រឿង​អាស្រូវ​អំពី​មូលនិធិ​ម៉ាឡេស៊ី​កាន់​តែ​ជ្រៅ​ទៅ​និង​គំរាម​កំហែង​ដល់​នាយករដ្ឋមន្ត្រី

  • Steve Herman

នាយករដ្ឋមន្ត្រី​ម៉ាឡេស៊ី Najib Razak ចូលរួម​កម្មវិធី​Ramadan ក្នុង​ព្រះវិហារ​មួយ​ក្នុង​ទីក្រុង​គូឡាឡាំពួ កាលពីថ្ងៃទី៥ ខែកក្កដា ឆ្នាំ២០១៥។ លោក​អាចរងការ​ចោទប្រកាន់​លើ​បទ​ព្រហ្មទណ្ឌ​អំពី​ការ​ចោទប្រកាន់​ថា​បាន​ផ្តល់​លំហូរ​ប្រាក់​រាប់លាន​ដុល្លារ​តាម​គណនី​ធនាគារ​របស់​លោក។

ប៉ូលិស​របស់​ម៉ាឡេស៊ី​កាល​ពី​ថ្ងៃច័ន្ទ​ បាន​ប្រកាស​ថា​ ពួក​គេ​នឹង​ធ្វើ​ការ​ស៊ើប​អង្កេត​ទៅ​លើ​ក្រុម​អ្នក​ស៊ើប​អង្កេត​ដែល​កំពុង​ធ្វើ​ការ​ស៊ើប​អង្កេត​ អំពី​ការ​ចោទ​ប្រកាន់​ដែល​ថា​ ថវិកា​របស់​រដ្ឋ​រាប់​លាន​ដុល្លារ​ត្រូវ​បាន​គេ​បញ្ជូន​ទៅ​ក្នុង​គណនី​ធនាគារ​របស់​លោក​នាយក​រដ្ឋមន្រ្តី Najib Razak។​

អគ្គ​ស្នងការ​ប៉ូលិស​របស់​ប្រទេស​ម៉ាឡេស៊ី​លោក​ Khalid​ Abu​ Bakar​ និយាយ​ថា​ ក្រុម​មន្រ្តី​ប៉ូលិស​នឹង​ព្យាយាម​កំណត់​និង​បញ្ជាក់​ថា​ អ្នក​ណា​ដែល​បាន​ធ្វើ​ឲ្យ​បែក​ធ្លាយ​ «ឯកសារ​សម្ងាត់​ឲ្យ​ទៅ​ជន​បរទេស»​ និង​ថា​តើ​ឯកសារ​ទាំងនោះ​ពិត​ឬ​ក៏​ក្លែងក្លាយ។​

កាសែត​ The​ Wall​ Street​ Journal​ ចេញ​ផ្សាយ​កាល​ពី​ថ្ងៃ​ទី​៣​ ខែ​កក្កដា​ បាន​ដកស្រង់​ខ្លឹមសារ​ពី​ឯកសារ​ការ​ស៊ើប​អង្កេត​របស់​រដ្ឋាភិបាល​មួយ ដែល​បាន​រាយការណ៍​អំពី​ថវិកា​ចំនួន​៧០០​លាន​ដុល្លារ​ ប្រហែល​ជា​ត្រូវ​បាន​ផ្ទេរ​តាម​រយៈ​ទីភ្នាក់ងារ​និង​ក្រុមហ៊ុន​ដែល​មាន​ជាប់​ពាក់ព័ន្ធ​នឹង​ក្រុមហ៊ុន​យុទ្ធសាស្ត្រ​អភិវឌ្ឍ​ 1MDB​ ដែល​គ្រប់​គ្រង​ដោយ​រដ្ឋាភិបាល​របស់​ប្រទេស​ម៉ាឡេស៊ី​ មុន​ពេល​ត្រូវ​បាន​ដាក់​បញ្ចូល​ទៅ​ក្នុង​គណនី​ធនាគារ​ដែល​មាន​ឈ្មោះ​របស់​លោក​នាយករដ្ឋមន្ត្រី។​

ភាគ​ច្រើន​នៃ​ប្រាក់​ទាំង​នោះ​ត្រូវ​បាន​គេ​រាយការណ៍​ថា​ បាន​ហូរ​ចូល​ទៅ​ក្នុង​គណនី​របស់​លោក​នាយករដ្ឋមន្រ្តី​ Najib​ មុន​ពេល​មាន​ការ​បោះ​ឆ្នោត​ជាតិ​ចុង​ក្រោយ​ (កាល​ពី​ឆ្នាំ​២០១៣) ក៏​ប៉ុន្តែ​ វា​នៅ​មិន​ទាន់​មាន​ភាព​ច្បាស់លាស់​ថា​តើ​មាន​អ្វី​កើត​ឡើង​ចំពោះ​ថវិកា​ទាំង​នោះ​បន្ទាប់​មក​ទៀត​នោះ​ទេ។​

លោក​អគ្គស្នងការ​ប៉ូលិស​ Khalid​ បាន​និយាយថា​ ការ​បែក​ធ្លាយ​ឯកសារ​នេះ​អាច​ជា​ផ្នែក​មួយ​នៃ​ «ការ​សម​គំនិត​ដើម្បី​បង្ខូច​ដំណើរការ​លទ្ធិប្រជាធិបតេយ្យ​របស់​ម៉ាឡេស៊ី​និង​ដើម្បី​ផ្តួល​រំលំ​នាយករដ្ឋមន្ត្រី»។​

