របប​សឹក​យោធា​ម៉ាលី​ និយាយ​ថា​ ខ្លួន​បាន​ទប់ស្កាត់​ការ​ប៉ុនប៉ង​ធ្វើ​រដ្ឋប្រហារ​មិន​បាន​សម្រេច​មួយ

អ្នកគាំទ្រប្រធានាធិបតីស្តីទីម៉ាលីកាន់ទង់ជាតិម៉ាលី ក្នុងអំឡុងពេលប្រមូលផ្តុំគ្នាហែក្បួនគាំទ្ររបបយោធានិងគាំទ្ររុស្ស៊ី នៅទីក្រុង Bamako កាលពីថ្ងៃទី ១៣ ខែឧសភា ឆ្នាំ ២០២២។


ទីក្រុង​បាម៉ាកូ ប្រទេស​ម៉ាលី — របប​សឹកយោធា​នៅក្នុង​ប្រទេស​ម៉ាលី​បាននិយាយ​កាល​ពី​ថ្ងៃចន្ទ​ម្សិល​មិញ​ថា ខ្លួន​បាន​ទប់ ស្កាត់​ការប៉ុនប៉ង​ធ្វើ​រដ្ឋប្រហារ​មិន​បាន​សម្រេច​មួយ​កាល​ពី​សប្តាហ៍​មុន​ ដែល​ដឹកនាំ​ដោយ​មន្ត្រី​យោធា​មួយ​ចំនួន​ដែល​បាន​គាំទ្រ​ដោយប្រទេស​លោក​ខាង​លិចមួយ​ ដែល​មិន​ត្រូវ​បាន​ប្រាប់​ឈ្មោះ។ នេះ​បើតាម​ការចេញ​ផ្សាយ​របស់​ទី​ភ្នាក់ងារ​ព័ត៌មាន AFP។

សេចក្តីថ្លែងការណ៍​ដែល​ត្រូវ​បាន​គេ​អាន​នៅ​លើទូរទស្សន៍​រដ្ឋ​បានឱ្យដឹង​ថា៖ «ក្រុម​មន្ត្រី​ម៉ាលី​មួយ​ចំនួន​តូច​ដែល​ប្រឆាំង​នឹង​ការ​រីកចម្រើន​និង​ជា​មន្ត្រី​យោធា​បម្រុង​បានព្យាយាម​ប៉ុនប៉ងធ្វើ​រដ្ឋប្រហារ​មួយ​ កាលពី​យប់​ថ្ងៃ​ទី ១១ ឈាន​ចូល​ថ្ងៃ​ទី ១២ ខែ​ឧសភា​កន្លង​ទៅ»។

ក្រុមទាហាន​ទាំង​នោះ​ត្រូវ​បាន​គាំទ្រ​ដោយរដ្ឋ​ប្រទេស​លោក​ខាងលិច​មួយ។ ការប៉ុនប៉ង​នេះ​ ត្រូវ​បានទប់​ស្កាត់​ដោយសារ​តែ​កងកម្លាំង​ការពារ​ជាតិនិង​កង​កម្លាំងសន្តិសុខ​ ដែល​មាន​វិជ្ជាជីវៈ​និង​ការ​ប្រុងប្រយ័ត្ន​ខ្ពស់»។

សេចក្តីថ្លែង​ការណ៍​នោះ​មិន​បាន​និយាយ​លម្អិត​ពីអ្វីដែល​បាន​កើត​មាន​ឡើង​នោះទេ។

សេចក្តីថ្លែងការណ៍​នេះ​បាន​លើកឡើង​ពី​ការចាប់ខ្លួនមួយ​ចំនួន​ ហើយ​ថា​ អ្នក​ដែលត្រូវ​បាន​ចាប់​ខ្លួន​នេះ​នឹងត្រូវទទួល​ខុសត្រូវ​ចំពោះ​មុខច្បាប់។ អត្តសញ្ញាណ​អ្នក​ដែល​ត្រូវ​បាន​ចាប់​ខ្លួន​និងទីកន្លែង​របស់​ពួក​គេ​ មិន​ត្រូវបានបង្ហាញ​ឱ្យដឹង​នោះ​ទេ។

សេចក្តី​ថ្លែងការណ៍នោះ​បាន​បន្ត​ទៀត​ថា​ ការត្រួតពិនិត្យ​ត្រូវ​បាន​គេពង្រឹង​នៅជុំវិញរដ្ឋធានី​បាម៉ាកូ និង​នៅតាម​ព្រំដែន​របស់​ប្រទេស​ម៉ាលី។

ប្រភព​យោធាមួយ​ដែល​និយាយក្នុង​លក្ខខណ្ឌ​មិន​បញ្ចេញ​ឈ្មោះ​ បាន​ឱ្យដឹង​ពី​ការ​ចាប់ខ្លួនមនុស្ស​ប្រមាណ ១០ នាក់​ហើយ​មួយ​ចំនួន​ទៀត​កំពុង​ប្រឈម​នឹង​ការចាប់​ខ្លួន។

សេចក្តី​ថ្លែងការណ៍​របស់​រដ្ឋាភិបាល​ម៉ាលី​បាន​បញ្ជាក់​ថា ខ្លួន​បាន​ប្រើ​គ្រប់​មធ្យោបាយចាំបាច់​នានា​ ដើម្បីធ្វើការ​ស៊ើបអង្កេត​និង​រក​អ្នក​រួម​គំនិត​នៅក្នុង​រឿង​នេះ។

គ្មាន​សញ្ញា​ណា​មួយ​នៃ​ការប៉ុនប៉ង​ធ្វើ​រដ្ឋប្រហារ​ត្រូវ​បាន​ផ្សព្វផ្សាយថា​កើត​មាន​ឡើង​កាល​ពី​សប្តាហ៍​មុននោះ​ឡើយ ​រហូតដល់យប់​ថ្ងៃ​ចន្ទ​ ទើប​គេ​បាន​ដឹង​ពី​រឿង​នេះ។

ប្រទេស​ម៉ាលី​បាន​ធ្វើ​រដ្ឋប្រហារចំនួន ២ ដង​រួច​មក​ហើយ​ ចាប់​តាំង​ពី​ខែ​សីហា ឆ្នាំ ២០២០ មក​ នៅ​ពេល​ដែលក្រុមយោធា​របស់​ប្រទេស​នេះ​បាន​ទម្លាក់​ប្រធានាធិបតីលោក Ibrahim Boubacar Keita៕