ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

លោក​ម៉ម សុណង់​ដូ​នឹង​ធ្វើ​បាតុកម្ម​សុំ​ដំឡើង​ការផ្សាយ

  • ហេង រស្មី

លោក​ម៉ម សូណង់ដូ​បាន​អះអាង​ថា​តាំង​ពី​ឆ្នាំ​២០០៥​មក ​មាន​ស្ថានីយ៍​វិទ្យុ​និង​ទូរទស្សន៍​ជាច្រើន​ត្រូវ​បាន​ក្រសួង​ព័ត៌មាន​អនុញ្ញាត​ឱ្យ ​​​តែ​ដោយ​ឡែក​មាន​តែ​វិទ្យុ​សំបុក​ឃ្មុំ​មួយ​ទេ​ដែល​ក្រសួង​បាន​ទាត់​ចោល​សំណើ​នេះ។​
បន្ទាប់ពី​បាន​បរាជ័យ​អស់​រយៈ​ពេល​ជាង​៩ឆ្នាំ​ ក្នុង​ការ​ស្នើ​សុំ​ដំឡើង​កម្លាំង​ផ្សាយ​ស្ថានីយ៍​វិទ្យុ​និង​ទូរទស្សន៍​នៅតាម​បណ្តា​ខេត្ត​នានា ​លោក​ ម៉ម សូណង់​ដូ​ នាយក​ស្ថានីយ៍​វិទ្យុ​សំបុក​ឃ្មុំ​បាន​ប្រកាស​ថា​ នឹង​ដឹក​នាំ​ធ្វើ​មហា​បាតុកម្ម​នៅ​ថ្ងៃ​ទី​២៧​ខែ​មករា​ខាង​មុខ​នេះ ​ដើម្បី​ទាម​ទារឱ្យក្រសួង​ព័ត៌មាន​អនុញ្ញាត​ឱ្យស្ថានីយ៍​វិទ្យុ​របស់​លោក​បាន​ដំឡើង​កម្លាំង​ផ្សាយ​បន្ត។​

មាន​ប្រសាសន៍​នៅ​ក្នុង​អង្គសន្និសីទ​កាសែត​នៅ​ទីស្នាក់​ការ​វិទ្យុ​សំបុកឃ្មុំ​ ​លោក​ ម៉ម សូណង់​ដូ​បាន​បង្ហាញ​ពាក្យ​ស្នើ​សុំ​របស់​លោក​ជូន​ក្រុម​អ្នក​សារ​ព័ត៌មាន​តាំង​ពី​ឆ្នាំ​២០០៥​មក​ម៉្លេះ​ ​ក៏ប៉ុន្តែ​ក្រសួង​ព័ត៌មាន​បាន​ឆ្លើយ​តប​ ចម្លើយ​ផ្សេងៗ​គ្នា​ បដិសេធ​មិនឱ្យលោក​បង្កើន​កម្លាំង​ផ្សាយ​វិទ្យុ​និង​ទូរទស្សន៍​នៅ​តាម​បណ្តា​ខេត្ត​នានា​ដដែល។​

លោក​ ម៉ម សូណង់​ដូ​បាន​អះអាង​ថា ​ការ​បដិសេធ​របស់​ក្រសួង​ព័ត៌មាន​ មិន​ត្រឹម​តែ​អនុវត្ត​ផ្ទុយ​នឹង​រដ្ឋធម្មនុញ្ញ​ទេ គឺ​ថែមទាំង​គ្មានយុត្តិធម៌​សម្រាប់​ពលរដ្ឋ​ខ្មែរ​ទាំង​អស់​គ្នា។​

លោក​និយាយ​ថា៖​«ខ្ញុំ​ធ្វើ​បាតុកម្ម​ដើម្បី​កែ​តម្រូវ​រដ្ឋាភិបាល​ដែល​អនុវត្ត​ផ្ទុយ​នឹង​រដ្ឋធម្មនុញ្ញ។ ​អាហ្នឹង​វា​បញ្ហា​កាន់​តែ​ធំ​ឡើង​ពី​ព្រោះ​បើ​ខ្ញុំ​មិន​តវ៉ាទេ​គឺ​ប្រជាពលរដ្ឋ​រាប់​លាន​នាក់​នឹង​ឈរ​ទាំង​អស់​គ្នា​តវ៉ា​ទៅ​វិញ។ ​ដូច្នេះ​ពិបាក​នឹង​ចរចា​ជាមួយ​ប្រជា​ពលរដ្ឋ​ហើយ​ខ្ញុំ​សំណូម​ពរ​ថា​សុំឱ្យរដ្ឋាភិបាល​ហ្នឹង​ពិចារណា​ឱ្យបាន​ជ្រៅជ្រះ»។​