នាយករដ្ឋមន្រ្តី​ដែល​កាន់​តំណែង​យូរ​ជាង​គេ​បំផុត​របស់​ប្រទេស​ម៉ាឡេស៊ី​ លោក​ Mahathir​ Mohamad​ បាន​ធ្វើ​ការ​រិះគន់​យ៉ាង​ខ្លាំង​ទៅ​លើ​ លោក​ Najib​ អ្នក​ស្នង​តំណែង​ដែល​ត្រូវ​បាន​ជ្រើសរើស​យ៉ាង​ល្អិតល្អន់​នោះ​ ថា​បាន​ទទួល​បរាជ័យ​ក្នុង​ការ​ធ្វើ​ឲ្យ​ប្រទេស​ម៉ាឡេស៊ី​ក្លាយ​ជា​ប្រទេស​ដែល​មាន​ការ​អភិវឌ្ឍ​ឲ្យ​បាន​ពេញលេញ​ ដែល​នេះ​បណ្តាល​ឲ្យ​អន្តរជាតិ​បាត់បង់​នូវ​ទំនុក​ចិត្ត​ផង​ដែរ។​

លោក​សាស្រ្តាចារ្យ​ James​ Chin​ គឺ​ជា​នាយក​នៃ​វិទ្យាស្ថាន​អាស៊ី​នៅ​ឯ​សាកលវិទ្យាល័យ​ Tasmania ប្រទេស​អូស្ត្រាលី។​

«រឿងរ៉ាវ​ទាំង​អស់​ដែល​អ្នក​បាន​ឮ​ពី​អំពើ​ពុករលួយ​ទាក់ទិន​នឹង​លោក​នាយករដ្ឋមន្រ្តី​និង​ភរិយា​របស់​លោក ​អំពី​ថវិកា​រាប់​លាន​ដុល្លារ​ដែល​កំពុង​ត្រូវ​បាន​គេ​ផ្ទេរ​មក​ពី​ក្រុមហ៊ុន​រដ្ឋ​នោះ​ គឺ​គ្រាន់​តែ​ជា​ផ្នែក​មួយ​នៃ​ឆាក​ល្ខោន​ដណ្តើម​អំណាច​នយោបាយ​រវាង​លោក​ Mahathir​ អតីត​នាយករដ្ឋមន្រ្តី​និង​លោក​ Najib​ Razak ​នាយករដ្ឋមន្ត្រី​នា​ពេល​បច្ចុប្បន្ន​ប៉ុណ្ណោះ»។​

​លោក Chin​ បាន​ពន្យល់​ថា​ ស្ថាប័ន​(រដ្ឋ)​របស់​ប្រទេស​ម៉ាឡេស៊ី​ត្រូវ​បំពុល​ដោយ​ដំណើរការ​នយោបាយ​ ហើយ​សូម្បី​តែ​មន្ត្រី​រដ្ឋាភិបាល​ក៏​មិន​ទុក​ចិត្ត​ក្រុម​ប៉ូលិស​ឬ​អាជ្ញាធរ​ក្នុង​ស្រុក​ផ្សេង​ទៀត​ ក្នុង​ការ​ស៊ើប​អង្កេត​បញ្ហា​នេះ​ឲ្យ​បាន​ពេញលេញ​នោះ​ទេ។​

«ថវិកា​ដែល​ត្រូវ​បាន​យក​ចេញ​ពី​សហគ្រាស​ចំណុះ​រដ្ឋ​នេះ​ ត្រូវ​បាន​ប្រើ​ប្រាស់​ចម្បង​សម្រាប់​ការ​បោះ​ឆ្នោត​ជាតិ​ចុងក្រោយ។ ដូច្នេះ​គ្មាន​នរណា​ម្នាក់ចង់​បើក​កកាយ​រឿង​ទាំង​នេះ​នោះ​ទេ​ ព្រោះ​អ្វី​ដែល​អាច​នឹង​កើត​ឡើង​នោះ​ គឺ​អាច​នឹង​លាត​ត្រដាង​ពីរឿង​ល្បិច​កល​នានា​ដែល​បាន​កើត​មាន​ឡើង​កាល​ពី​អំឡុង​ពេល​ការ​បោះ​ឆ្នោត​ចុង​ក្រោយ​នេះ»។​

ក្នុង​ការ​បោះ​ឆ្នោត​កាល​ពី​ពីរ​ឆ្នាំ​មុន​ រដ្ឋាភិបាល​ចម្រុះ​ដែល​កំពុង​កាន់​អំណាចបាន​ទទួល​លទ្ធផលអាក្រក់​បំផុត​ដែល​មិន​ធ្លាប់​មាន​ពី​មុន​មក។​ ប៉ុន្តែ​រដ្ឋាភិបាល​នេះ​ នៅ​តែ​អាច​រក្សា​បាន​នូវ​សំឡេង​ភាគ​ច្រើន​នៅ​ក្នុង​សភា​ដែល​ខ្លួន​មាន​ចាប់​តាំង​ពី​ឆ្នាំ​១៩៥៧​មក៕​

ប្រែសម្រួល​ដោយ ស្រេង លក្ខិណា