហេតុ​ផល​ថា​ពុំ​មាន​ហ្វ្រេកង់​វិទ្យុ​និង​ហ្វ្រេកង់​ទូរទស្សន៍​សម្រាប់​ផ្តល់​ជូន។

ប៉ុន្តែ​លោកស្រី​ហ៊ួន ផាណារី ​ថ្លែង​ថា​ហេតុផល​នេះ​មិន​អាច​ទទួល​យក​បាន​ទេ ​ដោយ​សារ​នា​ពេល​កន្លង​មក​ក្រសួង​បាន​ផ្តល់​អាជ្ញាប័ណ្ណ​ដល់​វិទ្យុ​និង​ទូរទស្សន៍​ជា​ច្រើន​ក្នុង​ប្រទេស។ លោកស្រី​អះអាង​ថា​មូលហេតុ​ពិត​ប្រាកដ​ដោយ​សារ​វិទ្យុ​សំបុក​ឃ្មុំ​ផ្សាយ​ព័ត៌មាន​ពិត​និង​ហ៊ាន​រិះគន់​រដ្ឋាភិបាល៕
XS
SM
MD
LG