ខេត្ត​ដែល​វិទ្យុ​សំបុក​ឃ្មុំ​របស់​លោក​ ម៉ម សូណង់ដូ​គ្រោង​នឹង​ដំឡើង​កម្លាំង​ការ​ផ្សាយ​ស្ថានីយ៍​វិទ្យ​និង​ទូរទស្សន៍​រួម​មាន៖ខេត្ត​កំពង់​ឆ្នាំង​ ពោធិ៍សាត់​ បាត់ដំបង​ សៀមរាប​ និង​ ខេត្ត​ក្រចេះ។​
នៅ​ក្នុង​លិខិត​របស់​លោក​ ម៉ម សូណង់​ដូ​ដែល​បាន​ស្នើ​ដំឡើង​កម្លាំង​ផ្សាយទៅ​ក្រសួង​ព័ត៌មាន​តាំង​ពី​ឆ្នាំ​២០០៥​តែ​ត្រូវ​បាន​ក្រសួង​ព័ត៌មាន​បាន​ឆ្លើយ​កាល​ពី​ថ្ងៃ​ទី​១០​ខែមករា​នេះ​ ថា​ក្រសួង​សោក​ស្តាយ​ដោយ​ពុំ​មាន​សល់​ហ្វ្រេកង់​វិទ្យុ​និង​ហ្វេ្រកង់​ទូរទស្សន៍​សម្រាប់​ផ្តល់​ជូន​តាមការ​ស្នើ​សុំ​នេះ​បាន​ទេ។​

លោក​ម៉ម សូណង់ដូ​បាន​អះអាង​ថា​តាំង​ពី​ឆ្នាំ​២០០៥​មក ​មាន​ស្ថានីយ៍​វិទ្យុ​និង​ទូរទស្សន៍​ជាច្រើន​ត្រូវ​បាន​ក្រសួង​ព័ត៌មាន​អនុញ្ញាត​ឱ្យ ​តែ​ដោយ​ឡែក​មាន​តែ​វិទ្យុ​សំបុក​ឃ្មុំ​មួយ​ទេ​ដែល​ក្រសួង​បាន​ទាត់​ចោល​សំណើ​នេះ។​

លោក​ ខៀវ កាញ៉ារិទ្ធ​ រដ្ឋមន្ត្រី​ក្រសួង​ព័ត៌មាន​មិន​អាច​ស្នើ​សុំ​សេចក្តី​អត្ថាធិប្បាយ​បំភ្លឺ​បាន​ទេ​ដោយ​ទូរស័ព្ទ​របស់​លោក​គ្មាន​អ្នក​ទទួល។​

ស្ថានីយ៍​វិទ្យុ​សំបុក​ឃ្មុំ​បាន​ផ្សាយ​បន្ត​ កម្មវិធី​របស់​វីអូអេនិង​ស្ថានីយ៍វិទ្យុ​បរទេស​ផ្សេង​ទៀត​តាម​រលក​ធាតុ​អាកាស​ FM ​105 ​មេហ្គាហឺត​នោះ​ មាន​កម្លាំង​ផ្សាយ​១០​គីឡូវ៉ាត់​ដែល​គេ​ដឹង​ថា ​មិនអាច​ស្តាប់​ឮ​បាន​ទូទាំង​ប្រទេស​ដូច​ស្ថានីយ៍​ដទៃ​ទៀត​ទេ។

ស្ថានីយ៍​វិទ្យុ​នេះ​បាន​ដាក់​ពាក្យ​សុំ​ដល់​ក្រសួង​ព័ត៌មាន​កាល​ពី​ថ្ងៃទី៣ ​ខែមករា​ឆ្នាំ​២០១៤​ ដើម្បី​សុំ​បើក​ស្ថានីយ៍​ផ្សាយ​បន្ត ​ឬ ​Relay​ និង​សុំ​បើក​ស្ថានីយ៍​ទូរទស្សន៍​ថ្មីមួយ​របស់​ខ្លួន​តាម​ការ​ស្នើសុំ​របស់​ ប្រជា​ពលរដ្ឋ។ ​ប៉ុន្តែ​ក្រសួង​ព័ត៌មាន​បាន​បដិសេធ។​

ជាការ​ដាក់​សម្ពោធ​មួយ​ដល់​រដ្ឋាភិបាល​ដើម្បី​ឱ្យអនុញ្ញាត​បង្កើន​កម្លាំង​ផ្សាយ​តាម​ស្ថានីយ៍​វិទ្យុ​និង​ទូរទស្សន៍​ ​លោក​ ម៉ម សូណង់​ដូ​បាន​ដាក់​ពាក្យ​ទៅ​សាលា​ក្រុង​ភ្នំពេញ​វិញ​ដើម្បី​ស្នើ​សុំ​ធ្វើ​បាតុកម្ម។​

លោក​ ឡុង ឌីម៉ុង​ អ្នក​នាំ​ពាក្យ​សាលា​ក្រុង​ភ្នំពេញ​បាន​បញ្ជាក់​ថា​សាលា​ក្រុង​មិន​អនុញ្ញាត​ឱ្យលោក​ ម៉ម សូណង់​ដូ​ដឹក​នាំ​ធ្វើ​បាតុកម្ម​ទេ​ហើយ​បើ​ការ​ដឹក​នាំ​ធ្វើ​បាតុកម្ម​ណា​មួយ​គ្មាន​ច្បាប់​កង​កម្លាំង​មាន​សមត្ថកិច្ច​នឹង​វាយ​បង្ក្រាប៕​
XS
SM
MD
LG