មេដឹកនាំ​ម៉ាឡេស៊ី​ទៅប៉ាគីស្ថាន​ដើម្បី​ចុះហត្ថលេខា​លើ​កិច្ច​ព្រម​ព្រៀង​វិនិយោគទុន

នាយករដ្ឋមន្រ្តី​ម៉ាឡេស៊ី Mahathir Mohamad និង​នាយករដ្ឋ​មន្រ្តីប៉ាគីស្ថាន Imran Khan ត្រូវ​បាន​ថតរូប​ជាមួយ​គ្នា​នៅ​អាកាសយានដ្ឋាន​ក្នុង​ទីក្រុង​ Islamabad កាលពី​ថ្ងៃទី​២១ ខែមីនា ឆ្នាំ២០១៩។

នាយក​រដ្ឋ​មន្រ្តី​នៃ​ប្រទេស​ម៉ាឡេស៊ី​លោក Mahathir Mohamad បាន​អញ្ជើញ​ទៅ​ដល់​ប្រទេស​ប៉ាគីស្ថាន​កាល​ពី​ថ្ងៃ​ព្រហស្បតិ៍​ដើម្បី​បំពេញ​ទស្សនកិច្ច​រយៈ​ពេល​៣​ថ្ងៃ​ដែល​នៅ​ទី​នោះគណៈប្រតិភូ​ជាន់​ខ្ពស់​របស់​លោក​ត្រូវគេ​រំពឹង​នឹង​ធ្វើ​កិច្ច​ព្រម​ព្រៀង​វិនិយោគ ទុន​ផ្តាច់​ព្រាត់​ដែល​មាន​តម្លៃ​ជិត៩រយលាន​ដុល្លារ។ ​នេះ​តាម​ការ​បញ្ជាក់​របស់​ពួក​មន្រ្តី។

ក្រសួងការ​បរទេស បាន​ប្រកាស​ថា មេដឹកនាំ​ម៉ាឡេស៊ី​រូបនេះ ក៏នឹងធ្វើ​ជា​ភ្ញៀវ​នៅឯ​ព្យុហយាត្រា​ទិវា​កងទ័ព​ប៉ាគី​ស្ថាន​នៅ​ថ្ងៃ​ទី២៣ ​ខែមីនាដែរ។

ទីប្រឹក្សា​ផ្នែក​ពាណិជ្ជកម្ម​របស់​នាយករដ្ឋ​មន្រ្តី​ប៉ាគីស្ថាន​លោក Imran Khan បាន​ប្រាប់អ្នកយកព័ត៌មាន​ថា មេដឹកនាំ​ពាណិជ្ជកម្ម​ដែល​អម​ដំណើរ​លោក​នា​យករដ្ឋ​មន្រ្តី​ម៉ាឡេស៊ី ​នឹង​ចុះហត្ថលេខា​លើ​អនុសារណៈ​យោគយល់​គ្នា​ចំនួន​៣​នៅ​ថ្ងៃសុក្រ​នេះ ​ដែល​មាន​តម្លៃ​៩រយលាន​ដុល្លារនៅ​ក្នុង​ផ្នែក​បច្ចេកវិទ្យា​ព័ត៌មាន​និង​ទូរគមនាគមន៍។

លោក Razak Dawoodទីប្រឹក្សា​នាយករដ្ឋ​មន្រ្តី​ប៉ាគីស្ថាន បាន​និយាយ​ថា ​កិច្ច​ព្រម​ព្រៀងជាមួយ​ម៉ាឡេស៊ី ក៏​នឹង​ផ្តល់​ឲ្យ​ប៉ាគីស្ថាន​នូវការ​បើក​ចំហរថ្មី​ឆ្ពោះ​ទៅ​កាន់​សមា ជិក​ភាព​នៅ​ក្នុង​សមាគម​ប្រជា​ជាតិ​អាស៊ី​អាគ្នេយ៍ ឬ​អាស៊ាន។

លោក​បាន​និយាយ​ទៀត​ថា ​ពាណិជ្ជករ​ម៉ាឡេស៊ី ​ក៏​បាន​ប្រាប់​ឲ្យ​ដឹ​ងដែរ​ថា ​ពួកគេ​ចង់​វិនិយោគ​នៅ​ក្នុង​វិស័យ​ផ្សេង​ៗ​ទៀត ​រួមមាន​ថាមពល​និង​ឧស្សាហកម្ម​វាយនភណ្ឌ​ ដើម្បី​ជួយ​ប៉ាគីស្ថាន​ធ្វើ​ឲ្យ​ប្រសើរ​ឡើង​នូវការ​នាំ​ចេញ​របស់​ខ្លួន។

មន្រ្តី​និយាយ​ទៀត​ថា ក្រុមហ៊ុន​ផលិតរថយន្ត​ម៉ាក​ប្រូតុង​របស់​ម៉ាឡេស៊ី ​បាន​ចុះ​ហត្ថលេខា​លើ​កិច្ច​ព្រម​ព្រៀង​កាល​ពី​ចុងឆ្នាំ​ទៅ ​ជាមួយ​ដៃគូ​ប៉ាគីស្ថាន​ដើម្បី​បង្កើត​រោងចក្រ​ដំឡើង​រថយន្ត​នៅ​ក្នុង​ទីក្រុង​ការ៉ាជី ​ភាគ​ខាង​ជើង​ប្រទេសដែលនឹង​ក្លាយជា​រោងចក្រ​លើក​ដំបូង​នៅ​ក្នុង​តំបន់​អាស៊ី​ខាង​ត្បូង៕